កត្តាមួយចំនួនដែលរារាំង កម្ពុជា មិនអាចឲ្យទទួលធ្វើម្ចាស់ផ្ទះវគ្គជម្រុះ World Cup ពូល C

មាស សុផាណារ៉ុង February 23, 2021


 

អាស៊ី៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ថ្មីៗនេះ បានសម្រេចជាផ្លូវការពីការលើកពេលសារជាថ្មីនៃការប្រកួត វគ្គជម្រុះបាល់ទាត់ពិភពលោក ប្រចាំទ្វីបអាស៊ី (2022 FIFA World Cup qualification – AFC Second Round) តាមពូលមួយចំនួន ក្នុងនោះក៏មាន ពូល C ដែលកម្ពុជា ក៏នឹងចូលរួមប្រកួតផងដែរនោះ។

ពានរង្វាន់នេះត្រូវបានពន្យារទៅប្រកួតនៅខែមិថុនា ហើយឲ្យរៀបចំនៅលើទឹកដីកណ្ដាល ដោយមានប្រទេសមួយប្រចាំពូលនីមួយៗ ទទួលធ្វើជាម្ចាស់ផ្ទះ ហើយធ្វើនៅចន្លោះថ្ងៃទី០៣ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។

យ៉ាងណាមិញយោងលើលក្ខន្តិកៈ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី តម្រូវឲ្យប្រទេសដែលមានបំណងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតជម្រុះតាមពូល ព្រឹត្តិការណ៍ដដែលខាងលើ ត្រូវតែមានសណ្ឋាគារ លំដាប់ផ្កាយ៥ យ៉ាងតិចចំនួន៥ ជិតកន្លែងស្នាក់នៅរបស់ក្រុមចូលរួម, ទីលានហ្វឹកហាត់ដែលមានគុណភាពខ្ពស់ ចំនួន៥ និងពហុកីឡដ្ឋាន ចំនួន ២ ដែលត្រូវនឹងស្តង់ដារអន្តរជាតិ។

កត្តារារាំងដ៏សំខាន់មួយទៀតដែលអាចថាពិបាកជាងគេនោះ គឺសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ក៏ចង់តម្រូវឲ្យក្រុមទាំងអស់ត្រូវតែបានរួចផុតពីការធ្វើចត្តាឡីស័កផងដែរ ដោយគ្រាន់តែតម្រូវឲ្យមានការធ្វើតេស្ត កូវីដ-១៩ ជាមួយលទ្ធផលអវិជ្ជមាន ប៉ុណ្ណោះ។ ប៉ុន្តែនៅពេលនេះ កម្ពុជា មិនមានគោលការណ៍ពិសេសដែលអនុញ្ញាតឲ្យធ្វើបែបនេះនោះទេ ពោលគឺអ្នកដែលចូលប្រទេសកម្ពុជា នឹងត្រូវធ្វើចត្តាឡីស័ក យ៉ាងហោចណាស់រយៈពេល ១៤ថ្ងៃជាមុនសិន។

យ៉ាងណាមិញ រយៈពេលនៃការប្រកួតដែលនឹងត្រូវមកដល់គឺនៅសល់ប្រហែលជាង ៣ខែទៀតផងដែរ គ្រាដែលក្នុងរយៈពេល ៣ខែអ្វីៗអាចនឹងប្រែប្រួល យោងលើស្ថានភាពវិវឌ្ឍន៍នៃជំងឺកូវីដ-១៩ នៅជុំវិញពិភពលោក អាស្រ័យលើវ៉ាកសាំងដែលបាននឹងកំពុងចរាចរប្រើប្រាស់ស្ទើរជុំវិញពិភពលោក ខណៈមានកត្តាមួយទៀត នៅអំឡុង ៣ខែខាងមុខទៀត កម្ពុជា នឹងមានពហុកីឡដ្ឋាន ដែលត្រូវនឹងស្តង់ដារអន្តរជាតិ ពោលគឺពហុកីឡដ្ឋានជាតិមរតកតេជោ។

សូមបញ្ជាក់ថា ក្រុម “គោព្រៃកម្ពុជា” នឹងត្រូវប្រកួតជាមួយបារ៉ែន និងអ៊ីរ៉ង់ នៅថ្ងៃទី០៣ និងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ហើយការប្រកួតចុងក្រោយជាមួយអ៊ីរ៉ាក់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា។ ហើយប្រទេស អ៊ីរ៉ង់ ត្រូវបានគេកត់សម្គាល់ថាជាបេក្ខភាពដែលមានភាគរយទទួលធ្វើជាម្ចាស់ផ្ទះពូល C នេះច្រើនជាងគេ។

អ៊ីរ៉ាក់ គឺជាក្រុមនាំមុខគេក្នុងពូល ក្រោយប្រកួត ៥ដង មិន ១១ពិន្ទុ តាមពីក្រោយដោយក្រុមលេខ២ បារ៉ែន ចំនួន ២ពិន្ទុ​ (មាន ៩ពិន្ទុក្នុងដៃ) ខណៈអ៊ីរ៉ង់ ឈរនៅលេខ៣ មាន ៦ពិន្ទុ ប៉ុន្តែសល់ ១ប្រកួតក្នុងដៃ ខណៈ ហុងកុង (លេខ៤) កម្ពុជា (លេខ៥) ដែលអស់ឱកាសឡើងទៅជុំទី៣ នៃវគ្គជម្រុះបាល់ទាត់ពិភពលោក (World Cup) ទៅហើយនោះ នៅសល់ត្រឹមតែឱកាសប្រជែងធ្វើយ៉ាងណាឲ្យរួចផុតពីការប្រកួតជម្រុះពីវគ្គដំបូង (play-off round) ក្នុងពានជើងឯកអាស៊ី (AFC Asian Cup) ដើម្បីបានកៅអីមិនបាច់ជម្រុះ (បានចូលទៅវគ្គចែកពូល) តែប៉ុណ្ណោះ៕

មតិយោបល់