ខែមេសា គឺជាខែដែល ក្លិបវិសាខា ត្រៀមខ្លួនប្រកួតវគ្គជម្រុះ AFC Cup 2021

មាស សុផាណារ៉ុង April 1, 2021


 

ភ្នំពេញ៖ ចូលដល់ខែមេសា ព្រឹត្តិការណ៍បាល់ទាត់កម្រិតអន្តរជាតិលើកដំបូងសម្រាប់ក្រុមរបស់កម្ពុជា អាចនឹងត្រលប់មកវិញហើយ បន្ទាប់ពីខកខានជាង ១ឆ្នាំដោយសារវិបត្តិជំងឺកូវីដ-១៩ នោះគឺការប្រកួតកម្រិតក្លិបបាល់ទាត់ប្រចាំទ្វីបអាស៊ី AFC ក្នុងពានរង្វាន់ AFC Cup វគ្គជម្រុះ។

ក្លិបវិសាខា ដែលនឹងតំណាងកម្ពុជា ចូលរួមប្រកួតក្នុងពានរង្វាន់ដដែលនេះ គ្រោងនឹងរៀបចំខ្លួនដើម្បីការប្រកួតមកដល់ឆាប់ៗខាងមុខនេះ ពោលគឺនៅមានរយៈពេល ២៧ថ្ងៃ ដើម្បីហ្វឹកហាត់ ដ្បិតការប្រកួតផ្លូវការ នឹងមកកដល់នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។

វិសាខា ដែលជាម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ ត្រូវប្រកួតជម្រុះ ២វគ្គផ្សេងគ្នាជាមុនសិន ដើម្បីរកជ័យជម្នះឡើងទៅវគ្គចែកពូល ពោលគឺថ្ងៃទី២៨ ខាងមុខនេះ គេត្រូវជួបជាមួយក្រុមរបស់ ទីម័រខាងកើត គឺក្លិប Lalenok United ក្នុងវគ្គជម្រុះបឋម – ជុំទី២ (Preliminary stage – Round 2) នៅលើទឹកដីកណ្ដាល ដែលលេចឭមកថាអាចនឹងធ្វើឡើងនៅប្រទេសសិង្ហបុរី។

ប្រសិនបើឈ្នះ វិសាខា នឹងត្រូវឡើងទៅជួបក្រុមរបស់ឥណ្ឌូនេស៊ីមួយទៀត គឺក្លិប Persipura Jayapura ក្នុងវគ្គជម្រុះជុំចុងក្រោយ (Play-off stage) ដើម្បីសម្រេចក្រុមឡើងទៅវគ្គចែកពូល ដែលគ្រោងប្រកួតនៅថ្ងៃទី១៩ ខែឧសភា។

កម្មវិធីប្រកួតងាយយល់ដូចខាងក្រោម៖

វគ្គជម្រុះបឋម (Preliminary stage – Round 2):

  • វិសាខា (កម្ពុជា) Vs Lalenok United (ទីម័រខាងកើត)
  • Lao Toyota FC (ឡាវ) Vs Kasuka (ព្រុយណេ)

វគ្គជម្រុះ (Play-off stage) ជុំចុងក្រោយ:

  • Hanthawaddy United (មីយ៉ាន់ម៉ា) Vs ក្រុមឈ្នះរវាង Lao Toyota FC ឬ Kasuka (ព្រុយណេ)
  • Persipura Jayapura (ឥណ្ឌូណេស៊ី) Vs ក្រុមឈ្នះរវាង វិសាខា (កម្ពុជា) ឬ Lalenok United (ទីម័រខាងកើត)

សូមរំឭកជាថ្មីថា វិសាខា និងរួមគ្នាជាមួយ បឹងកេត ដើម្បីតំណាងឲ្យក្រុមមកពីកម្ពុជា ទៅចូលរួមប្រកួតពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ី (AFC Cup) ឆ្នាំ២០២១ ដោយ វិសាខា (ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន) ត្រូវប្រកួតជម្រុះ ២វគ្គផ្សេងគ្នាជាមុនសិន ដើម្បីរកជ័យជម្នះឡើងទៅវគ្គចែកពូល ខណៈបឹងកេត (ជើងឯកលីគកំពូលកម្ពុជា) នឹងបានកៅអីទៅវគ្គចែកពូលដោយផ្ទាល់ និងមិនចាំបាច់ប្រកួតជម្រុះឡើយ៕

 

រូបភាព៖ ក្លិបវិសាខា – Visakha FC – Pride Of Cambodia

មតិយោបល់