អគ្គិសនីកម្ពុជា នៅតែប្រកាន់គោលជំហរមិនយកកីឡាករបរទេស​ មកជួយក្រុមសម្រាប់រដូវកាល២០២១

មាស សុផាណារ៉ុង February 1, 2021


 

ភ្នំពេញ៖ ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា ដែលត្រូវបានគេស្គាល់ថាជាក្លិបដែលប្រើប្រាស់តែធនធានកីឡាករខ្មែរសុទ្ធសាធ ចាប់តាំងពីក្លិបបង្កើតឡើងមកនោះ នៅរដូវកាល២០២១ ក៏នៅតែប្រកាន់គោលជំហរមិននាំយកកីឡាករបរទេស​ មករួមក្រុមដដែល។ នេះបើយោងតាមការបញ្ជាក់ដោយ លោក មាស សំអឿន គ្រូបង្វឹកនៃក្លិបអគ្គិសនីកម្ពុជា ផ្ទាល់។

ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះ លោក មាស សំអឿន បានបង្ហើបពីស្ថានភាពរបស់ក្រុមមុនរដូវកាលថ្មី ២០២១ មកដល់ ជាមួយនឹងការរក្សាគោលការណ៍ផ្ដល់ឱកាសដល់យុវជន និងកីឡាករក្នុងស្រុក ថែមទាំងព័ត៌មានមួយចំនួនជុំវិញការនាំចូលកីឡាករថ្មី។

លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «សម្រាប់ក្រុម EDC គឺថ្នាក់ដឹកនាំផ្ទាល់គាត់នៅតែប្រកាន់គោលកាណ៍ គឺអត់យកកីឡាករបរទេសដដែល គឺប្រើកីឡាករកម្ពុជាយើងសុទ្ធ ពិសេសសង្គត់ធ្ងន់ទៅលើយុវជន អភិវឌ្ឍន៍ដើម្បីយុវជន។ … និយាយរួមទៅកីឡាករអគ្គិសនីកម្ពុជា យុវជនសុទ្ធចូល ៣០នាក់ ហើយនៅក្នុងអ្នកលេងទាំងអស់នេះ បើខ្ញុំគិតទៅ ៩០ភាគរយគឺយុវជនសុទ្ធតែម្ដង អត់មានកីឡាករបរទេសទេ។»

លោកក៏បានបង្ហើបពីការនាំចូលកីឡាកករថ្មីផងដែរទាំងកិច្ចសន្យាពេញលេញ និងក្នុងលក្ខខណ្ឌខ្ចីជើង ក្នុងនោះរួមមានមកពីវិសាខា ៣រូប (គឹម ឆាយា ជាមួយ ម៉ាត់ សាក់រ៉វី ពេញសិទ្ធិ និង ប៊ុនធឿន ប៊ុនណារ៉ុង ខ្ចីជើង), ចិន វណ្ណៈ មកពីនគរបាលជាតិ, សំ ពៅ មកពីអង្គរថាយហ្គឺរ និងយុវជនមកពីសាលាបាល់ទាត់ជាតិបាទី ៤នាក់ទៀត ខណៈក៏មានការចែកផ្លូវគ្នាជាមួយកូនក្រុមរដូវកាលចាស់ ៨នាក់ផងដែរ។

គួររំឭកថា ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា កាលពីរដូវកាលមុន បានបញ្ចប់ការប្រកួតរបស់ខ្លួនក្នុងលីគកំពូលកម្ពុជា ដោយឈរនៅលេខ១២ ក្រោយប្រកួត ១៨ដង ឈ្នះ ២ដង ស្មើ ៥ដង និងចាញ់ ១១ដង រកបាន ១១ពិន្ទុ ខណៈក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បានត្រឹមវគ្គ ១៦ក្រុមចុងក្រោយ ក្រោយចាញ់ណាហ្គាវើលដ៍ សរុបលទ្ធផលទាំងពីរជើង ៤ទល់២៕

 

រូបភាព៖ ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា

មតិយោបល់