គ្រូបង្គោលជនជាតិជប៉ុន នឹងចូលមកដឹកនាំក្រុមជម្រើសជាតិកម្ពុជា ជំនួស Felix Dalmas

មាស សុផាណារ៉ុង March 24, 2021


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសជាផ្លូវការនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះ ពីកិច្ចសន្យារវាងសហព័ន្ធ ជាមួយ លោក Keisuke Honda រួមនឹងសហការី បានព្រមព្រៀងបន្តកុងត្រាថ្មី ដើម្បីដឹកនាំក្រុមជម្រើសជាតិទាំងឈុតធំ និងក្រុមយុវជនអាយុក្រោម២៣ឆ្នាំ ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ខណៈអវត្តមានគ្រូបង្គោលចាស់ លោក Felix Dalmas និងជំនួសដោយគ្រូបង្គោលថ្មីជាជនជាតិជប៉ុន។ នេះបើយោងតាមការចេញផ្សាយនៅក្នុង​ទំព័រហ្វេសបុករបស់ (CAMSOC)។

ឆ្លើយឆ្លងជាមួយទំព័រហ្វេសប៊ុកផ្លូវការសម្រាប់ ស៊ីហ្គេម ឆ្នាំ២០២៣ លោក កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ថ្លែងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១នេះថា៖ «ខ្ញុំអាចឆ្លើយបានថា យើងយកលោក Keisuke Honda ដែលជាជនជាតិជប៉ុន និងជាកីឡាករអន្តរជាតិដ៏ល្បីល្បាញរូបនេះបន្តដឹកនាំក្រុមជម្រើសជាតិកម្ពុជា ក្នុងឋានៈជាអ្នកចាត់ការទូទៅដដែល មានន័យថា យើងបន្តកុងត្រាថ្មី ដោយលោក Honda នឹងពិនិត្យមើលក្រុមឈុតធំ និងក្រុមឈុតអាយុក្រោម២៣ឆ្នាំ។ ចំណែកឯលោក Felix Dalmas ជនជាតិអាហ្សង់ទីន ដែលជាអតីតគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា នៅក្នុងក្រុមដឹកនាំជាមួយលោក Honda កាលពីពេលកន្លងទៅនោះ មិនបន្តដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាយើងទៀតទេ។»

«ចំពោះការបន្តកិច្ចសន្យាថ្មីក្រុមដឹកនាំថ្មី ដោយមិនមានលោក Felix Dalmas នោះគឺត្រូវបានលោកអគ្គលេខាធិការលើកឡើងថា ប្រហែលជាមានលក្ខខណ្ឌខ្លះៗ ដែលមិនត្រូវគ្នានឹងលោក Honda ដែលយើងមិនដឹងច្បាស់ដែរ។ ដូច្នេះហើយគ្រូបង្គោលថ្មី ដែលនឹងមកដឹកនាំក្រុមជម្រើសជាតិកម្ពុជាជាបន្តនោះ គឺគ្រូបង្គោលមួយរូប គឺជាជនជាតិជប៉ុនដែរ ដែលគ្រូបង្គោលរូបនោះកំពុងធ្វើចត្តាឡីស័កបញ្ចប់១៤ថ្ងៃសិន និងរង់ចាំការបញ្ជាក់ពីក្រសួងសុខាភិបាលថាតើ គ្រូបង្គោលរូបនោះអាចមកបង្ហាត់ក្រុមកីឡាករជម្រើសជាតិកម្ពុជាបានឬអត់។» អគ្គលេខាធិការដដែលរូបនេះបានបន្ថែម។

លោក កែវ សារ៉េត សង្កត់ធ្ងន់ថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជាក៏រង់ចាំគ្រូបង្វឹកជនជាតិជប៉ុនរូបនោះចេញផុតពីការធ្វើចត្តាឡីស័កសិន ទើបអាចជជែកពីភាពលម្អិតនៃការងារបន្តបន្ទាប់បាន ហើយក៏អាចជជែកពីកិច្ចការ ដែលគ្រូបង្វឹកចង់ចុះពិនិត្យមើលការប្រកួតនៅកម្ពុជា ក៏ដូចជាគោលបំណងនៃរៀបចំក្រុមកម្ពុជាឡើងវិញ។

សូមបញ្ជាក់ថា លោក Keisuke Honda ដែលជាអ្នកចាត់ការទូទៅ និងលោក Felix Dalmas ជាគ្រូបង្គោលបានមកដឹកនាំក្រុមជម្រើសជាតិកម្ពុជា កាលពីខែសីហា ឆ្នាំ២០១៨ ហើយបានផុតកំណត់កិច្ចសន្យាកាលពីខែសីហា ឆ្នាំ២០២០៕

 

កែសម្រួលព័ត៌មានពី Cambodia SEA GAMES 2023

មតិយោបល់