AFC Cup ប្រែប្រួលបន្ត វិសាខា អាចប្រកួតជម្រុះតែ ១លើកហើយឡើងទៅវគ្គចែកពូល តែម្ដង

មាស សុផាណារ៉ុង April 21, 2021


 

អាស៊ី៖ ក្លិបបាល់ទាត់វិសាខា ដែលតំណាងកម្ពុជា ចូលរួមប្រកួតក្នុងពានរង្វាន់ AFC Cup វគ្គជម្រុះ ជាមួយ ក្លិបរបស់ទីម័រ អាចប្រកួតតែ ១លើកហើយឡើងទៅវគ្គចែកពូល តែម្ដង នេះបើយោងតាមការចេញផ្សាយសារព័ត៌មានឥណ្ឌូនេស៊ី នៅថ្ងៃនេះ។

សារព័ត៌មានដដែលចេញផ្សាយដោយសំអាងថា ក្លិប ២នៅមីយ៉ាន់ម៉ា រួមមាន Shan United និង Ayeywady United ពុំអាចចូលរួមប្រកួតពានរង្វាន់នេះបានឡើយដោយសារបញ្ហានយោបាយក្នុងប្រទេសរបស់គេ ហើយក្រុមរបស់ឥណ្ឌូនេស៊ី Persipura Jayapura ដែលអង្គុយចាំក្នុងវគ្គជម្រុះជុំចុងក្រោយ រង់ចាំការឈ្នះរវាង វិសាខា ជាមួយក្រុមរបស់ទីម័រខាងកើត Lalenok United នោះគឺត្រូវចូលទៅជំនួស ក្រុមរបស់មីយ៉ាន់ម៉ា Shan United នៅក្នុងពូល I។

ប្រការនេះបានសេចក្ដីថា ការប្រកួតរវាង វិសាខា ជាមួយ Lalenok United គឺអាចនឹងក្លាយជាការប្រកួតដើម្បីដណ្ដើមកៅអីទៅចូឡពូល H ដែលមាន Kedah Darul Aman (ម៉ាឡេស៊ី), Lion City Sailors (សិង្ហបុរី) និង Saigon (វៀតណាម) អង្គុយរង់ចាំរួចជាស្រេច។

Ayeywady United ដែលអង្គុយចាំក្នុងវគ្គជម្រុះជុំចុងក្រោយ ផងដែរនោះ គឺនឹងត្រូវតម្រូវក្រុមឈ្នះរវាង Chanthabouly អតីត Lao Toyota របស់ឡាវ ជាមួយ Kasuka របស់ព្រុយណេ ឡើងទៅពូល G ដែលមាន បឹងកេត, Hanoi (វៀតណាម), និង Bali United (ឥណ្ឌូនេស៊ី)។

យ៉ាងណាមិញ ទាំងនេះមិនទាន់ផ្លូវការនៅឡើយទេ ដោយត្រូវរង់ចាំការប្រកាសដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ជាមុនសិន ប៉ុន្តែគេរាយការណ៍ថាអាចនឹងប្រកាសឆាប់ៗនេះផងដែរ។

សូមរំឭកជាថ្មីថា វិសាខា និងរួមគ្នាជាមួយ បឹងកេត ដើម្បីតំណាងឲ្យក្រុមមកពីកម្ពុជា ទៅចូលរួមប្រកួតពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី (AFC Cup) ឆ្នាំ២០២១ ដោយ វិសាខា (ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន) ត្រូវប្រកួតជម្រុះ ២វគ្គផ្សេងគ្នាជាមុនសិន ដើម្បីរកជ័យជម្នះឡើងទៅវគ្គចែកពូល ខណៈបឹងកេត (ជើងឯកលីគកំពូលកម្ពុជា) នឹងបានកៅអីទៅវគ្គចែកពូលដោយផ្ទាល់ និងមិនចាំបាច់ប្រកួតជម្រុះឡើយ៕

 

រូបភាព៖ ក្លិបវិសាខា – Visakha FC – Pride Of Cambodia

មតិយោបល់