លោក Honda រកឃើញប្រទេសទី៧ ដែលខ្លួនទៅលេង ក្រោយចូលរួមជាមួយក្រុមនៅអាស៊ែបៃហ្សង់

មាស សុផាណារ៉ុង March 15, 2021


 

អាស៊ែបៃហ្សង់៖ អតីតកីឡាករជម្រើសជាតិជប៉ុន Keisuke Honda បានត្រៀមខ្លួនជាស្រេចក្នុងការចុះកុងត្រាជាមួយក្លិប Neftci PFK នៃក្របខ័ណ្ឌ Azerbaijan Premier League របស់អាស៊ែបៃហ្សង់ នៅប៉ុន្មានថ្ងៃខាងមុខនេះ។ នេះបើតាមការបញ្ជាក់ដោយក្លិបនៅលើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃសៅរ៍។

Honda វ័យ៣៤ឆ្នាំ ដែលក្លិបបាននិយាយថាពេលនេះស្ថិតនៅក្នុងរដ្ឋធានីបាគូ របស់អាស៊ែបៃហ្សង់ គឹអត់មានក្លិបលេងឲ្យចាប់តាំងពីបានចាកចេញពីក្រុមនៅប្រេស៊ីល កាលពីចុងឆ្នាំមុន។ ក្រោយមកអ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា រូបនេះក៏បានចុះកិច្ចសន្យាចូលរួមជាមួយក្លិប Portimonense របស់ព័រទុយហ្កាល់ សម្រាប់តែកិច្ចព្រមព្រៀងត្រូវបានលុបចោលវិញ នៅពេលដែលក្រុមមិនអាចចុះឈ្មោះឲ្យចូលប្រកួតបានទាន់ពេលវេលា។

អាស៊ែបៃហ្សង់ នឹងក្លាយជាប្រទេសបរទេសទី៧ ផ្សេងគ្នាដែល Honda នឹងលេងក្នុងនោះមាននៅហូឡង់, រុស្ស៊ី, អ៊ីតាលី, ម៉ិកស៊ិក និងអូស្ត្រាលី រាប់បញ្ចូលទាំងព័រទុយហ្កាល់ផងដែរ បើទោះមានរយៈពេលខ្លី និងមិនបានបង្ហាញខ្លួនសូម្បីមួយប្រកួតក៏ដោយ។

Honda ដែលបច្ចុប្បន្នជាអ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា គឺជាជនជាតិជប៉ុនតែមួយគត់ដែលរកគ្រាប់បាល់បាន នៅ World Cup បីលើកផ្សេងៗពីគ្នា៕

 

ប្រភព៖ kyodonews.net

មតិយោបល់