លោក Conor ជុំវិញស្ថានភាពកូនក្រុមហ្វឹកហាត់តាមផ្ទះ អំឡុងវិបត្តិកូវីដ-១៩

មាស សុផាណារ៉ុង April 23, 2021


 

ភ្នំពេញ៖ លោក Conor Nestor គ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀង បានបង្ហើបឲ្យដឹងពីស្ថានភាពកូនក្រុមហ្វឹកហាត់តាមផ្ទះ បន្ទាប់ពីត្រូវបានផ្អាក អស់រយៈពេលប្រមាណ ២សប្ដាហ៍មកហើយដើម្បីបង្ការការរាតត្បាតជំងឺកូវីដ-១៩ ដែលកំពុងក្លាយជារឿងព្រួយបារម្ភនៅជុំវិញពិភពលោក រួមទាំងកម្ពុជា ផងដែរ។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ សារព័ត៌មាន camsports.org ជុំវិញក្ដីរំពឹងថាលីគនឹងត្រលប់មកវិញឆាប់ៗនេះ លោក Conor Nestor គ្រូបង្វឹកនៃក្លិបព្រះខ័នរាជស្វាយរៀង បានបង្ហើបថា៖ «ពួកគេគ្រាន់តែធ្វើលំហាត់ប្រាណនៅតាមផ្ទះ ដោយប្រើទាក់ទងជាវីដេអូជាមួយគ្រូបង្វឹកសម្បទារបស់យើង។ អ្វីដែលយើងអាចធ្វើបាន គឺរង់ចាំអ្វីៗប្រសើរឡើងសម្រាប់ប្រទេសទាំងមូល ហើយបន្ទាប់មកយើងនឹងធ្វើឱ្យអស់ពីសមត្ថភាពដើម្បីផ្តល់ឱ្យមនុស្សនូវអ្វីមួយដែលអស្ចារ្យដើម្បីបន្តការលើកទឹកចិត្ត។»

«ប្រាកដណាស់ទាំងកីឡាករបាល់ទាត់ និងគ្រូបង្វឹកគ្រាន់តែចង់លេងបាល់ទាត់ដែលជាការងាររបស់យើង។ ប៉ុន្តែមានរឿងខ្លះសំខាន់ជាងបាល់ទាត់ទៅទៀត ហើយយើងត្រូវតែបំពេញតួនាទីរបស់យើងដើម្បីការពារសុខភាព និងសុវត្ថិភាពសហគមន៍ដែលយើងរស់នៅ។» លោក Conor បានបន្ត។

គួរបញ្ជាក់ថា មកទល់ពេលនេះ លីគកំពូលកម្ពុជា ឆ្នាំ២០២១ បានផ្អាកការប្រកួតជាង ២សប្ដាហ៍មកហើយ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ យ៉ាងណាមិញ ចំពោះការត្រឡប់មកវិញ នៃលីគកំពូលកម្ពុជា នឹងបន្ដការប្រកួតវិញពេលណា នៅមិនទាន់កំណត់កាលបរិច្ឆេទថ្មីនោះទេ ស្របពេលបច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងបិទខ្ទប់តំបន់នានាក្នុងរាជធានីភ្នំពេញ៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់