ល្ហេចល្ហៀងមកថា លីគលំដាប់ទី២ កម្ពុជា គ្រោងដំណើរប្រកួតនៅខែឧសភា ខាងមុខនេះ

មាស សុផាណារ៉ុង April 9, 2021


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់ជម្រើសជើងឯកជាតិ លីគទី២ ឬ ‘លីគលំដាប់ទី២ កម្ពុជា’ (Cambodian Second League) មានការលេចឭល្ហេចល្ហៀងមកថា អាចនឹងចាប់ផ្ដើមប្រកួតរដូវកាលថ្មី នៅអំឡុងខែឧសភា ឬមិថុនា ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើយោងតាមប្រភពក្រៅផ្លូវការមួយបានបង្ហើបឲ្យដឹង។

ប្រភពដដែលខាងលើបានឲ្យដឹងទៀតថា ការសម្រេចយកខែឧសភា ឬខែមិថុនា នេះ គឺដោយសារចំពេលទៅនឹងការប្រកួតពានរង្វាន់សម្តេចតេជោ វគ្គថ្នាក់ខេត្ត ត្រូវបានបញ្ចប់ការប្រកួតទាំងស្រុងក្នុងអំឡុងខែនោះ ហើយក៏ដើម្បីឲ្យអាចបញ្ចប់តំណាលគ្នាទៅនឹងលីគកំពូលកម្ពុជា ផងដែរ។

យ៉ាងណាមិញ អ្វីៗអាចនឹងប្រែប្រួលប្រសិនបើយោងលើស្ថានភាពបច្ចុប្បន្ន ដែលជំងឺកូវីដ-១៩ កំពុងរាតត្បាតនៅក្នុងប្រទេសកម្ពុជា នៅតែបន្តអូសបន្លាយ។

សូមបញ្ជាក់ថា បើគ្មានអ្វីប្រែប្រួលទេ ‘លីគលំដាប់ទី២ កម្ពុជា’ អាចនឹងមាន ១០ក្រុមចូលរួមដដែល ក្រុមបាល់ទាត់កោះកុងអែហ្វស៊ី, ក្រុមបាល់ទាត់អាយអេសអាយ ដង្កោសែនជ័យ, ក្រុមបាល់ទាត់យុវជនសាលាបាល់ទាត់ជាតិបាទី (ធ្លាក់មកពីលីគកំពូលកម្ពុជា), ក្រុមបាល់ទាត់សៀមរាបអែហ្វស៊ី, ក្រុមបាល់ទាត់ឬទ្ធីសែន, ក្រុមបាល់ទាត់ខេត្តស្វាយរៀង, ក្រុមបាល់ទាត់ខេត្តកំពង់ស្ពឺ, ក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ, ក្រុមយុវជនអាយុក្រោម ២១ឆ្នាំរបស់ក្លិបភ្នំពេញក្រោន និង យុវជនកងយោធពលខេមរភូមិន្ទ អាយុក្រោម ២១ឆ្នាំ។

យ៉ាងណាមិញ ក្រុមខាងលើអាចនឹងមិនចូលរួម ឬមានក្រុមផ្សេងទៀតដាក់ពាក្យចូលរួមប្រកួតវិញ ដូច្នេះចំនួនក្រុមអាចអាស្រ័យលើស្ថានភាពនៅពេលបន្ទាប់។

គួររំឭកថា លីគលំដាប់ទី២ កម្ពុជា បានចាប់ផ្ដើមជាលើកដំបូងកាលពីឆ្នាំ២០១៦ ដោយកាលនោះមាន ៩ក្រុមចូលរួមប្រកួត ជើងឯកគឺបានទៅក្លិបគីរីវង់សុខសែនជ័យ ខណៈនៅរដូវកាលទី២ ឆ្នាំ២០១៧ មាន ៧ក្រុមចូលរួមប្រកួត និងជើងឯកគឺបានទៅក្លិបវិសាខា ដោយឡែកនៅរដូវកាល២០១៨, ២០១៩​ ខកខានមិនអាចរៀបចំដំណើរការទៅបាន ទើបតែនៅឆ្នាំ២០២០ កន្លងទៅដំណើរការឡើងវិញ មានក្រុមចំនួន ១០ចូលរួម ហើយជើងឯកគឺបានទៅ ក្លិបបាល់ទាត់ខេត្តព្រៃវែង ដែលបច្ចុប្បន្នកំពុងលេងនៅលីគកំពូលកម្ពុជា៕

 

អត្ថបទ៖ ណារ៉ុង

មតិយោបល់