វគ្គជម្រុះបាល់ទាត់ពិភពលោក (ទ្វីបអាស៊ី) លើកពេលសារជាថ្មីទៅធ្វើនៅខែមិថុនា និងប្រកួតលើទឹកដីកណ្ដាល

មាស សុផាណារ៉ុង February 17, 2021


 

អាស៊ី៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ថ្មីៗនេះ បានលើកពេលសារជាថ្មីនៃការប្រកួត វគ្គជម្រុះបាល់ទាត់ពិភពលោក ប្រចាំទ្វីបអាស៊ី (2022 FIFA World Cup qualification – AFC Second Round) ដែលបានលើកពេល ជាច្រើនលើកច្រើនសាររួចមក។

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដើមឡើយគ្រោងនឹងជួបបារ៉ែន និងអ៊ីរង់ នៅថ្ងៃទី២៥ និងថ្ងៃទី៣០ ខែមីនា នៅក្រោដី (ប្រទេសបារ៉ែន) និងក្នុងដី (នៅភ្នំពេញ) រៀងៗខ្លួនប៉ុន្តែការប្រកួតត្រូវបានពន្យារពេលដល់ខែមិថុនា វិញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានក្នុងប្រទេសអ៊ីរ៉ង់ tehrantimes

យ៉ាងណាមិញ បច្ចុប្បន្ននេះសហព័ន្ធបានប្រកាសកាលបរិច្ឆេទថ្មីសម្រាប់ការប្រកួតដែលនៅសល់ ពោលយោងទៅតាមការសម្រេចចិត្ត “គោព្រៃកម្ពុជា” នឹងត្រូវប្រកួតជាមួយបារ៉ែន និងអ៊ីរ៉ង់ នៅថ្ងៃទី០៣ និងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ហើយការប្រកួតចុងក្រោយជាមួយអ៊ីរ៉ាក់ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា។

ដោយសារក្តីបារម្ភនៃជំងឺកូវីដ-១៩ ការប្រកួតដែលនៅសេសសល់នឹងត្រូវធ្វើឡើងនៅទឹកដីកណ្តាល ខណៈសារព័ត៌មានដដែលខាងលើបានបញ្ជាក់ថា អ៊ីរ៉ង់បានដាក់ពាក្យស្នើសុំធ្វើម្ចាស់ផ្ទះការប្រកួតរួចទៅហើយ។

អ៊ីរ៉ាក់ គឺជាក្រុមនាំមុខគេក្នុងពូល ក្រោយប្រកួត ៥ដង មិន ១១ពិន្ទុ តាមពីក្រោយដោយក្រុមលេខ២ បារ៉ែន ចំនួន ២ពិន្ទុ​ (មាន ៩ពិន្ទុក្នុងដៃ) ខណៈអ៊ីរ៉ង់ ឈរនៅលេខ៣ មាន ៦ពិន្ទុ ប៉ុន្តែសល់ ១ប្រកួតក្នុងដៃ ខណៈ ហុងកុង (លេខ៤) កម្ពុជា (លេខ៥) ដែលអស់ឱកាសឡើងទៅជុំទី៣ នៃវគ្គជម្រុះបាល់ទាត់ពិភពលោក (World Cup) ទៅហើយនោះ នៅសល់ត្រឹមតែឱកាសប្រជែងធ្វើយ៉ាងណាឲ្យរួចផុតពីការប្រកួតជម្រុះពីវគ្គដំបូង (play-off round) ក្នុងពានជើងឯកអាស៊ី (AFC Asian Cup) ដើម្បីបានកៅអីមិនបាច់ជម្រុះ (បានចូលទៅវគ្គចែកពូល) តែប៉ុណ្ណោះ។

ចំពោះការប្រកួតជុំទី២ វគ្គជម្រុះបាល់ទាត់ពិភពលោក (2022 FIFA World Cup qualification – AFC Second Round) ត្រូវបានពន្យាពេលដល់ទៅ ៣លើក ដោយលើកដំបូងគឺនៅខែមីនា និងមិថុនា គម្រោងលើកទៅប្រកួតខែតុលា និងវិច្ឆិកា ឆ្នាំ២០២០ តែក្រោយមកទៀតក៏សម្រេចលើកក្នុងអំឡុងខែតុលា និងវិច្ឆិកា មកប្រកួតនៅក្នុងអំឡុងខែមីនា និងមិថុនា ឆ្នាំ២០២១ នេះសារជាថ្មីក្នុងស្ថានភាពដូចគ្នាដោយសារជំងឺកូវីដ-១៩ ខណៈក្រុមគោព្រៃកម្ពុជា នៅសល់ ៣ប្រកួតក្នុងដៃ ហើយកម្មវិធីផ្លាស់ប្ដូររួមមាន កម្ពុជា ត្រូវជួបក្រុមជម្រើសជាតិបារ៉ែន បន្ទាប់ត្រូវទទួលអ៊ីរ៉ង់ និងប្រកួតចុងក្រោយរបស់កម្ពុជា ត្រូវជួបអ៊ីរ៉ាក់ ដែលគ្រោងថ្វើនៅខែមីនា ខាងមុខ និងខែមិថុនា ត្រូវលើកទៅធ្វើរួមគ្នានៅខែមិថុនា ហើយនៅលើទឹកដីកណ្ដាលផ្ទាល់តែម្ដង។

សូមបញ្ជាក់ថា ជំងឺកូវីដ-១៩ ដែលបានផ្ទុះឡើងកាលពីខែធ្នូ ឆ្នាំ២០១៩ បាននាំឲ្យការប្រកួតបាល់ទាត់ជុំវិញពិភពលោក ទាំងក្នុងស្រុក និងក្រៅស្រុកបានសម្រេចផ្អាក ក៏ដូចជាពន្យាពេលជាបន្តបន្ទាប់ ដើម្បីបង្ការការរីករាលដាលនៃវីរុសនេះ​៕

 

ប្រភព៖ tehrantimes

មតិយោបល់