Honda ថាការត្រលប់ទៅលេងនៅលីគជប៉ុន មិនមែនជារឿងគួរឱ្យចាប់អារម្មណ៍សម្រាប់ខ្លួននោះទេ

មាស សុផាណារ៉ុង March 17, 2021


 

ជប៉ុន៖ អ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា Keisuke Honda (អតីតកីឡាករជម្រើសជាតិជប៉ុន) បានចូលរួមជាមួយក្លិប Neftci PFK នៃក្របខ័ណ្ឌ Azerbaijan Premier League របស់អាស៊ែបៃហ្សង់ ជាផ្លូវការហើយកាលពីប៉ុន្មានថ្ងៃមុន។

ខ្សែបម្រើវ័យ ៣៤ឆ្នាំ ដែលបានចំណាយពេល ៣ឆ្នាំកន្លះនៅក្លិបយក្សអ៊ីតាលី AC Milan បានចុះកុងត្រាជាមួយក្រុមអាស៊ែបៃហ្សង់ Neftci រហូតដល់ចប់រដូវកាលនៅថ្ងៃច័ន្ទ ដោយគ្មានក្លិបចាប់តាំងពីចាកចេញពីប្រទេសប្រេស៊ីល Botafogo កាលពីខែធ្នូ។

Keisuke Honda ដែលធ្លាប់លេងឱ្យក្លិបនៅ ៧ប្រទេសផ្សេងគ្នារួមបញ្ចូលទាំង ម៉ិកស៊ិកូ, អូស្រ្តាលី និងរុស្ស៊ី បាននិយាយថា ខ្លួនមិនមានជំរើសអ្វីទេបន្ទាប់ពីការផ្លាស់ប្តូរក្លិបនៅខែកុម្ភៈ ទៅព័រទុយហ្កាល់ បានបរាជ័យវិញដោយសារតែបទបញ្ជានៃការផ្ទេរ។

និយាយនៅលើសន្និសិទសារព័ត៌មានតាមប្រព័ន្ធអ៊ិនធឺណេត ពីទីក្រុង Baku លោកបាននិយាយថា៖ “ខ្ញុំបានធ្វើកំហុស និងការបរាជ័យច្រើនណាស់ដូច្នេះហើយបានជាខ្ញុំនៅទីនេះ។ អ្នករាល់គ្នាបាននិយាយមកខ្ញុំថា ហេតុអ្វីបានជាអ្នកមិនត្រឡប់ទៅលេងប្រទេសជប៉ុនវិញ? (ប៉ុន្តែ) វាមិនគួរឱ្យចាប់អារម្មណ៍សម្រាប់ខ្ញុំទៀតទេ។ ខ្ញុំប្រហែលជាមនុស្សចំលែក ប៉ុន្តែនេះគឺជាខ្ញុំ។” Honda បានបន្ថែមថាខ្លួនចូលចិត្ត “ការប្រកួតប្រជែងរឿងថ្មី” ។

ប៉ុន្តែលោក Honda ដែលបានចូលនិវត្តន៍ពីក្រុមជម្រើសជាតិជប៉ុន ក្នុងឆ្នាំ២០១៨ ជឿជាក់ថាខ្លួននៅតែអាចជម្រុញចិត្តចូលរួមក្នុងក្រុម U-23 ជប៉ុន សម្រាប់ព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូ ដែលពន្យារពេលរដូវក្តៅនេះ។

ខ្សែបម្រើប្រយុទ្ធដែលសង្ឃឹមថានឹងត្រូវបានជ្រើសរើសជាកីឡាករម្នាក់ ក្នុងចំនោមកីឡាករដែលមានអាយុលើស ២៣ឆ្នាំ ចំនួន ៣នាក់ នៅក្នុងក្រុមអាយុក្រោម ២៤ឆ្នាំរបស់ជប៉ុនបាននិយាយថា៖ “គ្មានអ្វីដែលមិនអាចទៅរួចនោះទេ ប៉ុន្តែវាមិនមែនជាស្ថានភាពងាយស្រួលសម្រាប់ខ្ញុំដូចគ្នា។ ខ្ញុំមិនត្រូវបានជ្រើសរើសទេរហូតមកដល់ពេលនេះ ខ្ញុំត្រូវបង្ហាញគ្រូបង្វឹកក្រុមជម្រើសជាតិថាខ្ញុំលេងបានល្អនៅទីនេះ។ ខ្ញុំមានមហិច្ឆិតាដើម្បីបង្ហាញថាខ្ញុំលេងបានល្អម្តងទៀតនៅទីនេះ។ ខ្ញុំគិតថាវាអាចទៅរួច។”

Honda បាននិយាយថាការលេងឱ្យ Neftci គឺជា “អាទិភាពរបស់ខ្លួនសម្រាប់ពេលនេះ” ប៉ុន្តែបានបដិសេធមិនគិតពីផែនការរបស់គេលើសពីរដូវកាលនៃក្របខ័ណ្ឌ Premier League របស់អាស៊ែបៃហ្សង់ ដែលនឹងបញ្ចប់នៅចុងខែឧសភា ខាងមុខនោះទេ។

Honda បាននិយាយថា៖ “ខ្ញុំមិនដែលមានអារម្មណ៍ថាខ្ញុំនឹងមកអាស៊ែបៃហ្សង់នៅពេលខ្ញុំចាប់ផ្តើមលេងបាល់ទាត់ទេ។ ខ្ញុំមិននឹកស្មានថានៅពេលខ្ញុំចាប់ផ្តើមលេងបាល់ទាត់ដែលខ្ញុំនឹងលេងនៅក្នុងប្រទេសចំនួន ៨ផ្សេងគ្នានោះដែរ។ ប៉ុន្តែឥឡូវនេះ និយាយដោយស្មោះត្រង់ ខ្ញុំពិតជាចង់លេងនៅក្នុងប្រទេសជាច្រើនទៀត។”

សូមបញ្ជាក់ថា អាស៊ែបៃហ្សង់ នឹងក្លាយជាប្រទេសបរទេសទី៨ ផ្សេងគ្នាដែល Honda នឹងលេងនៅលីគប្រទេសទាំងនោះ ដែលរួមមាននៅហូឡង់, រុស្ស៊ី, អ៊ីតាលី, ម៉ិកស៊ិក និងអូស្ត្រាលី រាប់បញ្ចូលទាំងព័រទុយហ្កាល់ផងដែរ បើទោះមានរយៈពេលខ្លី និងមិនបានបង្ហាញខ្លួនសូម្បីមួយប្រកួតក៏ដោយ៕

 

ប្រភព៖ AFP

មតិយោបល់