ស្ថាបនិក និងប្រធានក្លឹបភ្នំពេញក្រោន រួមគ្នាឧបត្ថម្ភ ១០មុឺនដុល្លារ ជូនកាកបាទក្រហមកម្ពុជា

មាស សុផាណារ៉ុង April 20, 2021


 

ភ្នំពេញ៖ ឯកឧត្តមអ្នកឧកញ៉ា កុក អាន ស្ថាបនិកក្លឹបបាល់ទាត់ភ្នំពេញក្រោន និងលោកជំទាវ សុីវ ប៊ួយ បានចូលរួមឧបត្ថម្ភថវិកាចំនួន ៥០,០០០ដុល្លារ (ប្រាំម៉ឺនដុល្លារអាមេរិក) ដល់កាកបាទក្រហមកម្ពុជាដើម្បីចូលរួមអបអរសាទរខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ទាំងអស់គ្នារួមគ្នា ជាមួយកាកបាទក្រហមកម្ពុជាប្រយុទ្ធនឹងកូវីដ១៩ និងកសាងភាពធនរបស់សង្គមជាតិ» ។

ក្នុងឱកាសនេះដែរ ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន គឺលោកឧកញ៉ា ឬទ្ធី សំណាង និងលោកជំទាវក៏បានរួមចំណែកចំនួន ៥០,០០០ដុល្លារផងដែរ មិនត្រឹមតែប៉ុណ្ណោះលោកក៏បានគៀងគរបណ្តាដៃគូអាជីវកម្មដូចជាម្ចាស់សណ្ឋាគារសុីហ៊ូ និងសណ្ឋាគារណានហាយរីហ្សត ក៏ដូចជាខណៈលោកឧកញ៉ា ស៊ូ ជុងជៀន អគ្គនាយកក្រុមហ៊ុនផាតហ្វាញឌ័រ ត្រាវែលក៏បានរួមចំណែកម្នាក់ៗចំនួន ៥០,០០០ដុល្លារ ពោលគឺសរុបបាន ១០០,០០០ដុល្លារបន្ថែមទៀត។

គួររំលឹកថា ឯកឧត្តមអ្នកឧកញ៉ា កុក អាន ក៏ទើបតែបានបរិច្ចាគថវិកាចំនួន ១លានដុល្លារជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីទិញមន្ទីរពេទ្យ «នគរទេព»​ និងប្តូរឈ្មោះមកជាមន្ទីរពេទ្យ ​«ហ្លួងម៉ែ»​ ហើយប្រែក្លាយមកជាសម្បត្តិរដ្ឋ និងបម្រើការព្យាបាលអ្នកជំងឺកូវីដ១៩។

រូបភាពកាលពីឆ្នាំ២០១៩

រូបភាពកាលពីឆ្នាំ២០១៩

សូមបញ្ជាក់ថា ក្នុងយុទ្ធនាការចូលរួមប្រយុទ្ធប្រឆាំងជាមួយនឹងការរីករាលដាលនៃវីរុសកូវីដ១៩នេះ ឯកឧត្តមឧកញ៉ា កុក អាន បានរួមចំណែកយ៉ាងសស្រាក់សស្រាំជាបន្តបន្ទាប់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាក់ស្តែងកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ កន្លងមក ឯកឧត្តមឧកញ៉ា ក៏បានបរិច្ចាគថវិកាចំនួន ១លានដុល្លារ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ បន្ថែមពីលើការបរិច្ចាគគ្រាដំបូងចំនួន ១០មុឺនដុល្លារដើម្បីប្រើប្រាស់សម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។

ទន្ទឹមនឹងនេះ លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន ក៏បានចូលរួមយ៉ាងស្វិតស្វាញជាមួយសាលារដ្ឋបាលខេត្តព្រះសីហនុ ដោយបានបរិច្ចាគលើកទី១ ចំនួន ៨០លានរៀលដើម្បីរួមចំណែកក្នុងយុទ្ធនាការប្រយុទ្ធការរីករាលដាលនៃវីរុសកូវីដ-១៩ ​និងបានបន្ថែមថវិកាចំនួន ១០មុឺនដុល្លារអាម៉េរិកទៀត ដើម្បីជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រើប្រាស់សម្រាប់ទិញវ៉ាក់សាំងកូវីដ-១៩ ។

សកម្មភាពទាំងនេះ គឺជាផ្នែកមួយនៃបេសកកម្មមនុស្សធម៌ផ្សារភ្ជាប់វិស័យកីឡា ដោយថ្នាក់ដឹកនាំក្លឹបបាល់ទាត់ភ្នំពេញក្រោន តែងចូលរួមយ៉ាងសកម្មជាក់ស្តែងក្រៅពីការបណ្តុះបណ្តាលថ្នាលយុវជន ក្រុមបាល់ទាត់នារី និងក្រុមសហគមន៍ហើយនោះ នាពេលកន្លងមក ឧកញ៉ា ឬទ្ធី សំណាង ជាប្រធានក្លឹបគៀងគរបានថវិកាសរុបជាង ៣០មុឺនដុល្លារបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា និងទើបតែចូលរួមឧបត្ថម្ភ ៥០លានរៀលពីការឈ្នះចំណាត់ថ្នាក់លេខ៣ លីគកំពូលកម្ពុជារដូវកាលមុន សម្រាប់ជួយដល់ជនរងគ្រោះដោយទឹកជំនន់ជាង ៨ពាន់គ្រួសារនៅខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ ជាមួយនឹងមូលនិធិដែលទទួលបានពីការប្រកួតបាល់ទាត់មិត្តភាពនៅកីឡដ្ឋាន Smart RSN កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងមកផងដែរ៕

មតិយោបល់