កម្មវិធី «ការតាំងបង្ហាញរូបថតកីឡាបាល់ទាត់ ២០២១» រកឃើញម្ចាស់ជ័យលាភីឆ្នាំដំបូង

មាស សុផាណារ៉ុង February 5, 2021


 

ភ្នំពេញ៖ កម្មវិធី «ការតាំងបង្ហាញរូបថតកីឡាបាល់ទាត់ ២០២១» ឬ CNCC Football Photos Show 2021 បានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ នេះ នៅផ្សារទំនើប AEON Mall សែនសុខ និងបានរកឃើញម្ចាស់ជ័យលាភីឆ្នាំដំបូង ផងដែរ។

យ៉ាងណានៅមុនពេលកម្មវិធីការតាំងពិព័រណ៌ និងការបង្ហាញរូបថតនៅក្នុងកម្មវិធីនេះ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ​និងមជ្ឈមណ្ឌលអាស៊ីនៃមូលនិធិជប៉ុន (JFACPP) បានសហការរៀបចំនុវការប្រកួតរូបថតសម្រាប់អ្នកថតរូបអាជីព ហើយអ្នកដែលឈ្នះគឺនឹងត្រូវបានអញ្ជើញឲ្យបង្ហាញរូបថតដែលជាស្នាដៃរបស់ពួកគេនៅក្នុងកម្មវិធីការតាំងបង្ហាញរូបថតកីឡាបាល់ទាត់២០២១ នេះផងដែរដោយរួមជាមួយគ្នានេះរូបថតផ្សេងៗគ្នាទៀតដ៏គួរឲ្យចាប់អារម្មណ៍របស់ក្លិបទាំង ១១ និងរូបថតពី CNCC។

កម្មវិធីដ៏ធំមួយនេះ បង្កើតឡើងក្នុងគោលបំណង ផ្ដល់ឱកាសឱ្យអ្នកថតរូបទាំងអស់ ទទួលបានការវាយតម្លៃ និងលើកស្ទួយវិជ្ជាជីវៈរបស់ពួកគេ ដើម្បីសម្រួចឆន្ទៈ និងសមត្ថភាពផ្ដិតយករូបភាពកីឡាបាល់ទាត់ ឆ្ពោះទៅភាពជោគជ័យដ៏ធំ នាព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ខាងមុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

CNCC រំពឹងថាការប្រកួតថតរូប និងការតាំងបង្ហាញរូបថតកីឡាបាល់ទាត់នេះ នឹងបង្កើតបានជាការរយមបញ្ចូលគ្នាជាមយយកម្មវិធីផ្សេងៗទៀតរួមទាំងសិក្ខាសិលាស្ដីពីសារព័ត៌មានកីឡា។ ដោយឡែក JFACPP ក៏រំពឹងដែរថា កម្មវិធីផ្សេងៗរបស់គេនឹងពង្រឹងក្រុមយុវជន និងអភិវឌ្ឍន៍សមត្ថភាពទំនាក់ទំនងសាធារណៈក្នុងវិស័យកីឡាបាល់ទាត់អាចចូលរួមចំណែកដល់ការខិតខំប្រឹងប្រែងរបស់ CNCC និងរាជរដ្ឋាភិបាលឆ្ពោះទៅកាន់ស៊ីហ្គេម។ ទាំង CNCC និង JFACPP សង្ឃឹមថានឹងទទួលបានការលើកទឹកចិត្តដល់អ្នកថតរូបពីសំណាក់ទស្សនិកជនដែលបានមកទស្សនាការតាំងបង្ហាញរូបថតកីឡាបាល់ទាត់នេះផងដែរ។

ជាលទ្ធផល ក្នុងចំណោមអ្នកថតរូបអាជីព ៣នាក់ចុងក្រោយ លោក នី វ៉ាន់ឌី ទទួលបានចំណាត់ថ្នាក់លេខ១ (ជាអ្នកថតរូបប្រចាំ ក្លិបបាល់ទាត់ ភ្នំពេញក្រោន), លោខ២ យូសុះ អាប់ឌុលរ៉ាស់ហ៊ីម ទទួលបានចំណាត់ថ្នាក់លេខ២ (ជាអ្នកថតរូបប្រចាំ ភ្នំពេញប៉ុស្ត៍) និងលេខ៣ លោកយ៉ា ប៉ោទ្រី ទទួលបានចំណាត់ថ្នាក់លេខ៣ (ជាអ្នកថតរូបប្រចាំ ក្លិបបាល់ទាត់ណាហ្គាវើលដ៍)។

សូមបញ្ជាក់ថា កម្មវិធី «ការតាំងបង្ហាញរូបថតកីឡាបាល់ទាត់ ២០២១» នៅផ្សារទំនើប AEON Mall សែនសុខ ចាប់ផ្ដើមពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកុម្ភៈ៕

 

រូបភាព៖ ផ្ដល់ឲ្យដោយ CNCC – គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា

មតិយោបល់