លីគកំពូលកម្ពុជា កាន់តែរីកចម្រើន ទាក់ចិត្តអតីតកីឡាករវិសាខា Evangelos Skraparas ចង់ឲ្យត្រលប់មកវិញ

មាស សុផាណារ៉ុង March 19, 2021


 

អាល្លឹម៉ង់៖ អតីតកីឡាកររបស់ក្លិបវិសាខា Evangelos Skraparas កាលពីពេលថ្មីៗនេះ បានបង្ហើបប្រាប់ពីបំណងរបស់ខ្លួនចង់ត្រលប់មកប្រកបអាជីពនៅលីគកំពូលកម្ពុជា សារជាថ្មី ពិសេសនៅជើងទី២ ពេលដែលទីផ្សារដោះដូរកីឡាករបើកជាថ្មី។

កីឡាករកូនកាត់ក្រិច-អាល្លឺម៉ង់ Skraparas Evangelos បានសម្រេចចែកផ្លូវជាមួយក្លិបវិសាខា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីចូលរួមជាមួយក្លិបមានមូលដ្ឋានខាងជើងរាជធានីភ្នំពេញ មួយនេះ បានត្រឹមតែពាក់កណ្ដាលរដូវកាល ហើយបច្ចុប្បន្នគេកំពុងប្រកបអាជីពជាមួយក្លិបនៅអាល្លឹម៉ង់ Bonner SC ដែលជាក្លិបប្រកបអាជីពនៅលីគទី៤ អាល្លឺម៉ង់ (ជាលីគពាក់កណ្ដាលអាជីព)។

យ៉ាងណាមិញ កិច្ចសន្យារបស់គេជាមួយក្លិបអាល្លឺម៉ង់ មួយនេះនឹងត្រូវផុតនៅរដូវក្ដៅខាងមុខ (នៅអ៊ឹរ៉ុប​ គឺអំឡុងខែមិថុនា) ខណៈឆ្លើយឆ្លងជាមួយសារព័ត៌មាន CAMSPORTS.org ខ្សែបម្រើប្រយុទ្ធរូបនេះ បានឲ្យដឹងពីមូលហេតុថា៖ «ខ្ញុំចង់ត្រលប់ទៅវិញ ពីព្រោះខ្ញុំពិតធ្លាប់ទទួលបានភាពសប្បាយរីករាយពេលនៅកម្ពុជា ខ្ញុំរីករាយនឹងធ្វើរឿងអ្វីគ្រប់យ៉ាងនៅទីនេះជារៀងរាល់ថ្ងៃ។»

កីឡាករវ័យ ៣០ឆ្នាំរូបនេះបានសង្កត់ធ្ងន់ថា មូលហេតុដែលគេចង់ត្រលប់មកវិញគឺដោយសារបានដឹងតាមរយៈមិត្តរួមក្រុមចាស់ ថាបច្ចុប្បន្នមានកីឡាករលំដាប់អន្តរជាតិជាច្រើនមកលេងនៅលីគកំពូលកម្ពុជា ជាពិសេសបានដឹងថាលីគកំពូលកម្ពុជា កាន់តែមានការរីកចម្រើន និងអាជីព។

គួររំលឹកថា កីឡាកររូបនេះបានផ្ដើមលេងបាល់ទាត់ លើទឹកដីអាល្លឺម៉ង់ ជាមួយក្រុមយុវជនក្លឹប Bayon 04 Leverkusen Youth តាំងពីឆ្នាំ២០០០ ហើយបានវិវត្ដន៍ខ្លួនក្លាយជាកីឡាករអាជីព និងបានលេងឲ្យក្លឹបអាល្លឺម៉ង់ជាច្រើន ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៥ ដូចជាក្លឹប Wupertaler SV U19, ក្លឹប VFB Huls, ក្លឹប Westfalia Herne, ក្លឹប FC Kray, ក្លឹប Tus Ennepetal និងក្លឹប Malchower ជាដើម។ Skraparas ក៏ធ្លាប់ប្រកបអាជីពនៅលីគវៀតណាម ផងដែរ និងលេងឲ្យក្លិប SPORTUL SNAGOV លីគទី២ រ៉ូម៉ានី មុនមកវិសាខា៕

មតិយោបល់