ពានសម្តេចតេជោ ហ៊ុន សែន (ថ្នាក់ខេត្ត) ចាប់ផ្ដើមថ្ងៃនេះ ជាមួយនឹងការពង្រីកវិសាលភាពផ្សាយ

មាស សុផាណារ៉ុង February 16, 2021


 

ភ្នំពេញ៖ ការប្រកួតដណ្ដើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២១ វគ្គថ្នាក់ខេត្ត គ្រោងនឹងចាប់ផ្ដើមពីថ្ងៃ១៦ ខែកុម្ភៈ នេះតទៅហើយ ដោយមានក្រុមទាំងអស់ចំនួន ២១ចូលរួម។

ជាមួយនឹងការប្រកួតតាមទម្រង់ដដែលនេះ នៅវគ្គថ្នាក់ខេត្ត ឆ្នាំ២០២១ នឹងមានក្រុមចំនួន ២១ចូលរួមប្រកួត មកពីស្ទើរគ្រប់រាជធានី-ខេត្ត ពោលគឺអវត្តមានតែ ៣ខេត្តប៉ុណ្ណោះ មាន ខេត្តមណ្ឌលគីរី, ក្រចេះ និងស្ទឹងត្រែង ខណៈរាជធានី-ខេត្ត ដទៃទៀតសុទ្ធតែចូលរួម​មាន មានការបែងចែកពូល ជា ៦ពូល (ពូល ​ក ដល់ពូល ច) ហើយក្នុង ១ពូលមាន ៤ក្រុម ឬ ៣ក្រុម ដូចខាងក្រោម៖

ការប្រកួតនឹងធ្វើឡើងចំនួន ២ជើង (ក្រៅដី និងក្នុងដី) ហើយក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ១ និងលេខ២ ប្រចាំពូលនីមួយៗ បូករួមជាមួយក្រុមលេខ៣ ល្អជាងគេចំនួន ៤ក្រុម នឹងត្រូវឡើងទៅប្រកួតវគ្គ ១៦ក្រុមចុងក្រោយ បន្ទាប់មកបន្តជម្រុះវគ្គ ៨ក្រុមចុងក្រោយ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ ហើយមានតែ ៣ក្រុមប៉ុណ្ណោះ ពីលេខ១ ដល់លេខ៣ ដែលបានកៅអីឡើងវគ្គ ១៦ក្រុមចុងក្រោយថ្នាក់ជាតិ ត្រូវទៅប្រកួតជាមួយក្រុមនៅលីគកំពូលកម្ពុជា។

ជាមួយគ្នាផងដែរ អ្វីដែលប្លែកនៅឆ្នាំនេះ គឺមានការពង្រីកវិសាលភាពនៃការផ្សាយផ្ទាល់ ពោលគឺ ទូរទស្សន៍ជាតិកម្ពុជា (ទទក) នឹងចូលរួមផ្សាយផ្ទាល់ពីព្រឹត្តិការណ៍នេះ ជាមួយទូរទស្សន៍ BTV News និងទំព័រគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា រួមទាំងទំព័រកម្ពុជាថ្មី។

សម្រាប់សប្ដាហ៍ទី១ នៃពានរង្វាន់ដដែលនេះមានដូចខាងក្រោម៖

សូមបញ្ជាក់ថា នេះជាឆ្នាំទី១៥ ហើយ ដែលពានកម្រិតទី២ ប្រចាំប្រទេសមួយនេះដំណើរការឡើង ខណៈឆ្នាំចុងក្រោយក្រុមដែលទទួលតំណែងជើងឯក វគ្គថ្នាក់ខេត្តគឺបានទៅ ខេត្តព្រៃវែង ក្រោយយកឈ្នះ ខេត្តត្បូងឃ្មុំ ១ទល់០ ស្របពេលដែលក្រុមជើងឯពានរង្វាន់នេះជាផ្លូវការវិញ គឺបានទៅលើ ក្លិបបាល់ទាត់វិសាខា បន្ទាប់ពីបានយកឈ្នះ ណាហ្គាវើលដ៍ ២ទល់០ នៅវគ្គផ្ដាច់ព្រ័ត្រ៕

 

រូបភាព៖ Hun Sen Cup – ពានរង្វាន់សម្តេច ហ៊ុន សែន

មតិយោបល់