ផ្លូវការ !!! កម្ពុជា ទៅជម្រុះ World Cup ប្រកួតដែលសេសសល់ នៅប្រទេសបារ៉ែន
មាស សុផាណារ៉ុង March 12, 2021
អាស៊ី៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ថ្មីៗនេះ បានសម្រេចកំណត់ប្រទេសដែលត្រូវទទួលធ្វើជាម្ចាស់ផ្ទះទឹកដីកណ្ដាលនៃ វគ្គជម្រុះបាល់ទាត់ពិភពលោក ប្រចាំទ្វីបអាស៊ី (2022 FIFA World Cup qualification – AFC Second Round) ជាផ្លូវការហើយ បន្ទាប់ពីបានសិក្សា និងពិចារណាជាច្រើនលើកច្រើនសាររួចមក។
ដោយសារក្តីបារម្ភនៃជំងឺកូវីដ-១៩ ការប្រកួតដែលនៅសេសសល់នឹងត្រូវធ្វើឡើងនៅទឹកដីកណ្តាល ពោលគឺប្រទេសដែលមានសុវត្ថិភាព និងមានលក្ខខណ្ឌគ្រប់គ្រាន់ជាងគេណាមួយក្នុងចំណោមប្រទេសដែលរួមពូលនីមួយៗ ឲ្យធ្វើជាម្ចាស់ផ្ទះ ជាក់ស្ដែង ក្រុមជម្រើសជាតិកម្ពុជា ដែលស្ថិតនៅពូល C ជាមួយ អ៊ីរ៉ាក់, អ៊ីរ៉ង, បារ៉ែន និងហុងកុង នោះ ទីបំផុតសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី សម្រេចឲ្យ ប្រទេសបារ៉ែន ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះទឹកដីកណ្ដាលទទួលក្រុមទាំង ៤ខាងលើ។
យោងលើលក្ខន្តិកៈ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី តម្រូវឲ្យប្រទេសដែលមានបំណងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតជម្រុះតាមពូល ព្រឹត្តិការណ៍ដដែលខាងលើ ត្រូវតែមានសណ្ឋាគារ លំដាប់ផ្កាយ៥ យ៉ាងតិចចំនួន៥ ជិតកន្លែងស្នាក់នៅរបស់ក្រុមចូលរួម, ទីលានហ្វឹកហាត់ដែលមានគុណភាពខ្ពស់ ចំនួន៥ និងពហុកីឡដ្ឋាន ចំនួន ២ ដែលត្រូវនឹងស្តង់ដារអន្តរជាតិ។
សូមបញ្ជាក់ថា ក្រុម “គោព្រៃកម្ពុជា” នឹងត្រូវប្រកួតជាមួយបារ៉ែន នៅថ្ងៃទី០៣ បន្ទាប់មក អ៊ីរ៉ង់ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ហើយការប្រកួតចុងក្រោយជាមួយអ៊ីរ៉ាក់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា។
អ៊ីរ៉ាក់ គឺជាក្រុមនាំមុខគេក្នុងពូល ក្រោយប្រកួត ៥ដង មិន ១១ពិន្ទុ តាមពីក្រោយដោយក្រុមលេខ២ បារ៉ែន ចំនួន ២ពិន្ទុ (មាន ៩ពិន្ទុក្នុងដៃ) ខណៈអ៊ីរ៉ង់ ឈរនៅលេខ៣ មាន ៦ពិន្ទុ ប៉ុន្តែសល់ ១ប្រកួតក្នុងដៃ ខណៈ ហុងកុង (លេខ៤) កម្ពុជា (លេខ៥) ដែលអស់ឱកាសឡើងទៅជុំទី៣ នៃវគ្គជម្រុះបាល់ទាត់ពិភពលោក (World Cup) ទៅហើយនោះ នៅសល់ត្រឹមតែឱកាសប្រជែងធ្វើយ៉ាងណាឲ្យរួចផុតពីការប្រកួតជម្រុះពីវគ្គដំបូង (play-off round) ក្នុងពានជើងឯកអាស៊ី (AFC Asian Cup) ដើម្បីបានកៅអីមិនបាច់ជម្រុះ (បានចូលទៅវគ្គចែកពូល) តែប៉ុណ្ណោះ៕
ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី – AFC