ក្រុមខ្លាំងៗរួមពូលជាមួយ កម្ពុជា កំពុងមមាញឹកត្រៀមប្រកួតមិត្តភាពកម្ដៅសាច់ដុំ

មាស សុផាណារ៉ុង March 25, 2021


 

អាស៊ី៖ ក្រុមខ្លាំងៗរួមពូល C ជាមួយ កម្ពុជា ក្នុងការប្រកួតជម្រុះជើងឯកអាស៊ី (AFC Asian Cup) និងជម្រុះបាល់ទាត់ពិភពលោក (FIFA World Cup) កំពុងមមាញឹកត្រៀមប្រកួតមិត្តភាពកម្ដៅសាច់ដុំ ដ្បិតសុទ្ធសឹងតែជាក្រុមនៅមានឱកាសឡើងជុំបន្ត។

ក្រុមខ្លាំងៗទាំង ៣រួមមាន អ៊ីរ៉ាក់ អ៊ីរ៉ង់ និងបារ៉ែន នៅចុងខែមីនា ឆ្នាំ២០២១ នេះ បានណាត់ក្រុមផ្សេងពីគ្នាប្រកួតមិត្តភាពកម្ដៅសាច់ដុំ ជាក់ស្ដែងមានដូចជា៖

  • ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២១ បារ៉ែន ប្រកួត ស៊ីរី
  • ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២១ អ៊ូសបីគីស្ថាន ប្រកួត អ៊ីរ៉ាក់
  • ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២១ អ៊ីរ៉ង់ ប្រកួត ស៊ីរី
  • ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២១ បារ៉ែន ប្រកួត ហ៊្សកដានី

សូមរំឭកថា អ៊ីរ៉ាក់ គឺជាក្រុមនាំមុខគេក្នុងពូល ក្រោយប្រកួត ៥ដង មិន ១១ពិន្ទុ តាមពីក្រោយដោយក្រុមលេខ២ បារ៉ែន ចំនួន ២ពិន្ទុ​ (មាន ៩ពិន្ទុក្នុងដៃ) ខណៈអ៊ីរ៉ង់ ឈរនៅលេខ៣ មាន ៦ពិន្ទុ ប៉ុន្តែសល់ ១ប្រកួតក្នុងដៃ ខណៈ ហុងកុង (លេខ៤) កម្ពុជា (លេខ៥) ដែលអស់ឱកាសឡើងទៅជុំទី៣ នៃវគ្គជម្រុះបាល់ទាត់ពិភពលោក (World Cup) ទៅហើយនោះ នៅសល់ត្រឹមតែឱកាសប្រជែងធ្វើយ៉ាងណាឲ្យរួចផុតពីការប្រកួតជម្រុះពីវគ្គដំបូង (play-off round) ក្នុងពានជើងឯកអាស៊ី (AFC Asian Cup) ដើម្បីបានកៅអីមិនបាច់ជម្រុះ (បានចូលទៅវគ្គចែកពូល) តែប៉ុណ្ណោះ។

ចំពោះការប្រកួតជុំទី២ វគ្គជម្រុះបាល់ទាត់ពិភពលោក ត្រូវបានពន្យាពេលជាច្រើនលើកច្រើនសារនោះ បានកំណត់កាលបរិច្ឆេទថ្មី ក៏ដូចជាទីតាំងផងដែរ ពោលគឺចន្លោះថ្ងៃទី០៣ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ លើទឹកដីកណ្ដាល ប្រទេសបារ៉ែន។

សូមបញ្ជាក់ថា ក្រុម “គោព្រៃកម្ពុជា” នឹងត្រូវប្រកួតជាមួយបារ៉ែន នៅថ្ងៃទី០៣ ខែមិថុនា បន្ទាប់មក អ៊ីរ៉ង់ នៅថ្ងៃទី០៧ ខែមិថុនា ហើយការប្រកួតចុងក្រោយជាមួយអ៊ីរ៉ាក់ នេះផ្ទាល់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា៕

 

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី – AFC

មតិយោបល់