អ៊ីរ៉ង់ ដាក់សំណើធ្វើម្ចាស់ផ្ទះការប្រកួតជម្រុះ World Cup ប្រចាំពូល C

មាស សុផាណារ៉ុង February 18, 2021


 

អ៊ីរ៉ង់៖ សហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ង់ បានដាក់សំណើជាផ្លូវការកាលពីថ្ងៃអង្គារ ទៅកាន់សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) ដើម្បីធ្វើជាម្ចាស់ផ្ទះទឹកដីកណ្ដាល ទទួលរៀបចំការប្រកួតវគ្គជម្រុះបាល់ទាត់ពិភពលោក (2022 FIFA World Cup qualification – AFC Second Round) ឆ្នាំ២០២២ ប្រចាំពូល C ។

ការដាក់សំណើរនេះ ដោយយោងតាមសេចក្តីសំរេចរបស់ AFC ពានរង្វាន់នេះត្រូវបានពន្យារទៅប្រកួតនៅខែមិថុនា ហើយឲ្យរៀបចំនៅលើទឹកដីកណ្ដាល ដោយមានប្រទេសមួយប្រចាំពូលនីមួយៗ ទទួលធ្វើជាម្ចាស់ផ្ទះ ហើយធ្វើនៅចន្លោះថ្ងៃទី០៣ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។

យោងលើហេតុផលនេះ សហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ង់ បានសម្រេចដាក់ពាក្យស្នើរសុំ ក្នុងនាមខ្លួនក៏ជាប្រទេសដែលគ្រប់គ្រងកូវីដ-១៩ បានល្អប្រសើរផងដែរ ក្នុងចំនោមប្រទេសដទៃទៀត ជាពិសេសជាមួយកីឡដ្ឋានដ៏សម្បូរបែបរបស់គេ។ យ៉ាងណាមិញ ការសម្រេចគឺស្ថិតនៅលើសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC)។

និយាយពី “គោព្រៃកម្ពុជា” នឹងត្រូវប្រកួតជាមួយបារ៉ែន និងអ៊ីរ៉ង់ នៅថ្ងៃទី០៣ និងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ហើយការប្រកួតចុងក្រោយជាមួយអ៊ីរ៉ាក់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា។ ហើយ កម្ពុជា ធ្លាប់មានប្រវត្តិឈឺចាប់នៅលើទឹកដីអ៊ីរ៉ង់ កាលពីឆ្នាំ២០១៩ បន្ទាប់ចាញ់ម្ចាស់ផ្ទះដល់ទៅ ១៤ទល់០ ក្នុងជំនួបទី៣ ប្រចាំពូល៕

 

ប្រភព៖ tehrantimes

មតិយោបល់