គ្រូជម្រើសជាតិចូលកាន់តំណែងថ្មីភ្លាម ប្រកាសត្រៀមលះបង់ខ្លួនប្រាណទាំងអស់ដើម្បីក្រុមគោព្រៃ​កម្ពុជា

មាស សុផាណារ៉ុង March 29, 2021


 

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៦​ ខែមីនា ឆ្នាំ២០២១ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសបង្ហាញមុខគ្រូបង្វឹកថ្មីជាផ្លូវការ ដែលមានសញ្ជាតិជប៉ុនឈ្មោះថា Ryu Hirose ជំនួសលោក Felix Dalmas។

ក្រោយទទួលបានដំណែងភ្លាមគ្រូបង្វឹកវ័យ ៦៥ឆ្នាំរូបនេះបានបង្ហើបឲ្យដឹងថា លោកនឹងត្រៀមលះបង់ខ្លួនប្រាណទាំងអស់ដើម្បីក្រុមគោព្រៃ​កម្ពុជា។ នេះបើយោងតាមសម្ដីបញ្ជាក់របស់ លោក Ryu Hirose នៅលើហ្វេសប៊ុកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

លោកបាននិយាយដូច្នេះថា៖ «ក្នុងនាមជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ខ្ញុំនឹងទទួលខុសត្រូវលើគ្រប់បញ្ហាដែលកើតមានឡើង បើទោះបីមានភាពលំបាក ស្មុគស្មាញយ៉ាងណាក៏ដោយ។ ចាប់ពីពេលនេះតទៅខ្ញុំនឹងលះបង់ខ្លួនប្រាណ ឆន្ទៈរបស់ខ្ញុំ និងយកបទពិសោធដែលបានមកពីអាជីពជាគ្រូបង្វឹកបាល់ទាត់របស់ខ្ញុំទាំងប៉ុន្មាន ដើម្បីជួយបណ្ដុះបណ្ដាលអោយកីឡាករមានការអភិវឌ្ឍន៍ រិកចំរើនទៅមុខ និងកសាងក្រុមមួយដែលខ្លាំងសម្រាប់ប្រកួតប្រជែងជាមួយក្រុមក្នុងតំបន់អាស៊ី និងពិភពលោក។»

សូមបញ្ជាក់ថា លោក Ryu Hirose កើតថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៥៦ (វ័យ ៦៤ឆ្នាំ) កាន់អជ្ញាប័ណ្ណគ្រូបង្វឹកកម្រិត AFC ‘A’  license ត្រូវបានដឹងថាធ្លាប់ជាអតីតជំនួយការគ្រូបង្វឹក ក្លិបនៅលីគកំពូលថៃ Samut Prakan FC យ៉ាងណាមិញលោកក៏ធ្លាប់ដឹកនាំក្រុមនៅជប៉ុនមួយចំនួនផងដែរ។

ពេលចាប់ផ្ដើមដំបូងភាគច្រើនលោកដើរតួជានាយកបច្ចេកទេស ជាមួយក្រុមវិទ្យាល័យ Teikyo បន្ទាប់មកសាកលវិទ្យាល័យ Teikyo ក្រោយមកទៀតក្លាយជាអ្នកចាត់ការទូទៅ Kashima Gakuen មុនកាន់តួនាទីជានាយកបច្ចកេទេសសារជាថ្មី ជាមួយក្រុមសាកលវិទ្យាល័យនៅកូរ៉េ Seoul Digital University និងចុងក្រោយជាអតីតជំនួយការគ្រូបង្វឹក ក្លិបនៅលីគកំពូលថៃ Samut Prakan FC អំឡុងឆ្នាំ២០១៩។ បច្ចុប្បន្នលោកក៏ជានាយកបច្ចេកទេសរបស់ ក្លិប Soltilo Tokyo FC ដែលជាក្លិបរបស់ លោក Keisuke Honda ផងដែរ។

 

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

មតិយោបល់