គ្រូជម្រើសជាតិ ចាប់ផ្ដើមយុទ្ធនាការសង្កេតមើលកីឡាករមុនការកោះហៅប្រមូលផ្ដុំហ្វឹកហាត់ត្រៀមជម្រុះ World Cup

មាស សុផាណារ៉ុង April 5, 2021


 

ភ្នំពេញ៖ បន្ទាប់ពីចូលកាន់តំណែងជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា បានជាង ១សប្ដាហ៍ លោក Ryu Hirose បច្ចុប្បន្នត្រូវបានដឹងថា កំពុងចាប់ផ្ដើមយុទ្ធនាការសង្កេតកីឡាករ ដើម្បីធ្វើការកោះហៅប្រមូលផ្ដុំហ្វឹកហាត់ត្រៀមជម្រុះ World Cup។

ប្រភពដ៏ជិតស្និតបានបង្ហើបថា លោក Ryu Hirose ថ្មីៗនេះបានចុះសង្កេតមើលការហ្វឹកហាត់របស់កីឡាករតាមក្រុមមួយចំនួននៅលីគកំពូលកម្ពុជា ខណៈម្សិលមិញថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ លោកត្រូវបានរាយការណ៍ឲ្យដឹងថាបានទៅដល់កីឡដ្ឋានស្មាតអរអេសអិន របស់ក្លិបភ្នំពេញក្រោន ដើម្បីបានមើលពីការហ្វឹកហាត់ផងដែរ។

ក្រៅពីនេះ លោកនឹងបន្តទស្សនាការប្រកួតដោយផ្ទាល់ ជាពិសេសជំនួបដែលគ្រប់គ្នាទន្ទឹងរង់ចាំរវាង បឹងកេត ជាមួយ ភ្នំពេញក្រោន ក្នុងការប្រកួតសប្ដាហ៍ទី៥ នៃលីគកំពូលកម្ពុជា ថ្ងៃអង្គារ៍ ទី០៦ ខែមេសា ស្អែកនេះថែមទៀតផង ដ្បិតទាំងពីរក្រុមសុទ្ធសឹងតែសំម្បូរទៅដោយកីឡាករជម្រើសជាតិមួយចំនួនស្រាប់ និងកីឡាករល្អៗដែលកំពុងឡើងទម្រង់លេងជាដើម។

យ៉ាងណាមិញ គេមិនទាន់ដឹងថាតើគម្រោងនៃការជ្រើសរើសនឹងប្រើរយៈពេលយូរប៉ុណ្ណា និងលម្អិតយ៉ាងណានោះឡើយ ប៉ុន្តែវាជាការត្រៀមដើម្បីការប្រកួតជម្រុះជើងឯកអាស៊ី (AFC Asian Cup) និងជម្រុះបាល់ទាត់ពិភពលោក (FIFA World Cup) ប្រចាំពូល C ដែលក្រុមគោព្រៃកម្ពុជា នៅសល់ ៣ប្រកួតទៀត គ្រោងប្រកួតនៅខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះ។

ក្នុងពានរង្វាន់ដដែលនេះ កម្ពុជា នឹងត្រូវប្រកួតជាមួយបារ៉ែន នៅថ្ងៃទី០៣ ខែមិថុនា បន្ទាប់មក អ៊ីរ៉ង់ នៅថ្ងៃទី០៧ ខែមិថុនា ហើយការប្រកួតចុងក្រោយជាមួយអ៊ីរ៉ាក់ នៅថ្ងៃទី១១ ខែមិថុនា លើទឹកដីកណ្ដាល នាប្រទេសបារ៉ែន៕

មតិយោបល់