កម្ពុជា អាចមានតម្រុយប្រកួតមិត្តភាពអន្តរជាតិលើកីឡដ្ឋានថ្មី នៅអំឡុងខែឧសភា ខាងមុខ?

មាស សុផាណារ៉ុង April 9, 2021


 

ភ្នំពេញ៖ គិតមកដល់ពេលនេះ ព្រឹត្តិការណ៍បាល់ទាត់កម្រិតអន្តរជាតិសម្រាប់ក្រុមជម្រើសជាតិកម្ពុជា បានខកខានប្រកួតច្រើនជាង ១ឆ្នាំហើយ ដោយសារវិបត្តិជំងឺកូវីដ-១៩ ខណៈនៅឆ្នាំ២០២១ នេះផែនការប្រកួតបាល់ទាត់កម្រិតអន្តរជាតិ ត្រូវបានរៀបចំរួចជាស្រេចនៅអំឡុងខែមិថុនា ដែល កម្ពុជា ក៏នឹងត្រូវចូលរួមដូចគ្នា។

យ៉ាងណាមិញ មុននឹងឈានទៅប្រកួតផ្លូវការ ក្រុមជម្រើសជាតិស្ទើរតែទាំងអស់ភាគច្រើននឹងធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំ ដើម្បីដកស្រង់ចំនុចខ្វះខាតពេលប្រកួតផ្លូវការមកដល់ ចំពោះកម្ពុជា ក៏ដូចគ្នា ប៉ុន្តែក្នុងអំឡុងវិបត្តិកូវីដ-១៩ បែបនេះ តើការប្រកួតអាចប្រព្រឹត្តទៅបានដែរឬទេ?

ចម្លើយនៅតែមិនអាចឆ្លើយដោយប្រាកដបាន ប៉ុន្តែអាចមានករណីដែលអាចនាំអោយការប្រកួតអាចធ្វើទៅបាន និងក៏មានករណីមិនអាចធ្វើទៅបាន។

  • អាចធ្វើទៅបាន៖

-កត្តាដំបូងគេ គឺកត្តាកីឡាករ និងក្រុមគ្រូបង្វឹកបច្ចេកទេស។ គិតមកដល់បច្ចុប្បន្ននេះ កីឡាករជម្រើសជាតិកម្ពុជា ដែលមានឈ្មោះក្នុងបញ្ជីចាស់ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គ្រប់ចំនួន ២ដូសរួចហើយផងដែរ ដែលនេះអាចចាត់ទុកថាមានសុវត្ថិភាពច្រើនគួរសមពីការឆ្លងជំងឺដ៏គួរឲ្យខ្លាចនេះ។

បន្ថែមលើសពីនេះ កីឡាករដែលមានទម្រង់លេងហើយទទួលបានការពេញចិត្តពីគ្រូបង្វឹកថ្មី ក៏ត្រៀមនឹងចាក់វ៉ាក់សាំងផងដែរ ពោលគឺកីឡាករនៃក្លិបបាល់ទាត់អាជីព ក្នុងពានរង្វាន់លីគកំពូលកម្ពុជា នឹងត្រូវទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅចុងសប្ដាហ៍នេះ បន្ទាប់ពីទទួលបានវ៉ាក់សាំងពីក្រសួងសុខាភិបាល ក្រោយការស្នើសុំពីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា។

-កត្តាមួយទៀត គឺគ្រូបង្វឹក។ គ្រូបង្វឹកថ្មី លោក Ryu Hirose ត្រូវការភាពបន្សាំគ្នាជាមួយកីឡាករជម្រើសជាតិ ដើម្បីឲ្យកាន់តែយល់ចិត្ត និងស្គាល់ច្បាស់ពីកីឡាករម្នាក់ៗ ដែលអាចតម្រូវអោយមានការប្រកួតមិត្តភាពកម្ដៅសាច់ដុំ មុនការប្រកួតផ្លូវការមកដល់។

-កត្តាទីលាន បើគិតមកទល់ពេលនេះ កីឡដ្ឋានជាតិមរតកតេជោ កាន់តែជិតទៅបញ្ចប់ការសាងសង់ជាផ្លូវការហើយ ពោលគឺនឹងបញ្ចប់នៅខែឧសភាខាងមុខនេះ ហើយដែលវាក៏អាចយកមកប្រើប្រាស់លើកដំបូងផងដែរ

  • មិនអាចធ្វើទៅបាន៖

-កត្តាដែលពិបាកធ្វើទៅបានជាងគេ គឺការអញ្ជើញក្រុមជម្រើសជាតិដទៃឲ្យមកចូលរួមប្រកួត ដោយសារការគោលការណ៍នៃការធ្វើចត្តាឡីស័ក យ៉ាងហោចណាស់រយៈពេល ១៤ថ្ងៃសិន ទើបអាចធ្វើសកម្មភាពពេញលេញនៅកម្ពុជា បាន ដែលនេះអាចជាកត្តារារាំងធំបំផុត។

-កត្តាឆ្លងជំងឺកូវី-១៩ ក្នុងសហគមន៍ ព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលកំពុងអូសបន្លាយដល់បច្ចុប្បន្នគួរឲ្យព្រួយបារម្មណ៍។ គេនៅមិនអាចដឹងបានថាតើវាអាចត្រូវបានគ្រប់គ្រងដល់កម្រិតណានៅឡើយ ព្រោះបច្ចុប្បន្នការរីករាលដាលនៅតែបន្ត ហើយកាន់តែធំ និងស្មុគស្មាញលើសពីការរំពឹងទុក ដែលជាហេតុនាំឱ្យពិបាកមានការប្រកួតនៅកម្ពុជា។

-កត្តាគួបផ្សំ ពាក់ព័ន្ធនឹងពានរង្វាន់ចំពោះមុខ ពោលគឺ វគ្គជម្រុះបាល់ទាត់ពិភពលោក ប្រចាំទ្វីបអាស៊ី (2022 FIFA World Cup qualification – AFC Second Round) ប្រចាំពូល C កម្ពុជា បានអស់ឱកាសរួចទៅហើយ ហើយបើនិយាយពីគូប្រកួតដែលនៅសេសសល់ គឺត្រូវប៉ះជាមួយក្រុមសុទ្ធតែខ្លាំងៗ គ្រាដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា អ្នកចាត់ការ និងគ្រូបង្វឹកជម្រើសជាតិកម្ពុជា អាចនឹងសម្រេចយកការប្រកួតផ្លូវការធ្វើជាការសាកល្បងក៏ថាបាន ដ្បិតកម្ពុជា បានអស់ឱកាសឡើងជុំបន្តរួចទៅហើយ។

សូមបញ្ជាក់ថា នេះគ្រាន់តែជាករយល់ឃើញរបស់សារព័ត៌មាន camsports.org ប៉ុណ្ណោះ យ៉ាងណាមិញ ការសម្រេចចិត្តគឺនៅលើសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហើយវាអាស្រ័យលើស្ថានភាពជាក់ស្ដែងនៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ផងដែរ៕

 

រូបភាព៖ Cambodia SEA GAMES 2023

មតិយោបល់