គូប្រកួតរបស់វិសាខា ក្លិប Lalenok United មានប្រវត្តិជាក្រុមជោគជ័យថ្មីថ្មោងនៅទីម័រខាងកើត

មាស សុផាណារ៉ុង April 8, 2021


 

ទីម័រខាងកើត៖ នៅសល់ ២០ថ្ងៃទៀត ព្រឹត្តិការណ៍បាល់ទាត់កម្រិតអន្តរជាតិលើកដំបូងសម្រាប់ក្រុមរបស់កម្ពុជានឹងមកដល់ ពោលគឺការប្រកួតកម្រិតក្លិបបាល់ទាត់ប្រចាំទ្វីបអាស៊ី AFC ក្នុងពានរង្វាន់ AFC Cup វគ្គជម្រុះ។

ក្លិបវិសាខា ដែលនឹងតំណាងកម្ពុជា ចូលរួមប្រកួតក្នុងពានរង្វាន់ដដែលនេះ នាមជាម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ ត្រូវប្រកួតជម្រុះ ២វគ្គផ្សេងគ្នាជាមុនសិន ដើម្បីរកជ័យជម្នះឡើងទៅវគ្គចែកពូល ពោលគឺថ្ងៃទី២៨ ខាងមុខនេះ គេត្រូវជួបជាមួយក្រុមរបស់ ទីម័រខាងកើត គឺក្លិប Lalenok United ក្នុងវគ្គជម្រុះបឋម – ជុំទី២ (Preliminary stage – Round 2) នៅលើទឹកដីកណ្ដាល ដែលលេចឭមកថាអាចនឹងធ្វើឡើងនៅប្រទេសសិង្ហបុរី។

យ៉ាងណាមុនការប្រកួតមកដល់ គូប្រកួតរបស់វិសាខា ក្រុមរបស់ ទីម័រខាងកើត គឺក្លិប Lalenok United មួយនេះ មានប្រវត្តិជោគជ័យជាងគេនៅទីម័រខាងកើត ពោលគឺធ្លាប់ឈ្នះពាន​៣ក្នុងរដូវកាលតែ១។

ក្លិប Lalenok United ត្រូវបានដឹងថាបង្កើតឡើងនៅឆ្នាំ២០១៦ មានមូលដ្ឋានក្នុងទីក្រុង Dila អ្វីដែលគួរឲ្យចាប់អារម្មណ៍ក្លិបនេះទើបតែបង្កើត ប៉ុន្តែបានសាងភាពជោគជ័យពិសេសជាងគេក្នុងប្រទេស ត្បិតបានឡើងមកលីគកំពូលទីម័រ នៅឆ្នាំ២០១៩ ហើយបានឈ្នះជើងឯកលីគក្នុងឆ្នាំនោះផ្ទាល់តែម្ដង។ ប៉ុន្តែអ្វីដែលមិនទាន់គ្រប់គ្រាន់ ឆ្នាំជាមួយគ្នានោះ គេឈ្នះពានរង្វាន់ ២ផ្សេងទៀតដែលសុទ្ធសឹងជាពានរង្វាន់ផ្លូវការប្រចាំប្រទេស រួមមាន ពានខាប់ Taça 12 de Novembro និងពានបករដូវកាល LFA Super Taça។

នៅឆ្នាំ២០២០ គ្រាដែលជំងឺកូវីដ-១៩ រីករាលដាលជាសាលកលីគបាល់ទាត់នសប្រទេសនេះត្រូវបានលុបចោល ប៉ុន្តែសហព័ន្ធកីឡាបាល់ទាត់តិម៧រខាងកើត បានសម្រេចបង្កើតជាពានដែលមានលក្ខណៈដូចខាប់ ដើម្បីរកជើងឯកជំនួសលីគ ត្រៀមចូលរួម AFC Cup 2021 ជាលទ្ធផលក្នុងចំណោម ២០ក្រុម ជើងឯកគឺបានទៅលើ Lalenok United ដោយប្រកួតមិនដែលចាញ់សូម្បី ១ប្រកួត តាំងពីវគ្គជម្រុះក្នុងពូល និងវគ្គចាញ់ធ្លាក់។

នៅលើឆាកអន្តរជាតិ Lalenok United ក៏ជាក្រុមទីម័រខាងកើត ដំបូងគេផងដែរ ដែលបង្ហាញខ្លួនក្នុងពានរង្វាន់ AFC Cup កាលពីឆ្នាំ២០១៩ ប៉ុន្តែនៅវគ្គជម្រុះជុំទី២ បានរងបរាជ័យយ៉ាងចាស់ដៃក្រោមស្នាដៃក្រុមឥណ្ឌូនេស៊ី PSM Makassar លទ្ធផល ២ជើង ២ទល់៧។

សូមរំឭកជាថ្មីថា វិសាខា និងរួមគ្នាជាមួយ បឹងកេត ដើម្បីតំណាងឲ្យក្រុមមកពីកម្ពុជា ទៅចូលរួមប្រកួតពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី (AFC Cup) ឆ្នាំ២០២១ ដោយ វិសាខា (ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន) ត្រូវប្រកួតជម្រុះ ២វគ្គផ្សេងគ្នាជាមុនសិន ដើម្បីរកជ័យជម្នះឡើងទៅវគ្គចែកពូល ខណៈបឹងកេត (ជើងឯកលីគកំពូលកម្ពុជា) នឹងបានកៅអីទៅវគ្គចែកពូលដោយផ្ទាល់ និងមិនចាំបាច់ប្រកួតជម្រុះឡើយ៕

 

រូបភាព៖ ក្លិបវិសាខា – Visakha FC – Pride Of Cambodia

មតិយោបល់