លីគកំពូលកម្ពុជា អាចនឹងមាន ៣គូជាប់ពាក់ព័ន្ធនឹងបំរាមគោចរ ពេលចប់ការប្រកួតនៅម៉ោង ៨យប់

មាស សុផាណារ៉ុង April 2, 2021


 

ភ្នំពេញ៖ រដ្ឋបាលរាជធានី​ភ្នំពេញ​ បាន​ចេញ​សេចក្ដី​ប្រកាស​ ចំពោះការអនុវត្តបម្រាប​គោចរ​ ចាប់​ពី​ម៉ោង​ ៨យប់​ ដល់ម៉ោង​ ៥ទៀបភ្លឺ​ រយៈពេល​ ១៤ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី០១-១៤​ ខែ​មេសា​ ឆ្នាំ​២០២១ ដើម្បីទប់ស្កាត់ការ​រីករាលដាលជំងឺកូវីដ-១៩ ខណៈនៅក្នុងវិស័យបាល់ទាត់ (ពានរង្វាន់លីគកំពូលកម្ពុជា) ក៏អាចមានផលប៉ះពាល់ខ្លះៗផងដែរ ជាពិសេសការប្រកួតដែលលេងនៅម៉ោង ៦ល្ងាច។

សម្រាប់រយៈពេល ២សប្ដាហ៍ ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា នឹងមាន ១២ប្រកួត ស្មើនឹង ២សប្ដាហ៍ផ្សេងគ្នា ពោលគឺសប្ដាហ៍ទី៥ និងសប្ដាហ៍ទី៦ ខណៈក្នុងចំណោម ១២ប្រកួតនោះ មាន ២ប្រកួតអាចនឹងជាប់ពាក់ព័ន្ធជាមួយបំរាមគោចរ ដ្បិតការប្រកួតចាប់ផ្ដើមនៅវេលាម៉ោង ៦ល្ងាច ហើយបញ្ចប់នៅអំឡុងក្បែរម៉ោង ៨យប់ ដែលជាម៉ោងត្រូវផ្អាកការធ្វើចរាចរណ៍ផ្ទាល់តែ ខណៈទាំងកីឡាករ មន្ត្រីប្រកួត និងបុគ្គលិកនានា ត្រូវធ្វើដំណើរត្រលប់ទៅគេហដ្ឋានវិញ ក្នុងចន្លោះម៉ោង ៨យប់ផងដែរ។

ការប្រកួតទាំង ៣នោះរួមមាន ក្នុងសប្ដាហ៍ទី៦ ដូចគ្នា ពោលគឺ វិសាខា ជាមួយ ណាហ្គាវើលដ៍ និងការប្រកួតរវាង ភ្នំពេញក្រោន ជាមួយ កងយោធពលខេមរភូមិន្ទ ដែលការប្រកួតចាប់ផ្ដើមនៅម៉ោង ៦ល្ងាចដូចគ្នាផងដែរ ហើយធ្វើឡើងក្នុងរាជធានីភ្នំពេញ។

ប្រកួតមួយទៀតក៏អាចរងផលប៉ះពាល់ផងដែរ ជាក់ស្ដែងដូចជា ព្រះខ័នរាជស្វាយរៀង ជាមួយ អង្គរថាយហ្គឺរ នៅថ្ងៃទី១០ មេសា ដោយសារក្រោយចប់ការប្រកួត ក្លិបទាំង ២ ត្រូវធ្វើដំណើរត្រលប់មកភ្នំពេញ វិញភ្លាមៗផងដែរ អាចនៅអំឡុងម៉ោង ៥:៣០នាទីល្ងាច ដែលនឹងមកដល់រាជធានីនៅអំឡុង ម៉ោងកៀកនឹងបម្រាមគោចរផងដែរ

បែបនេះក្ដី វាអាចនឹងមិនជាបញ្ហាចោទឡើយ ប្រសិនបើទាំងកីឡាករ មន្ត្រីប្រកួត និងបុគ្គលិកនានា មានលិខិតបញ្ជាក់ដែលចេញដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឬគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា៕

 

រូបភាព៖ Metfone Cambodian League

មតិយោបល់