ចិនពិសោធន៍ស្មៅ ៥ប្រភេទ និងរើសបានស្មៅ ១ប្រភេទដែលស័ក្តិសមបរិយាកាសនៅកីឡដ្ឋានមរតកតេជោ

មាស សុផាណារ៉ុង April 3, 2021


 

ភ្នំពេញ៖ ពហុកីឡដ្ឋានជាតិមរតកតេជោ (កីឡដ្ឋានធំ) កាន់តែកៀកទៅបញ្ចប់ការសាងសង់ ១០០ភាគរយហើយ ជាពិសេសទីតាំងដែលពិសេសជាងគេ សម្រាប់បម្រើដល់ការប្រកួតបាល់ទាត់ ទីលានបាល់ទាត់ ក៏បាននឹងកំពុងលេចចេញជារូបរាងបណ្ដើរៗហើយផងដែរ ជាមួយនឹងការដុះឡើងនៃកូនស្មៅតូចៗក្រោយដំណើរការពិសោធ និងដាំអស់រយៈពេលជាយូរ។

ស្មៅកីឡដ្ឋានធំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានដឹងថា ភាគីចិន ពិសោធន៍ស្មៅ ៥ប្រភេទផ្សេងៗពីគ្នា និងចុងក្រោយជ្រើសរើសបានស្មៅ ១ប្រភេទ ដែលសាកសមបរិយាកាសនៅប្រទេសកម្ពុជា។ នេះបើយោងតាមប្រសាសន៍ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បង្ហើបប្រាប់សារព័ត៌មានអេឡិចត្រូនិច (ថ្មីថ្មី thmeythmey) កាលពីព្រឹកមិញនេះ។

ឯកឧត្តម វ៉ា​ត់ ចំរើន បានមានប្រសាសន៍ប្រាប់ អ្នកសារព័ត៌មានថ្មីថ្មី យ៉ាងដូច្នេះថា៖ «ស្មៅតារាងបាល់ទាត់កំពុងតែលូតលាស់ល្អ ជាស្មៅដែលមានលក្ខណៈត្រួតពិនិត្យបច្ចេកទេសច្បាស់លាស់ ហើយភាគីចិនយកគម្រូស្មៅ ៥ប្រភេទ យកមកធ្វើការវិភាគស្រាវជ្រាវអំពីភាពធន ថាតើស្មៅ ៥ប្រភេទហ្នឹង ស្មើណាដែលវាលូតលាស់ល្អនៅបរិយាកាស ធាតុអាកាស របស់ប្រទេសកម្ពុជាយើង។»

«ក្នុងស្មៅ ៥ប្រភេទនេះ គឺយើងធ្វើការសិក្សាក្នុង labor (មន្ទីរពិសោធន៍) ហើយយើងបណ្ដុះវា ២ខែមកហើយ ហើយយើងមើលអំពីការលូតលាស់របស់វា មើលអំពីសុខភាពរបស់ស្មៅហ្នឹង ថាត្រូវនឹងបរិយាកាសរបស់យើងមួយណា អ៊ីចឹងស្មៅដែលល្អបំផុតនៅក្នុងការពិសោធន៍របស់ចិន​ ៥ប្រភេទ ឥលូវនឹងមានតែស្មៅ​ ១ប្រភេទទេដែលមានការលូតលាស់ល្អ មានសុខភាពល្អ ដែលយើងយកមកដាំក្នុងពេញតារាងបាល់ទាត់រួចហើយ។» អគ្គលេខាធិការ​ដដែលរូបនេះបានបន្ថែម។

គិតមកទល់ពេលនេះ កីឡដ្ឋានធំ នៃពហុកីឡដ្ឋានជាតិមរតកតេជោ បញ្ចប់ការសាងសង់បាន ៩០ភាគរយហើយ ដោយបានបំពាក់គ្រឿងនានានៅខាងក្នុង នៅឡើយតែការបោសសំអាត និងនៅសល់តែការបំពាក់កៅអី និងពាស់រត់ជុំវិញទីលានបាល់ទាត់ទៀតតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាកន្លែងរៀបចំពិធីបើក-បិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហើយក៏ជាកន្លែងប្រកួតកីឡាមួយភាគធំនៅទៅនោះដែរ ដែលព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍មួយនេះ ជាលើកដំបូងជាប្រវត្តិសាស្ត្ររបស់ខ្លួន៕

 

ដកស្រង់ និងសម្រួលព័ត៌មានពី សារព័ត៌មានអេឡិចត្រូនិច ថ្មីថ្មី thmeythmey

រូបភាព៖ YouTube – All Cambodia Videos

មតិយោបល់