ក្រុមចំណូលថ្មី ‘ក្រមុំកសិករ’ នាំចូលកីឡាករបន្ថែមភាគច្រើនមានទំនាក់ទំនងជាមួយ ក្លិបវិសាខា

មាស សុផាណារ៉ុង February 8, 2021


 

ព្រៃវែង៖ ក្រុមចំណូលថ្មីរហស្សនាម ‘ក្រមុំកសិករ’ ក្លិបបាល់ទាត់ខេត្តព្រៃវែង ក្នុងសប្ដាហ៍កន្លងទៅថ្មីៗនេះ បាននាំចូលកីឡាករបន្ថែមជាច្រើននាក់ ហើយភាគច្រើនមានទំនាក់ទំនងជាមួយ ក្លិបបាល់ទាត់វិសាខា ដែលគេស្គាល់ច្បាស់ថាជាក្លិបដែលធ្លាប់មានសម្ព័ន្ធជាមួយគ្នា។

យោងតាមការប្រកាសផ្លូវការនៅលើទំព័ររបស់ក្លិប ក្នុងរយៈពេលត្រឹមតែ ៤ថ្ងៃ ក្រុមដែលមានមូលដ្ឋាននៅខេត្តព្រៃវែង មួយនេះបានចុះកិច្ចសន្យានាំយកកីឡាករចំនួន ៦រូប ខ្មែរ ៥រូប និងបរទេស ១រូប រួមមាន កីឡាករ សុិន សុវណ្ណមករា, ឡេង ណូរ៉ា, គង់ ភ័ត្ត្រា និងកីឡាករបរទេសសញ្ជាតិអូបេគីស្ថាន Mirzaev Alisher Umidovich ទាំង ៤រូបនេះ មកពីក្លិបវិសាខា ខណៈកីឡាករ​ ២រូបទៀត គីម សុបញ្ញា ជាមួយ មាន រតនា ជាកីឡាករខ្មែរ ដែលធ្លាប់រស់នៅ និងហ្វឹកហាត់នៅប្រទេសថៃ។

គួររំឭកថា ក្លិបបាល់ទាត់ខេត្តព្រៃវែង បានក្លាយជាម្ចាស់ជើងឯក ការប្រកួតពានរង្វាន់ជម្រើសជើងឯកជាតិ លីគទី២ ‘លីគលំដាប់ទី២ កម្ពុជា’ (Cambodian Second League) រដូវកាល២០២០ និងបានកៅអីឡើងលីគកំពូលកម្ពុជា កាលពីល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ដោយក្រោយយកឈ្នះ ក្រុមយុវជនសមាគមកីឡាកងយោធពលខេមរភូមិន្ទ (ទ័ព) អាយុក្រោម ២១ឆ្នាំ ដោយលទ្ធផល ៥ទល់២។

កាលពីពេលថ្មីៗនេះ ក្លិបបាល់ទាត់ខេត្តព្រៃវែង ក៏បានធ្វើការប្រកាសតែងតាំងគ្រូបង្គោលថ្មីរបស់ខ្លួនសញ្ជាតិថៃ លោក Thongchai Rungreangles ផងដែរជាគ្រូ​បង្វឹកដែលសញ្ញាបត្រ​កម្រិត UEFA Pro License  បច្ចុប្បន្នលោកមានវ័យ ៣៤ឆ្នាំ និងធ្លាប់ធ្វើជាគ្រូជំនួយជម្រើសជាតិថៃ អាយុក្រោម ១៩ឆ្នាំ កាលពីឆ្នាំ២០១៥ ហើយឆ្នាំ២០១៨ លោកកាន់តំណែងជាគ្រូបង្វឹកយុវជនក្លិប Thailand Bangkok Glass ដែលបច្ចុប្បន្នជាក្លិបកំពុងឡើងជើងខ្លាំងនៅថៃ BG Pathum United។

លោកក៏ធ្លាប់ជាគ្រូបង្វឹកជម្រើសជាតិថៃ អាយុក្រោម១៦ឆ្នាំ លេងក្នុងពានរង្វាន់ 2018 AFF U-16 Youth Championship ដែលឈ្នះជើងឯករង និងពាន 2018 AFC U-16 Championship ឡើងទៅវគ្គចែកពូល នៅពាក់កណ្ដាលឆ្នាំ២០១៨ ដល់ចុងឆ្នាំ ២០១៩ ផងដែរ៕

មតិយោបល់