គ្រូភ្នំពេញក្រោន សរសើរបឹងកេត ខ្លាំង គ្រូបឹងកេត សរសើរភ្នំពេញក្រោន ល្អ មុនប៉ះគ្នារសៀលនេះ

មាស សុផាណារ៉ុង April 6, 2021


 

ភ្នំពេញ៖ លីគកំពូលកំពូលកម្ពុជា នៅថ្ងៃអង្គារ៍ ទី០៦ ខែមេសា ឆ្នាំ២០២១ នេះនឹងមានការប្រកួតពិសេសផងដែរ គឺជាការជួបគ្នារវាង បឹងកេត ជាមួយ ភ្នំពេញក្រោន សម្រាប់ជំនួបសប្ដាហ៍ទី៥ ដែលខុសប្លែកពីរាល់ដងធ្វើឡើងនៅដើមសប្ដាហ៍។ យ៉ាងណាមិញនៅមុនជំនួបដែលអ្នកគាំទ្រទន្ទឹងរង់ចាំនេះ គ្រូបង្វឹករបស់ក្រុមទាំងពីរបានធ្វើការសរសើរគ្នាទៅវិញទៅមក ដោយចាត់ទុកថាជាក្រុមល្អដូចគ្នា។

លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន បានលើកឡើងដូច្នេះថា៖ «បឹងកេតជាក្រុមមួយដែលខ្លាំងនៅ MCL ព្រោះគេទើបតែទទួលបានពានរង្វាន់នេះ ប៉ុន្តែយើងក៏ស្រេកឃ្លានជាមួយនឹងជ័យជម្នះ និងពានរង្វាន់ដូចគ្នា។»

លោកបាននិយាយពីការប្រកួតថា៖ «វាគឺជាការប្រកួតដ៏ធំមួយ កីឡាករទាំងអស់បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតនេះ ពួកគេព្យាយាមប្រកួតប្រជែងគ្នាដើម្បីបានលេងក្នុងការប្រកួតនេះ។»

លោក គឹម ភក្ដី គ្រូបង្វឹកបឹងកេត បានលើកឡើងផងដែរថា៖ «យើងវិលត្រលប់មកវិញ ដោយចាប់ផ្ដើមការប្រកួតជាមួយភ្នំពេញក្រោន ដែលជាក្លិបគេហៅថាក្លិបដ៏ល្អនៅកម្ពុជា ហើយក៏ជាគូដែលបងប្អូនទស្សនិកជនរង់ចាំតាមដាន ក្នុងការប្រកួតដ៏ជក់ចិត្តខាងមុខនេះ។»

លោកបានបញ្ជាក់ថា ក្រុមរបស់លោកបានរៀបចំរួចរាល់ផងដែរ ដើម្បីរក ៣ពិន្ទុក្នុងដី បន្ទាប់ពីខកខានកាលពីប្រកួតដំបូង ដែលដាច់ខាតត្រូវតែយកចិត្តទុកដាក់ និងផ្ដោតលើជ័យជម្នះ។

សូមបញ្ជាក់ថា​ ការប្រកួតរវាង បឹងកេត ជាមួយ ភ្នំពេញក្រោន នឹងធ្វើឡើងនៅវេលាម៉ោង ៣:៣០នាទីរសៀល នាកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ ខណៈក្រៅពីគូនេះ ក៏នៅមាន ២គូផ្សេងទៀតប្រកួតម៉ោងដំណាលគ្នាផងដែរ ដូចកម្មវិធីខាងក្រោម៕

មតិយោបល់