ស្ថាបនិកក្លឹបបាល់ទាត់ភ្នំពេញក្រោន បរិច្ចាគថវិកា ១លានដុល្លារជូនសម្តេចតេជោ ហ៊ុន សែន ទិញមន្ទីរពេទ្យ «នគរទេព»

មាស សុផាណារ៉ុង March 29, 2021


 

ភ្នំពេញ៖ ឯកឧត្តមឧកញ៉ា កុក អាន ស្ថាបនិកក្លិបបាល់ទាត់ភ្នំពេញក្រោន ព្រមទាំងលោកជំទាវបានបរិច្ចាគថវិកាចំនួន ១លានដុល្លារ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីទិញមន្ទីរពេទ្យ «នគរទេព»​ និងប្តូរឈ្មោះមកជាមន្ទីរពេទ្យ ​«ហ្លួងម៉ែ»​ ហើយប្រែក្លាយមកជាសម្បត្តិរដ្ឋ និងបម្រើការព្យាបាលអ្នកជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា ក្នុងយុទ្ធនាការចូលរួមប្រយុទ្ធប្រឆាំងជាមួយនឹងការរីករាលដាលនៃវីរុសកូវីដ១៩នេះ ឯកឧត្តមឧកញ៉ា កុក អាន បានរួមចំណែកយ៉ាងសស្រាក់សស្រាំជាបន្តបន្ទាប់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាក់ស្តែងកាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ កន្លងមក ឯកឧត្តមឧកញ៉ា ក៏បានបរិច្ចាគថវិកាចំនួន ១លានដុល្លារ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩សម្រាប់ចាក់ជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ បន្ថែមពីលើការបរិច្ចាគគ្រាដំបូងចំនួន ១០មុឺនដុល្លារដើម្បីប្រើប្រាស់សម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជា។

ទន្ទឹមនឹងនេះ លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោន ក៏បានចូលរួមយ៉ាងស្វិតស្វាញជាមួយសាលារដ្ឋបាលខេត្តព្រះសីហនុ ដោយបានបរិច្ចាគលើកទី១ ចំនួន ៨០លានរៀលដើម្បីរួមចំណែកក្នុងយុទ្ធនាការប្រយុទ្ធការរីករាលដាលនៃវីរុសកូវីដ-១៩ ​និងបានបន្ថែមថវិកាចំនួន ១០មុឺនដុល្លារអាម៉េរិកទៀតដើម្បីជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រើប្រាស់សម្រាប់ទិញវ៉ាក់សាំងCOVID-19 ។

សកម្មភាពទាំងនេះ គឺជាផ្នែកមួយនៃបេសកកម្មមនុស្សធម៌ផ្សារភ្ជាប់វិស័យកីឡាដោយថ្នាក់ដឹកនាំក្លិបបាល់ទាត់ភ្នំពេញក្រោន តែងចូលរួមយ៉ាងសកម្មជាក់ស្តែងក្រៅពីការបណ្តុះបណ្តាលថ្នាលយុវជន ក្រុមបាល់ទាត់នារី និងក្រុមសហគមន៍ហើយនោះ នាពេលកន្លងមក ឧកញ៉ា ឬទ្ធី សំណាង ជាប្រធានក្លិបគៀងគរបានថវិកាសរុបជាង ៣០មុឺនដុល្លារបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា និងទើបតែចូលរួមឧបត្ថម្ភ ៥០លានរៀលពីការឈ្នះចំណាត់ថ្នាក់លេខ៣ លីគកំពូលកម្ពុជាសម្រាប់ជួយដល់ជនរងគ្រោះដោយទឹកជំនន់ជាង ៨ពាន់គ្រួសារនៅខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ ជាមួយនឹងមូលនិធិដែលទទួលបានពីការប្រកួតបាល់ទាត់មិត្តភាពនៅកីឡដ្ឋាន Smart RSN កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងមកផងដែរ៕

មតិយោបល់