គ្រូបរទេសមកពីទ្វីបអ៊ឺរ៉ុបទាំង៥ នៃលីគកំពូលកម្ពុជា ជុំវិញការបង្កើតពាន European Super League

មាស សុផាណារ៉ុង April 21, 2021


 

ភ្នំពេញ៖ នាប៉ុន្មានថ្ងៃចុងក្រោយ ក្លឹបបាល់ទាត់ធំៗចំនួន ១២នៅទ្វីបអឺរ៉ុបបានប្រកាសពីការចូលរួមរបស់ពួកគេនៅក្នុងកម្មវិធីថ្មីមួយដែលមានឈ្មោះថា The European Super League ខណៈព្រឹត្តិការណ៍នេះបានធ្វើឲ្យកក្រើកពិភពបាល់ទាត់ ដែលវាអាចនាំមកនូវការផ្លាស់ប្តូរដ៏ធំ ឬអាចជាការបែកបាក់ដ៏អាក្រក់សម្រាប់វិស័យបាល់ទាត់នៅអឺរ៉ុប។

យ៉ាងណាមិញ នៅលីគកំពូលកម្ពុជា គ្រូបង្វឹកបរទេសមកពីទ្វីបអ៊ឺរ៉ុបទាំង៥ រួមមាន គ្រូអង្គរថាយហ្គឺរ លោក Oriol Mohedano (អេស៉្បាញ), គ្រូភ្នំពេញក្រោន លោក Oleg Starynskyi (អ៊ុយក្រែន), គ្រូព្រះខ័នរាជស្វាយរៀង លោក Conor Nestor (អៀរឡង់), គ្រូសូលទីឡូអង្គរ លោក Darren Pomroy (អង់គ្លេស) និងគ្រូវិសាខា លោក Colum Curtis (អៀរឡង់ខាងជើង) ក៏បានសម្ដែងយោបល់ផងដែរជុំវិញពានរង្វាន់ដដែលខាងលើនេះ ក្នុងនាមជាប្រជាជនមកពីទ្វីបដែលខ្លាំងលើវិស័យបាល់ទាត់មួយនេះ​ ដោយសុទ្ធសឹងតែមិនពេញចិត្តចំពោះការបង្កើតឲ្យមានពានរង្វាន់នេះ។

គ្រូអង្គរថាយហ្គឺរ លោក Oriol Mohedano៖

លោក Oriol Mohedano បាននិយាយដូច្នេះថា៖ ជាទូទៅចម្លើយរបស់ខ្ញុំគឺមិនយល់ព្រម ១០០% ទេ ពីព្រោះត្រូវការជ្រើសរើសរវាងម៉ូដែលចាស់ និងម៉ូដែលថ្មី។ ហើយនេះខ្ញុំមិនចូលចិត្តទេពីព្រោះទ្រង់ទ្រាយបច្ចុប្បន្នខ្ញុំចូលចិត្ត។

តាមគំនិតរបស់ខ្ញុំ នេះជាអ្វីមួយដែលមិនផ្តល់ផលប្រយោជន៍ដល់ការប្រកួតបាល់ទាត់ និងអ្នកចូលចិត្តបាល់ទាត់ឡើយ។ ហេតុអ្វី? ជាក់ស្តែងក្រុមទាំង១២ ដែលមានឈ្មោះក្នុង Super League នេះពួកគេពិតជាខ្លាំង និងមានអំណាចខ្លាំងណាស់ ប៉ុន្តែពួកគេក៏លេងនៅលីគរៀងៗខ្លួនដែលមានលក្ខណៈរឹងមាំ និងមានប្រវត្តិសាស្រ្តបង្កើតឡើងដោយមានការខំប្រឹងច្រើនផងដែរ។

វាគ្មានន័យទេដែលមានទម្រង់បាល់ទាត់ខ្ពស់ជាងលីកអ៊ឺរ៉ុបនោះ … វាហាក់ដូចជាផ្តាច់មុខពេកហើយ ជាក់ស្តែងគឺជាវិធីមួយដែលបានបង្កើតជម្លោះហើយ “សង្គ្រាមបាល់ទាត់”។

គ្រូភ្នំពេញក្រោន លោក Oleg Starynskyi៖

ដោយឡែក លោក Oleg Starynskyi មិនបង្ហាញយោបល់ច្រើនឡើយ លោកបានបញ្ជាក់ថា នេះគឺជាប្រធានបទក្ដៅណាស់ ប៉ុន្តែខ្ញុំមិនដឹងអ្វីអំពីវាទេ។ ខ្ញុំគឺជាអ្នកមើលដូចគ្នា ដូចអ្នករាល់គ្នាដែរ។ ខ្ញុំគ្រាន់តែសង្ឃឹមថារឿងនេះវានឹងមិនកើតឡើងឡើយ។

គ្រូព្រះខ័នរាជស្វាយរៀង លោក Conor Nestor (អៀរឡង់)

ចំពោះ លោក Conor Nestor ក៏មិនសម្ដែងការគាំទ្រដូចគ្នា លោកបាននិយាយដូច្នេះថា៖

គំនិតរបស់ខ្ញុំគឺថាបាល់ទាត់គឺសម្រាប់អ្នកគាំទ្រ។ ហើយការប្រកួតប្រជែងនេះធ្វើឱ្យអ្នកគាំទ្រព្រងើយកន្តើយ។ បាល់ទាត់ក៏មានគោលបំណងដើម្បីបង្រៀនយុវជនអំពីគុណតម្លៃផងដែរ។ ប្រសិនបើអ្នកខិតខំអ្នកអាចទទួលបានជោគជ័យប៉ុន្តែការប្រកួតប្រជែងនេះមិនមែននិយាយគុណតម្លៃ គឺនិយាយអំពីប្រាក់។ ខ្ញុំប្រឆាំងនឹងវាទាំងស្រុង។

គ្រូសូលទីឡូអង្គរ លោក Darren Pomroy

សម្រាប់​លោក Darren Pomroy វិញបានបញ្ចេញយោបល់ដូច្នេះថា​ គំនិតនេះគឺជាគំនិតមួយដ៏ល្អ តែវាមានផលប៉ះពាល់ខ្លាំងណាស់។ ធ្វើតាមវិធីនេះ ខ្ញុំប្រឆាំងនឹងវាទាំងស្រុង។
ទោះយ៉ាងណា ខ្ញុំពិតជាជឿជាក់ថា Super League គឺជាផ្លូវមួយដែលមានដំណើរឆ្ពោះទៅមុខដ៏ប្រសើរ ប្រសិនបើវាត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ។

យើងជជែកអំពីទំនៀមទម្លាប់ ប៉ុន្តែនៅគ្រប់ផ្នែកទាំងអស់នៃតម្លៃប្រពៃណីក្នុងសង្គមបានបញ្ឈប់ការអភិវឌ្ឍន៍ និងវឌ្ឍនភាព។ បាល់ទាត់ជាឧស្សាហកម្ម ដូច្នេះវាមិនអាចធ្វើបានដូចគ្នាឡើយ។

គ្រូវិសាខា លោក Colum Curtis

គ្រូបង្វឹកចុងក្រោយ លោក Colum Curtis ក៏សម្ដែងការប្រឆាំងដូចគ្នា ដោយលោកបានសរសេរថា៖ «Super League នេះពិតជាមិនសមហេតុសមផលទេ។ បាល់ទាត់គឺជាល្បែងសំរាប់ប្រជាជន !!! វានឹងមិនកើតឡើងទេ។ តើគ្រូបង្វឹកណាដែលនឹងចង់បង្វឹកក្រុមនៅក្នុងរឿងនេះ ហើយតើកីឡាករណាដែលនឹងចង់លេង? តើមានអ្នកគាំទ្រស្មោះស្ម័គ្រណាក្នុងចំណោមក្លិបទាំង១២ នេះដែលនឹងត្រូវបង់ថ្លៃសំបុត្រដើម្បីទស្សនាពួកគេ?

យ៉ាងណាមិញ មកទល់ពេលនេះ ពានរង្វាន់នេះទំនងជាមិនអាចលេចចេញជារូបរាងឡើយ ដ្បិតបច្ចុប្បន្នក្រុមទាំង​៦ នៃលីគកំពូលអង់គ្លេស រួមមាន Manchester United, Manchester City, Arsenal, Liverpool, Chelsea និង Spur បានដកខ្លួនពីពាននេះអស់រួចទៅហើយ។

គេក៏នៅចាំមើល ៣ក្លិបទៀតមកពី Serie A របស់អុីតាលី ដូចជា Inter, Milan, Juventus ក៏ដូចជាសមាសភាព ៣ទៀតគឺ Atletico Madrid, Barcelona និង Real Madrid​ ត្រៀមប្រកាសដកខ្លួនផងដែរ៕

មតិយោបល់