ប្រមុខបាល់ទាត់អ៊ីរ៉ង់ ត្រូវប្រធាន AFC អញ្ជើញទៅពិភាក្សាអំពីបញ្ហាមិនផ្ដល់សិទ្ធិធ្វើម្ចាស់ផ្ទះវគ្គជម្រុះ World cup

មាស សុផាណារ៉ុង March 31, 2021


 

អ៊ីរ៉ង់៖ ប្រធានសហព័ន្ធកីឡាបាល់ទាត់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ (FFIRI) លោក Shahabeddin Azizi Khadem ត្រូវបានគេអញ្ជើញឱ្យទៅទីក្រុងម៉ាណាម៉ា ប្រទេសបារ៉ែន ដើម្បីជួបជាមួយប្រធានសហព័ន្ធបាល់ទាត់អាស៊ី (AFC) លោក Sheikh Salman Bin Ibrahim Al Khalifah។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានអ៊ីរ៉ង់ tehrantimes

លោក Azizi Khadem នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសឈូងសមុទ្រពែរ្ស នេះនៅថ្ងៃទី០៣ ខែមេសា ដើម្បីជួបជាមួយប្រធាន AFC ខណៈជំនួបនេះនឹងផ្តល់ជាឱកាសមួយដើម្បីពង្រឹងភាពជាដៃគូរវាង សហព័ន្ធកីឡាបាល់ទាត់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ (FFIRI) និងសហព័ន្ធបាល់ទាត់អាស៊ី (AFC) ហើយក៏មានពាក់ព័ន្ធរឿងដែល អ៊ីរ៉ង់ មិនពេញចិត្តការផ្ដល់សិទ្ធិឲ្យបារ៉ែន ធ្វើម្ចាស់ផ្ទះរួមវគ្គជម្រុះ ជើងឯកអាស៊ី (AFC Asian Cup) និងជម្រុះបាល់ទាត់ពិភពលោក (FIFA World Cup) ផងដែរ។

ក្នុងលិខិតដែលបានផ្ញើមកមានសរសេរបញ្ជាក់ជុំវិញករណីខាងលើ៖ «យើងកោតសរសើរការចាប់អារម្មណ៍ពី FFIRI ក្នុងការធ្វើជាម្ចាស់ផ្ទះ FIFA FIFA World Cup Qatar 2022 – ការប្រកួតបឋមនិង AFC Asian Cup China 2023 វគ្គជម្រុះជុំទី២ យើងសូមជម្រាបជូនថាការសម្រេចនេះត្រូវបានធ្វើឡើងដោយអគ្គលេខាធិការដ្ឋាន AFC បន្ទាប់ពីការពិចារណាយ៉ាងល្អិតល្អន ដោយផ្អែកលើកត្តាផ្សេងៗរួមបញ្ចូលគ្នា ប៉ុន្តែមិនមានបាក់ព័ន្ធ អំពីកំណត់ស្ដង់ដារកីឡដ្ឋានដែលបានស្នើសុំការវាយតំលៃ ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ សម្រាប់សហព័ន្ធសមាជិកដែលចូលរួម ក៏ដូចជាស្ថានភាពវេជ្ជសាស្ត្រនៃជំងឺរាតត្បាតកូវីដ-១៩ ; ហើយប្រធាន AFC មិនធ្វើអន្តរាគមន៍ក្នុងការសម្រេចចិត្តរបស់អគ្គលេខាធិការដ្ឋាន AFC ទេ។»

គួររំឭកថា បារ៉ែន ត្រូវបានជ្រើសរើសជាទឹកដីកណ្តាលសម្រាប់ការប្រកួតក្នុងពូល C ដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) កាលពីពេលថ្មីៗ ខណៈការប្រកួតត្រូវបានគ្រោងធ្វើឡើងចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១៥ ខែមិថុនា។ ដើមឡើយអ៊ីរ៉ង់ គឺនឹងត្រូវធ្វើម្ចាស់ផ្ទះចំនួន ៣ប្រកួត ក្នុងចំណោម ៤ប្រកួតដែលនៅសេសសល់ មុនពេលផ្ទុះការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ប៉ុន្តែសហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ង់ បានសម្ដែងការមិនពេញចិត្ត និងចាត់ទុកថាជារឿងអយុត្តិធម៌ ជាមួយនឹងប្រការគួរឲ្យសង្ស័យ យ៉ាងណាមិញ ការសម្រេចចិត្តបានប្រកាសជាផ្លូវការហើយផងដែរ ដោយគ្មានហេតុផលត្រូវធ្វើការតវ៉ានោះឡើយ។

សូមបញ្ជាក់ថា ក្រុម “គោព្រៃកម្ពុជា” នឹងត្រូវប្រកួតជាមួយបារ៉ែន នៅថ្ងៃទី០៣ បន្ទាប់មក អ៊ីរ៉ង់ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ហើយការប្រកួតចុងក្រោយជាមួយអ៊ីរ៉ាក់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា។

អ៊ីរ៉ាក់ គឺជាក្រុមនាំមុខគេក្នុងពូល ក្រោយប្រកួត ៥ដង មិន ១១ពិន្ទុ តាមពីក្រោយដោយក្រុមលេខ២ បារ៉ែន ចំនួន ២ពិន្ទុ​ (មាន ៩ពិន្ទុក្នុងដៃ) ខណៈអ៊ីរ៉ង់ ឈរនៅលេខ៣ មាន ៦ពិន្ទុ ប៉ុន្តែសល់ ១ប្រកួតក្នុងដៃ ខណៈ ហុងកុង (លេខ៤) កម្ពុជា (លេខ៥) ដែលអស់ឱកាសឡើងទៅជុំទី៣ នៃវគ្គជម្រុះបាល់ទាត់ពិភពលោក (World Cup) ទៅហើយនោះ នៅសល់ត្រឹមតែឱកាសប្រជែងធ្វើយ៉ាងណាឲ្យរួចផុតពីការប្រកួតជម្រុះពីវគ្គដំបូង (play-off round) ក្នុងពានជើងឯកអាស៊ី (AFC Asian Cup) ដើម្បីបានកៅអីមិនបាច់ជម្រុះ (បានចូលទៅវគ្គចែកពូល) តែប៉ុណ្ណោះ៕

 

ប្រភព៖ tehrantimes

មតិយោបល់