អ៊ីរ៉ង់ មិនពេញចិត្ត AFC ដែលផ្ដល់សិទ្ធិឲ្យបារ៉ែន ធ្វើម្ចាស់ផ្ទះជម្រុះ World Cup

មាស សុផាណារ៉ុង March 15, 2021


 

អាស៊ី៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានសម្រេចកំណត់ឲ្យប្រទេសបារ៉ែន ត្រូវទទួលធ្វើជាម្ចាស់ផ្ទះទឹកដីកណ្ដាលនៃ វគ្គជម្រុះបាល់ទាត់ពិភពលោក ប្រចាំទ្វីបអាស៊ី (2022 FIFA World Cup qualification – AFC Second Round) ប្រចាំពូល C  ដែលមាន អ៊ីរ៉ាក់, អ៊ីរ៉ង, ហុងកុង និងកម្ពុជា។

យ៉ាងណាមិញ យោងតាមសារព័ត៌មានអ៊ីរ៉ង់ tehrantimes បានចេញផ្សាយថា សហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ង់ ក៏ដូចជាគ្រូបង្វឹក បានសម្ដែងការមិនពេញចិត្ត និងចាត់ទុកថាជារឿងអយុត្តិធម៌ ជាមួយនឹងប្រការគួរឲ្យសង្ស័យ។

សារព័ត៌មានខាងលើបានសរសេរថា ដើមឡើយ អ៊ីរ៉ង់បានស្នើសុំធ្វើម្ចាស់ផ្ទះនៃពូល C រួចហើយ ប៉ុន្តែប្រទេសម្ចាស់ផ្ទះនៃពូលនេះបានទៅប្រទេសបារ៉ែន ទៅវិញ អ្វីដែលជាការមិនពេញថែមទៅទៀតនោះគឺ AFC មិនបាននិយាយជាសាធារណៈអំពីលក្ខណៈវិនិច្ឆ័យនៃការជ្រើសរើសប្រទេសម្ចាស់ផ្ទះនោះទេ ប៉ុន្តែយោងតាមសម្ដីរបស់គ្រូបង្វឹកអ៊ីរ៉ង់ លោក Dragan Skocic បានលើកឡើងថាការសម្រេចចិត្តនេះហាក់ដូចជាមានឥទ្ធិពលនៃការនិយាយបញ្ចុះបញ្ចូលពីបារ៉ែន ទៅ AFC ច្រើនជាងអ្វីផ្សេងពីនេះទៅទៀត។

អ្នកគាំទ្រអ៊ីរ៉ង់ដែលបានភ័យខ្លាចថាការសម្រេចចិត្តនេះនឹងត្រូវបានធ្វើឡើងនៅក្នុងរបៀបអំណាចងងឹត និងប្រាស់ចាកពីភាពត្រឹមត្រូវ។

គេបានលើកឡើងទៀតថា ប្រទេសខ្លាំងជាងគេទាំង ៨ ប្រចាំពូលនិមួយៗ មាន ៦ប្រទេសបានធ្វើជាម្ចាស់ផ្ទះទាំងអស់ លើកលែងតែ អ៊ីរ៉ង់ និងអូស្ត្រាលី (អូស្ត្រាលី មិនទទួលធ្វើដោយសាររដ្ឋាភិបាលរបស់គេ មិនអនុញ្ញាតិ) គ្រាដែលរដ្ឋាភិបាលអ៊ីរ៉ង់ បានអុញ្ញាតិទៅហើយផងដែរ។

សូមបញ្ជាក់ថា ក្រុម “គោព្រៃកម្ពុជា” នឹងត្រូវប្រកួតជាមួយបារ៉ែន នៅថ្ងៃទី០៣ បន្ទាប់មក អ៊ីរ៉ង់ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ហើយការប្រកួតចុងក្រោយជាមួយអ៊ីរ៉ាក់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា។

អ៊ីរ៉ាក់ គឺជាក្រុមនាំមុខគេក្នុងពូល ក្រោយប្រកួត ៥ដង មិន ១១ពិន្ទុ តាមពីក្រោយដោយក្រុមលេខ២ បារ៉ែន ចំនួន ២ពិន្ទុ​ (មាន ៩ពិន្ទុក្នុងដៃ) ខណៈអ៊ីរ៉ង់ ឈរនៅលេខ៣ មាន ៦ពិន្ទុ ប៉ុន្តែសល់ ១ប្រកួតក្នុងដៃ ខណៈ ហុងកុង (លេខ៤) កម្ពុជា (លេខ៥) ដែលអស់ឱកាសឡើងទៅជុំទី៣ នៃវគ្គជម្រុះបាល់ទាត់ពិភពលោក (World Cup) ទៅហើយនោះ នៅសល់ត្រឹមតែឱកាសប្រជែងធ្វើយ៉ាងណាឲ្យរួចផុតពីការប្រកួតជម្រុះពីវគ្គដំបូង (play-off round) ក្នុងពានជើងឯកអាស៊ី (AFC Asian Cup) ដើម្បីបានកៅអីមិនបាច់ជម្រុះ (បានចូលទៅវគ្គចែកពូល) តែប៉ុណ្ណោះ៕

 

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី – AFC

មតិយោបល់