ការប្រមូលផ្តុំហ្វឹកហាត់ក្រុមជម្រើសជាតិ ត្រៀមស៊ីហ្គេម កំពុងត្រូវបានពិនិត្យពិភាក្សា នៅក្នុងទីលានបិទទ្វារមានសុវត្ថិភាពខ្ពស់

មាស សុផាណារ៉ុង March 22, 2021


 

ភ្នំពេញ៖ ក្រុមកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ដែលបច្ចុប្បន្នត្រូវបានរំសាយការប្រមូលផ្តុំហ្វឹកហាត់ ដោយកំពុងបន្តការហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួននោះ ការហ្វឹកហាត់លក្ខណៈប្រមូលផ្តុំនៃក្រុមជម្រើសជាតិឡើងវិញ នាពេលខាងមុខឆាប់ៗនេះ ដើម្បីត្រៀមការប្រកួតអន្តរជាតិនានា ជាពិសេសគឺត្រៀមប្រកួតប្រជែងមេដាយ ស៊ីហ្គេម លើកទី៣១ ចុងឆ្នាំ២០២១ នៅប្រទេសវៀតណាម កំពុងត្រូវបានលើកយកមកពិនិត្យពិភាក្សា ប៉ុន្តែទីលានហ្វឹកហាត់បិទទ្វារនោះត្រូវតែជាកន្លែងដែលមានសុវត្ថិភាពខ្ពស់បំផុត ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩។ នេះជាការលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC)។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ការទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនក្រុមជម្រើសជាតិ មានកីឡាករ-កីឡាការិនី គ្រូបង្វឹក គ្រូជំនួយ មន្ត្រីកីឡាចំនួន ១០៥១នាក់ បានចាក់រួចរាល់អស់ហើយ ប៉ុន្តែយើងកំពុងត្រួតពិនិត្យនីតិវិធីក្នុងការការពារបង្ការជំងឺកូវីដ-១៩ ក្នុងពេលប្រមូលផ្តុំហ្វឹកហាត់ជាបន្តទៀតក្នុងពេលខាងមុខឆាប់ៗនេះ។ បច្ចុប្បន្នយើងពុំទាន់ទទួលបានគោលការណ៍ពីក្រសួងជំនាញពាក់ព័ន្ធនៅឡើយទេ ប៉ុន្តែមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា កំពុងជំរុញឲ្យការហ្វឹកហាត់លក្ខណៈប្រមូលផ្តុំឲ្យបានឆាប់ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ដែលគ្រោងនឹងរៀបចំពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

«ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ-១៩ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅតែបន្តការរីករាលដាលខ្លាំងនៅឡើយ នៅក្នុងពេលរឹតបន្ទឹងការគោរពនៃវិធានសុខាភិបាលនាពេលនេះ ក៏យើងកំពុងពិនិត្យថាតើសហព័ន្ធកីឡាជាតិណាមានកន្លែងហ្វឹកហាត់បិទទ្វារ សម្រាប់ក្រុមជម្រើសជាតិរបស់ខ្លួន កុំឲ្យមានអ្នកផ្សេងចេញចូល ដោយអនុញ្ញាតឲ្យមានតែកីឡាករ-កីឡាការិនីហ្វឹកហាត់តែប៉ុណ្ណោះ។ ជាមួយគ្នានោះ យើងរកទីលានហ្វឹកហាត់ណាដែលធានាបាននូវសុវត្ថិភាពសម្រាប់ការហ្វឹកហាត់របស់កីឡាករ-កីឡាការិនី ទាំងការរស់នៅ ហូបចុក ស្នាក់នៅក្នុងកន្លែងនោះផងដែរ។ យើងមិនត្រូវតែត្រួតពិនិត្យតែទៅលើការហ្វឹកហាត់ប៉ុណ្ណោះទេ ប៉ុន្តែយើងថែមទាំងត្រួតពិនិត្យទាំងការគោរពវិធានការសុខាភិបាលដូចគ្នាផងដែរ បើទោះបីជាក្រុមជម្រើសជាតិទាំងអស់ បានចាក់វ៉ាក់សាំងរួចរាល់ហើយក្តី ក៏ការចម្លងនៃជំងឺកូវីដ-១៩នៅតែជាក្តីព្រួយបារម្ភផងដែរ។»

ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា៖ «ក្រោយការចាក់វ៉ាក់សំាងនេះ យើងទទួលបានភាពកក់ក្តៅក្នុងចិត្តសាស្ត្រកីឡាមួយហើយៗ ទី២ គឺត្រូវតែបន្តការអនុវត្តនូវវិធានការ ‘៣កុំ ៣ការពារ’ ឲ្យបានម៉ឺងម៉ាត់ដដែល ទី៣ គឺការដាក់វិន័យតឹងរឹង ទាំងក្នុងពេលហ្វឹកហាត់ និងការរស់នៅក្រៅពីការហ្វឹកហាត់ ដោយត្រូវតែឲ្យស្ថិតនៅក្រោមការឃ្លាំមើលរបស់គ្រូបង្វឹក អនុរក្ស និងថ្នាក់ដឹកនាំ មិនឲ្យមានការថ្លោះធ្លោយឡើយ។ អ្នកណាដើរលេងយប់ ឬចេញទៅណាឆ្ងាយពីផ្ទះ ឬពីកន្លែងប្រមូលផ្តុំហ្វឹកហាត់របស់ខ្លួន គឺត្រូវដាក់ឲ្យនៅដាច់ដោយឡែកក្រោមការត្រួតពិនិត្យសុខភាពសិន ដោយមិនទាន់ឲ្យវិលចូលហ្វឹកហាត់ក្នុងក្រុមវិញភ្លាមៗនោះទេ។ យើងមិនអាចធ្វើឲ្យការហ្វឹកហាត់ក្រុមជម្រើសជាតិរាំងស្ទះបានទេ ប៉ុន្តែការហ្វឹកហាត់ត្រូវតែជាកន្លែងមានសុវត្ថិភាពខ្ពស់បំផុត សម្រាប់ក្រុមជម្រើសជាតិលើគ្រប់ប្រភេទកីឡាទាំងអស់។»

ជាមួយគ្នានោះ ឯកឧត្តមអគ្គលេខាធិការ បានអំពាវនាវឲ្យបណ្តាថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិនានា គ្រូបង្វឹក ថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ជួយជាកម្លាំងចិត្ត ជាគោលការណ៍ ដើម្បីធ្វើយ៉ាងណាជំរុញឲ្យកីឡាករ កីឡាការិនីទាំងអស់ ហ្វឹកហាត់ដោយគ្មានភាពភ័យខ្លាច ឬគ្មានក្តីបារម្ភពីរឿងកូវីដ-១៩ ក្នុងអំឡុងពេលការហ្វឹកហាត់បង្កើនគុនភាពបច្ចេកទេសសម្រួចគោលដៅឆ្ពោះទៅប្រកួតប្រជែងមេដាយ ក្នុងស៊ីហ្គេម ចុងឆ្នាំ២០២១នេះ។

ឯកឧត្តមបានលើកឡើងបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ការចាក់វ៉ាក់សាំងជូនដល់ក្រុមជម្រើសជាតិរួចរាល់ហើយ ដើម្បីផ្តល់ទំនុកចិត្តក្នុងការការពារពីជំងឺនេះ កុំឲ្យមានក្តីព្រួយបារម្ភលើការចម្លងដែលមានហានិភ័យខ្ពស់ ហើយអ្វីដែលយើងត្រូវធ្វើបន្ត គឺស្ថិតនៅលើខ្លួនយើងទាំងអស់គ្នា ដោយត្រូវរឹតបន្តឹងលើការរស់នៅ ការហ្វឹកហាត់ឲ្យមានអនាម័យខ្ពស់នៅគ្រប់កន្លែងទាំងអស់ ជាពិសេសគឺកីឡាករ កីឡាការិនី គ្រប់រូបមិនត្រូវចេញចូលទៅជួបមិត្តភក្ត្រ ឬជនដទៃណាផ្សេងៗទៀតឡើយ ដើម្បីថែរក្សាសុវត្ថិភាពដូចក្រុមជម្រើសជាតិនៃបណ្តាប្រទេសនានា ដែលត្រៀមចូលរួមប្រកួត នៅក្រៅប្រទេស ដូចប្រទេសកម្ពុជាយើងដែរ។ ឯកឧត្តមជឿជាក់ថា ក្រុមជម្រើសជាតិយើងអាចធ្វើបាន និងមានការហ្វឹកហាត់អភិវឌ្ឍបច្ចេកទេសបានល្អប្រសើរ ប្រសិនបើយើងទាំងអស់គ្នាគោរពឲ្យបានខ្ជាប់ខ្ជួននូវវិធានការទាំងឡាយ ដែលបានដាក់ចេញឲ្យអនុវត្តនោះ៕

 

ដកស្រង់ព័ត៌មានទាំងស្រុងពី Cambodia SEA GAMES 2023

មតិយោបល់