ប្រកួតជម្រុះ AFC Cup របស់វិសាខា ជាមួយក្លិបរបស់ទីម័រ ត្រូវបានលើកទៅខែក្រោយ

មាស សុផាណារ៉ុង April 20, 2021


 

អាស៊ី៖ ក្លិបបាល់ទាត់វិសាខា ដែលនឹងតំណាងកម្ពុជា ចូលរួមប្រកួតក្នុងពានរង្វាន់ AFC Cup វគ្គជម្រុះ ជាមួយ ក្លិបរបស់ទីម័រ ត្រូវបានលើកទៅប្រកួតនៅខែក្រោយទៀតហើយ នេះបើយោងតាមការកែសម្រួលនៅលើវិបសាយ The-afc.com។

វិសាខា ដែលជាម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ ត្រូវប្រកួតជម្រុះ ២វគ្គផ្សេងគ្នាជាមុនសិន ដើម្បីរកជ័យជម្នះឡើងទៅវគ្គចែកពូល ពោលគឺថ្ងៃទី២៨ ខាងមុខនេះ គេត្រូវជួបជាមួយក្រុមរបស់ ទីម័រខាងកើត គឺក្លិប Lalenok United ក្នុងវគ្គជម្រុះបឋម – ជុំទី២ (Preliminary stage – Round 2) នៅលើទឹកដីកណ្ដាល ប៉ុន្តែពេលនេះ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី សម្រេចលើកទៅប្រកួតនៅថ្ងៃទី១៩​ ខែឧសភា វិញ ខណៈទីតាំងក៏មិនទាន់កំណត់ដូចគ្នា។

សូមបញ្ជាក់ជាថ្មីថា ប្រសិនបើវិសាខា ឈ្នះនឹងត្រូវឡើងទៅជួបក្រុមរបស់ឥណ្ឌូនេស៊ីមួយទៀត គឺក្លិប Persipura Jayapura ក្នុងវគ្គជម្រុះជុំចុងក្រោយ (Play-off stage) ដើម្បីសម្រេចក្រុមឡើងទៅវគ្គចែកពូល ដែលអាចនឹងកែប្រែកម្មវិធីប្រកួតផងដែរ តែមិនទាន់កំណត់នៅឡើយ។

សូមរំឭកជាថ្មីថា វិសាខា និងរួមគ្នាជាមួយ បឹងកេត ដើម្បីតំណាងឲ្យក្រុមមកពីកម្ពុជា ទៅចូលរួមប្រកួតពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី (AFC Cup) ឆ្នាំ២០២១ ដោយ វិសាខា (ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន) ត្រូវប្រកួតជម្រុះ ២វគ្គផ្សេងគ្នាជាមុនសិន ដើម្បីរកជ័យជម្នះឡើងទៅវគ្គចែកពូល ខណៈបឹងកេត (ជើងឯកលីគកំពូលកម្ពុជា) នឹងបានកៅអីទៅវគ្គចែកពូលដោយផ្ទាល់ និងមិនចាំបាច់ប្រកួតជម្រុះឡើយ៕

 

រូបភាព៖ ក្លិបវិសាខា – Visakha FC – Pride Of Cambodia

មតិយោបល់