អ៊ីរ់ាក់ ត្រៀមការប្រមូលផ្ដុំហ្វឹកហាត់ និងប្រកួត ជាលើកទី៣ ក្នុងអំឡុងវិបត្តិកូវីដ-១៩

មាស សុផាណារ៉ុង March 19, 2021


 

អ៊ីរ៉ាក់៖ គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីរ៉ាក់ លោក Srecko Katanec បានកោះហៅកីឡាករ ២៥នាក់សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិទល់នឹង ក្រុមជម្រើសជាតិអ៊ូសបេគីស្ថាន នៅទីក្រុង Tashkent នាថ្ងៃទី២៩ ខែមិនា ខាងមុខនេះ ដើម្បីត្រៀមបន្តការប្រកួតជម្រុះជើងឯកអាស៊ី (AFC Asian Cup) និងជម្រុះបាល់ទាត់ពិភពលោក (FIFA World Cup) នៅខែមិថុនា។

នេះក៏ជាការប្រកួតលើកទី៣ របស់អ៊ីរ៉ាក់ ផងដែរក្នុងជំនួបមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ ដែលធ្វើឡើងក្នុងអំឡុងវិបត្តជំងឺសាកលកូវីដ-១៩ បន្ទាប់ពីបានប្រកួតកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ទល់នឹង ហ៊្សកដានី បញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ០ទល់០, និងឈ្នះ គុយវែត ២ទល់១ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១

អ៊ីរ៉ាក់ គឺជាក្រុមនាំមុខគេក្នុងពូល ក្រោយប្រកួត ៥ដង មិន ១១ពិន្ទុ តាមពីក្រោយដោយក្រុមលេខ២ បារ៉ែន ចំនួន ២ពិន្ទុ​ (មាន ៩ពិន្ទុក្នុងដៃ) ខណៈអ៊ីរ៉ង់ ឈរនៅលេខ៣ មាន ៦ពិន្ទុ ប៉ុន្តែសល់ ១ប្រកួតក្នុងដៃ ខណៈ ហុងកុង (លេខ៤) កម្ពុជា (លេខ៥) ដែលអស់ឱកាសឡើងទៅជុំទី៣ នៃវគ្គជម្រុះបាល់ទាត់ពិភពលោក (World Cup) ទៅហើយនោះ នៅសល់ត្រឹមតែឱកាសប្រជែងធ្វើយ៉ាងណាឲ្យរួចផុតពីការប្រកួតជម្រុះពីវគ្គដំបូង (play-off round) ក្នុងពានជើងឯកអាស៊ី (AFC Asian Cup) ដើម្បីបានកៅអីមិនបាច់ជម្រុះ (បានចូលទៅវគ្គចែកពូល) តែប៉ុណ្ណោះ។

ចំពោះការប្រកួតជុំទី២ វគ្គជម្រុះបាល់ទាត់ពិភពលោក ត្រូវបានពន្យាពេលជាច្រើនលើកច្រើនសារនោះ បានកំណត់កាលបរិច្ឆេទថ្មី ក៏ដូចជាទីតាំងផងដែរ ពោលគឺចន្លោះថ្ងៃទី០៣ ដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ លើទឹកដីកណ្ដាល ប្រទេសបារ៉ែន។

សូមបញ្ជាក់ថា ក្រុម “គោព្រៃកម្ពុជា” នឹងត្រូវប្រកួតជាមួយបារ៉ែន នៅថ្ងៃទី០៣ ខែមិថុនា បន្ទាប់មក អ៊ីរ៉ង់ នៅថ្ងៃទី០៧ ខែមិថុនា ហើយការប្រកួតចុងក្រោយជាមួយអ៊ីរ៉ាក់ នេះផ្ទាល់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា៕

 

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី – AFC

មតិយោបល់