លីគកំពូលកម្ពុជា សប្ដាហ៍ទី១ មានកីឡាករ ១៧៧នាក់បានបង្ហាញខ្លួន ក្នុងនោះ ២រូបក្មេងជាងគេ

មាស សុផាណារ៉ុង March 12, 2021


 

ភ្នំពេញ៖ លីគកំពូលកម្ពុជា បានដំណើរការប្រកួតបាន ១សប្ដាហ៍រួចមកហើយ ក្នុងចំណោមក្លិបចំនួន ១៣ មាន​ ១២ក្លិបបានប្រកួតរួចរាល់ផងដែរ ស្មើនឹងកីឡាករ ១៧៧នាក់បានបង្ហាញខ្លួន (ទាំង ១១នាក់ដំបូង + កីឡាករប្ដូរចូល) ខណៈអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺមានកីឡាករក្មេងជាងគេក្នុងលីគ ២រូបក៏បានបង្ហាញខ្លួនដូចគ្នា។

កាលពីសប្ដាហ៍កន្លងទៅ ក្នុងចំណោមការប្រកួតទាំង ៦ ក្រុមដែលត្រូវប៉ះគ្នា ហើយបញ្ចប់លទ្ធផលប្រកួតរួមមាន៖

លម្អិតពីកីឡាករដែលបានបង្ហាញខ្លួនតាមប្រកួតនិមួយៗ ជាក់ស្ដែងការប្រកួតរវាង សូលទីឡូអង្គរ ជាមួយ ភ្នំពេញក្រោន មានកីឡាករចូលប្រកួតច្រើនជាងគេ ពោលគឺ ៣២នាក់ ទាំងកីឡាករ ១១នាក់ដំបូង + កីឡាករប្ដូរចូលម្ខាង ៥នាក់រៀងៗខ្លួន ខណៈការប្រកួតរវាង ព្រៃវែង ជាមួយ អង្គរថាយហ្គឺរ និង វិសាខា ជាមួយ កងយោធពលខេមរភូមិន្ទ មានកីឡាករចូលលេងត្រឹម ២៧នាក់ដូចគ្នា។

ដោយឡែក ការប្រកួតរវាង គីរីវង់សុខសែនជ័យ ជាមួយ អាស៊ីអ៊ឺរ៉ុបយូណាយធីត មាន ៣១នាក់, អគ្គិសនីកម្ពុជា ជាមួយ នគរបាលជាតិ និង បឹងកេត ជាមួយ ណាហ្គាវើលដ៍ ៣០នាក់ដូចគ្នា។

  • សូលទីឡូអង្គរ ប្រកួតជាមួយ ភ្នំពេញក្រោន: ២២នាក់ + ១០នាក់ = ៣២នាក់
  • អគ្គិសនីកម្ពុជា ប្រកួតជាមួយ នគរបាលជាតិ: ២២នាក់ + ៨នាក់ = ៣០នាក់
  • ព្រៃវែង ប្រកួតជាមួយ អង្គរថាយហ្គឺរ: ២២នាក់ + ៥នាក់ = ២៧នាក់
  • គីរីវង់សុខសែនជ័យ ប្រកួតជាមួយ អាស៊ីអ៊ឺរ៉ុបយូណាយធីត: ២២នាក់ + ៩នាក់ = ៣១នាក់
  • បឹងកេត ប្រកួតជាមួយ ណាហ្គាវើលដ៍: ២២នាក់ + ៨នាក់ = ៣០នាក់
  • វិសាខា ប្រកួតជាមួយ កងយោធពលខេមរភូមិន្ទ: ២២នាក់ + ៥នាក់ = ២៧នាក់

រឿងដែលគួរឲ្យចាប់អារម្មណ៍នោះ កីឡាករដែលវ័យក្មេងជាងគេដូចគ្នា ២រូបក្នុងលីគ សុទ្ធតែទទួលបានឱកាសបង្ហាញខ្លួនក្នុងសប្ដាហ៍ទី១ កន្លងទៅថ្មីៗនេះផងដែរ នោះគឺកីឡាករដែលកើតថ្ងៃ០៦ ខែធ្នូ និងឆ្នាំ២០០៤ ដូចគ្នា (ស្មើនឹងវ័យ ១៦ឆ្នាំ និង ៣ខែគត់ គិតត្រឹមថ្ងៃប្រកួត) មកពីក្លិបសូលទីឡូអង្គរ គួរ សុភ័ក្ត្រ បង្ហាញខ្លួនបាន ៤៥នាទី និងកីឡាករ ស៊ិន សុវណ្ណមករា របស់ក្លិបព្រៃវែង បង្ហាញខ្លួនបាន ៧២នាទី។

ស៊ិន សុវណ្ណមករា របស់ព្រៃវែង ប្រកួតជាមួយ អង្គរថាយហ្គឺរ

គួរ សុភ័ក្ត្រ របស់សូលទីឡូអង្គរ ប្រកួតជាមួយ ភ្នំពេញក្រោន

សូមរំឭកថា កាលពីរដូវកាលមុន កីឡាករ ឃាន់​ សុប៊ិន របស់ក្រុមសាលាបាល់ទាត់ជាតិបាទី អាយុក្រោម ១៨ឆ្នាំ គឺជាកីឡាករដែលមានវ័យក្មេងជាងគេក្នុងលីគ (កើតថ្ងៃទី០៨ ខែតុលា ឆ្នាំ២០០៤) ដោយបង្ហាញខ្លួនត្រឹមវ័យ ១៥ឆ្នាំ និងបានក្លាយជាកីឡាករមានវ័យក្មេងជាងគេទាត់បញ្ចូលទីនៅលីគកំពូលកម្ពុជា រដូវកាល២០២០ ត្រឹមវ័យ ១៥ឆ្នាំ ១០ខែ និង ២៨ថ្ងៃ ថែមទៀតផង៕

 

រូបភាព៖ មិត្តហ្វូនខេមបូឌានលីគ – Metfone Cambodian League

មតិយោបល់