ក្រុមឥណ្ឌូនេស៊ី ដែល ក្លិបវិសាខា អាចជួបនៅ AFC Cup កំពុងមានបញ្ហាហិរញ្ញវត្ថុពិបាកនាំចូលកីឡាករបរទេស

មាស សុផាណារ៉ុង March 31, 2021


 

ឥណ្ឌូនេស៊ី៖ អ្នកចាត់ការទូទៅរបស់ក្លិបឥណ្ឌូនេស៊ី Persipura Jayapura ដែល ក្លិបវិសាខា អាចជួបនៅវគ្គជម្រុះ AFC Cup នៅតែកំពុងពិចារណាក្នុងការនាំយកកីឡាករបរទេសបន្ថែមទៀតដើម្បីពង្រឹងក្រុមនៅមុនការប្រកួតជម្រុះ AFC Cup។

ទោះបីជាពួកគេនៅតែត្រូវការកីឡាករបរទេសពីរនាក់ទៀតក៏ដោយ ថ្នាក់ដឹកនាំរបស់ Persipura នៅតែពិចារណាអំពីរឿងនេះ។ មូលហេតុគឺពួកគេពិចារណាលើសមត្ថភាពហិរញ្ញវត្ថុរបស់ក្រុមបច្ចុប្បន្ន។

អ្នកចាត់ការ Persipura លោក Ridwan Bento Madubun បានបង្ហើបថា ភាគីរបស់លោកនឹងព្យាយាមបំពេញតម្រូវការរបស់កីឡាករបរទេសបន្ថែមទៀតតាមការស្នើសុំរបស់គ្រូបង្វឹក គឺលោក Jacksen Tiago។ ទោះយ៉ាងណាក៏ដោយពួកគេនឹងស្វែងរកកីឡាករបរទេសដែលតម្លៃមិនថ្លៃពេក។

«ទាក់ទងនឹងកីឡាករបរទេស ដំណើរការកំពុងបន្ត យើងបានចរចារ ហើយក៏កំពុងដំណើរការ។ ដំណើរការកំពុងត្រូវបានអនុម័តកាលពីម្សិលមិញ យើងមានការប្រាស្រ័យទាក់ទងជាមួយគ្រូបង្វឹក Jacksen Tiago ប្រសិនបើយើងផ្គូរផ្គងតម្លៃ និងត្រូវតាមអ្វីដែលបានរំពឹងទុក ហើយចំណុចខ្វះខាតសមនឹងតម្រូវការរបស់ Jacksen Tiago តម្លៃអាចសមរម្យទទួលយកបាន។ សង្ឃឹមថាយើងអាចជ្រើសរើសបាន។» លោក Bento បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានកីឡា INDOSPORT.com កាលពីថ្ងៃពុធ (៣១/៣/២១) ។

លោក Bento ពន្យល់ថា ក្រៅពីតម្លៃកីឡាករបរទេសដែលនឹងត្រូវបានជ្រើសរើស ក៏កំពុងពិចារណាផងដែរអំពីស្ថានភាពជំងឺរាតត្បាតកូវីដ-១៩ ។ នេះមានន័យថាកីឡាករបរទេសដែលត្រូវបានផ្តល់អាទិភាពនៅពេលនេះបានលេងរួចហើយនៅក្នុងប្រទេសឥណ្ឌូនេស៊ី ឬកំពុងស្ថិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

Persipura Jayapura នៅតែកំពុងស្វែងរកកីឡាករបរទេស ២នាក់ទៀតដើម្បីអមដំណើរជាមួយកីឡាករជប៉ុន Takuya Matsunaga នៅមុនវគ្គជម្រុះ ជុំចុងក្រោយ AFC Cup ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៩ ខែឧសភា។

សូមបញ្ជាក់ថា Persipura Jayapura មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការប្រកួតពានរង្វាន់ AFC Cup ឆ្នាំ២០២១ ក្នុងនាមជាក្រុមចំណាត់ថ្នាក់លេខ៣ លីគកំពូលឥណ្ឌូនេស៊ី ឆ្នាំ២០១៩ ដោយជំនួសកន្លែងរបស់ក្លិប PSM Makassar ក្នុងនាមជាជើងឯកខាប់ ឥណ្ឌូនេស៊ី ឆ្នាំ២០១៨-២០១៩ ដែលមិនគ្រប់លក្ខខណ្ឌក្លិបអាជីពរបស់ AFC ឬហៅថា (AFC Club Licensing)។

Persipura Jayapura នឹងត្រូវអង្គុយរង់ចាំការឈ្នះរវាង​ក្រុមរបស់កម្ពុជា (វិសាខា) ជាមួយ ទីម័រខាងកើត (Lalenok United) ដែលតតាំងគ្នាជាមុនសិនក្នុងវគ្គជម្រុះបឋម ជុំទី២ (Preliminary stage – Round 2)៕

 

ប្រភពព័ត៌មាន៖ indosport.com

មតិយោបល់