កុក បុរីស បង្ហើបថា ក្រុមរងភាពលំបាកច្រើនក្នុងរយៈពេលនៃការហ្វឹកហាត់ ១០៨លើក នាប៉ុន្មានខែចុងក្រោយនេះ

មាស សុផាណារ៉ុង April 7, 2021


 

ភ្នំពេញ៖ ខ្សែការពារកណ្ដាលរបស់ក្លិបភ្នំពេញក្រោន កីឡាករ កុក បុរីស បានបង្ហើបឲ្យដឹងថានាប៉ុន្មានខែចុងក្រោយនេះ ក្រុមទាំងមូលបានទទួលរងភាពលំបាកច្រើនក្នុងរយៈពេលនៃការហ្វឹកហាត់ ១០៨លើក ប៉ុន្តែវាបានឃើញលទ្ធផលខ្លះៗហើយ។

ការលើកឡើងបែបនេះគឺបន្ទាប់ពី ភ្នំពេញក្រោន បានឈ្នះ បឹងកេត ដោយលទ្ធផល ១ទល់២ ក្នុងជំនួបសប្ដាហ៍ទី៥ ហើយក៏ជាជ័យជម្នះ ៣លើកជាប់ៗគ្នាសម្រាប់ ភ្នំពេញក្រោន នារដូវកាល២០២១ នេះ។

និយាយនៅក្រោយចប់ការប្រកួត The Cambodia Classic Match កាលពីម្សិលមិញ កីឡាករកូនកាត់ខ្មែរបារាំង រូបនេះបាននិយាយដូច្នេះថា៖ «ដូច្នេះការប្រកួតនោះ គឺជាការប្រកួតដ៏សំខាន់ណាស់ដែលនិយាយអំពីការដណ្តើមជើងឯកលីគ ដោយសារតែបឹងកេត បានចាញ់រួចទៅហើយជាមួយណាហ្គា ដែលគេខាតបង់ដល់ទៅ ៦ពិន្ទុ ក្នុងនាមជាក្រុមមួយដែលជាបេក្ខភាពប្រជែងពាន។»

«ប៉ុន្តែសំខាន់បំផុតថ្ងៃនេះ យើងបង្ហាញថាឆ្នាំនេះយើងពិតជាយកចិត្តទុកដាក់ចំពោះការខកចិត្តរបស់យើងកន្លងមក ក្នុងការនាំយកពានរង្វាន់លីគកំពូលកម្ពុជា ត្រលប់មកផ្ទះវិញជាលើកទី៧។ ឆ្លងកាត់ការហ្វឹកហាត់ចំនួន ១០៨លើក ប្រជុំវីដេអូយុទ្ធសាស្ត្រ ជាង ៥០លើក។ យើងរងទុក្ខលំបាកច្រើនក្នុងកំឡុងប៉ុន្មានខែចុងក្រោយនេះ ប៉ុន្តែយើងអាចឃើញថាការខិតខំប្រឹងប្រែងបានចេញជាផ្លែផ្កាខ្លះៗហើយ។ ជាមួយនឹងការខិតខំប្រឹងប្រែងទាំងកម្លាំង និងការប្រមូលអារម្មណ៍ យើងបានកែប្រែពីលទ្ធផលអវិជ្ជមានទៅជាលទ្ធផលមួយដែលអស្ចារ្យជាមួយក្រុមជើងឯកឆ្នាំមុន ហើយវាដូចដែលអ្វីដែលយើងបានធ្វើជាមួយវិសាខាដែរ។» បុរីស បានបន្ត។

កីឡាករវ័យ ២៩ឆ្នាំរូបនេះបានបន្តទៀតថា៖ «នេះមិនមែនជាការក្រអឺតក្រទមទេ នៅពេលខ្ញុំនិយាយជាមួយ Oleg ហើយក្រុមដ៏អស្ចារ្យនេះយើងទទួលបានជ័យជម្នះចំនួន ១៧លើក ក្នុង ១៧ប្រកួត ចាប់តាំងពីយើងចាប់ផ្តើមការប្រកួតមុនបើករដូវកាល (Pre season)។ យើងត្រូវបន្តដំណើរទៅមុខទៀត ហើយកុំមើលងាយគូប្រកួតរបស់យើង និងគោរពពួកគេ ប៉ុន្តែឆ្នាំនេះយើងចង់បង្កើតអ្វីដែលអស្ចារ្យ ហើយនេះគ្រាន់តែជាការចាប់ផ្តើមដំបូងប៉ុណ្ណោះ។ សូមអរគុណ និងអរគុណដល់អ្នកគាំទ្រទាំងអស់ដែលគាំទ្រពួកយើងនៅពីក្រោយអេក្រង់របស់អ្នក។ មិនយូរប៉ុន្មានយើងនឹងត្រូវការអ្នកនៅកីឡដ្ឋានស្មាតអរអេសអិន ហើយអបអរជាមួយគ្នា។»

គួរបញ្ជាក់ថា ចាប់តាំងពីដើមរដូវកាល ភ្នំពេញក្រោន បានឈ្នះ ៣ប្រកួតជាប់ៗគ្នា ពោលឈ្នះ សូលទីឡូអង្គរ ១ទល់៧ ឈ្នះ គីរីវង់សុខសែនជ័យ ១ទល់២ និងឈ្នះ​បឹងកេត ១ទល់២ ឈរកំពូលតារាងបណ្ដោះអាសន្ន៕

មតិយោបល់