សារព័ត៌មានថៃ បង្ហើបថាកីឡាករ Hulk របស់ថៃ កំពុងស្ថិតនៅក្នុងពាក្យចចាមអារាម មកចូលរួមភ្នំពេញក្រោន

មាស សុផាណារ៉ុង February 3, 2021


 

ភ្នំពេញ៖ សារព័ត៌មានដ៏ល្បីរបស់ថៃ siamsport បានចាប់អារម្មណ៍បង្ហើបថាកីឡាករ Siroch Chatthong រហស្សនាម Hulk ថៃ  កំពុងស្ថិតនៅក្នុងពាក្យចចាមអារាម មកចូលរួមភ្នំពេញក្រោន។ ការចុះផ្សាយបែបនេះ គឺបន្ទាប់ពីមានការបែកធ្លាយទិន្នន័យក្នុងប្រព័ន្ធ wikipedia របស់ក្លិបភ្នំពេញក្រោន និងរបស់កីឡាករ Siroch ផ្ទាល់។

ភាពប្រទាក់ក្រឡាគ្នានេះផងដែរ គឺចំពេលដែល ភ្នំពេញក្រោន កំពុងខ្វះខ្សែប្រយុទ្ធកណ្ដាលម្នាក់ទៀតដើម្បីយកមកបង្រ្កប់កូតាកីឡាករបរទេសចុងក្រោយ ខណៈ Siroch Chatthong នេះផ្ទាល់កំពុងពុំសូវមានឱកាសបង្ហាញខ្លួនជាមួយក្លិបដែលកំពុងឡើងជើងនៅលីគកំពូលថៃ BG Pathum United ស្រាប់ ដោយស្ថិតនៅជម្រើសទី៤ បន្ទាប់ពីកីឡាករ Diogo, ខ្សែប្រយុទ្ធថៃទាំងពីរ Teerasil Daengda និង Chenrop Samphaodi។

យ៉ាងណាក៏ដោយ មកទល់ពេលនេះ មិនទាន់មានការបកស្រាយពីថ្នាក់ដឹកនាំក្លិបភ្នំពេញក្រោន នៅឡើយទេ ដ្បិតព័ត៌មាននេះកំពុងទទួលការចាប់អារម្មណ៍។

គួរដឹងដែរថា ភ្នំពេញក្រោន បច្ចុប្បន្នមានកីឡាករបរទេស ៤នាក់រួចទៅហើយរួមមាន​ កីឡាករកូឡុំបី Andrés Nieto, កីឡាករប្រេស៊ីល Matheus Souza និងកីឡាករជប៉ុន ២រូប Yudai Ogawa ជាមួយ Takaki Ose៕

 

ប្រភព៖ siamsport

មតិយោបល់