គ្រូបង្វឹកថ្មីរបស់ក្លិបព្រៃវែង ក្លាយជាគ្រូជនជាតិថៃ ទី៣ ដែលមកធ្វើការនៅលីគកំពូលកម្ពុជា
មាស សុផាណារ៉ុង February 3, 2021
ព្រៃវែង៖ ក្រុមចំណូលថ្មីដែលទើបនឹងបានឡើងលីគកំពូលកម្ពុជា រដូវកាល២០២១ កាលពីពេលថ្មីៗនេះ ក្លិបបាល់ទាត់ខេត្តព្រៃវែង នាល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិលមិញបានធ្វើការប្រកាសតែងតាំងគ្រូបង្គោលថ្មីរបស់ខ្លួនសញ្ជាតិថៃ លោក Thongchai Rungreangles និងត្រូវបានគេចាត់ទុកថា ជាគ្រូជនជាតិថៃ ទី៣ ដែលមកធ្វើការនៅលីគកំពូលកម្ពុជា។
លោក Thongchai Rungreangles គឺជាគ្រូបង្វឹកដែលសញ្ញាបត្រកម្រិត UEFA Pro License បច្ចុប្បន្នលោកមានវ័យ ៣៤ឆ្នាំ និងធ្លាប់ធ្វើជាគ្រូជំនួយជម្រើសជាតិថៃ អាយុក្រោម ១៩ឆ្នាំ កាលពីឆ្នាំ២០១៥ ហើយឆ្នាំ២០១៨ លោកកាន់តំណែងជាគ្រូបង្វឹកយុវជនក្លិប Thailand Bangkok Glass ដែលបច្ចុប្បន្នជាក្លិបកំពុងឡើងជើងខ្លាំងនៅថៃ BG Pathum United។
លោកក៏ធ្លាប់ជាគ្រូបង្វឹកជម្រើសជាតិថៃ អាយុក្រោម១៦ឆ្នាំ លេងក្នុងពានរង្វាន់ 2018 AFF U-16 Youth Championship ដែលឈ្នះជើងឯករង និងពាន 2018 AFC U-16 Championship ឡើងទៅវគ្គចែកពូល នៅពាក់កណ្ដាលឆ្នាំ២០១៨ ដល់ចុងឆ្នាំ ២០១៩ ផងដែរ។
ការមកដល់លីគកំពូលកម្ពុជា របស់លោក Thongchai Rungreangles ធ្វើឲ្យលោកក្លាយជាគ្រូបង្វឹកជនជាតិថៃទី៣ ដែលដឹកនាំក្រុមប្រកួតក្នុងពានរង្វាន់ផ្លូវការនៅកម្ពុជា បន្ទាប់ពី លោក Apisit Im Amphai ដែលធ្លាប់ដឹកនាំ ភ្នំពេញអ៊ិមផាយអឺរ (បច្ចុប្បន្ន ភ្នំពេញក្រោន) ក្លិបបឹងកេត និងបច្ចុប្បន្នកំពុងដឹកនាំ ក្លិបកោះកុងអេហ្វស៊ី ជាក្រុមលេងនៅក្នុងលីគទី២ កម្ពុជា និងបន្ទាប់ពី លោក Ekapob Potisai ដែលកំពុងដឹកនាំក្លិបគីរីវង់សុខសែនជ័យ មានមូលដ្ឋាននៅខេត្តតាកែវ៕