លោក បែ មករា បង្ហើបពីមូលហេតុមិនអញ្ជើញក្រុមកំពូលៗ មកប្រកួតពាន Cambodia Airways Cup

មាស សុផាណារ៉ុង January 29, 2021


 

ភ្នំពេញ៖ ក្លិបបាល់ទាត់បឹងកេត បានរៀបចំឲ្យមានការប្រកួតពានរង្វាន់មិត្តភាព ត្រៀមមុនរដូវកាលថ្មីមកដល់ Cambodia Airways Cup 2021 ដោយមានការចូលរួមពីក្រុមម្ចាស់ផ្ទះ បឹងកេត, អាស៊ីអ៊ឺរ៉ុបយូណាយធីត, នគរបាលជាតិ និងអគ្គិសនីកម្ពុជា​ ដែលនឹងធ្វើឡើងនៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ។

តាមការឲ្យដឹងពី លោក បែ មករា អគ្គលេខាធិការក្លិបបឹងកេត បានបញ្ជាក់ពីមូលហេតុក្នុងការអញ្ជើញក្រុមទាំង ៣ខាងលើ ដ្បិតជាទូទៅពានរង្វាន់បែបនេះ គឺភាគច្រើនគេអញ្ចើញក្រុមខ្លាំងៗ ដើម្បីឲ្យមានការប្រកួតប្រជែងខ្លាំង គឺដើម្បីត្រៀមមុនរដូវកាលថ្មីមកដល់ និងរឹតចំណងគុណភាព សហប្រតិបត្តិការគ្នារវាងក្លិបនៅក្នុងប្រទេស ក៏ដូចជាពង្រឹងគុណភាពបាល់ទាត់តាមរយៈបច្ចេកទេសរបស់កីឡាករនិមួយៗ បូករួមនឹងការចែករំលែកបទបិសោធក្នុងពានរង្វាន់នេះ។

លោកបានសង្គត់ធ្ងន់ដែរថា ភាគច្រើនគេអញ្ជើញតែក្រុមខ្លាំងៗ ប៉ុន្តែដោយលោកបានឃើញថាពានរង្វាន់មួយចំនួនដែលបាននឹងកំពុងរៀបមានក្រុមខ្លាំងៗចូលរួមរួចទៅហើយនោះ ក្លិបក៏សម្រេចអញ្ជើញក្លិបដែលមានកម្រិតមធ្យមៗ អាចមានឱកាសបានសាកល្បងក្រុមរបស់គេរៀងៗខ្លួនដូចគ្នា ធ្វើយ៉ាងណាឲ្យលីគ ក៏ដូចជាពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដែលកៀកនឹងមកដល់ឆាប់ៗនេះ កាន់តែមានការប្រកួតប្រជែងខ្លាំងជាងឆ្នាំមុនៗ។

សូមបញ្ជាក់ថា ពានរង្វាន់ Cambodia Airways Cup 2021 នឹងចាប់ផ្ដើមប្រកួតពីថ្ងៃទី០២ ដល់ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ប្រកួតតាមរូបមន្តវិលជុំសន្សំពិន្ទុ បានសេចក្ដីថាក្រុមទាំងអស់នឹងត្រូវជួបគ្នាទៅវិញទៅមក នៅលើតែកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ​ មួយគត់ ហើយក្រុមដែលមានពិន្ទុលើគេ នឹងក្លាយជាម្ចាស់ជើងឯក។

ពានរង្វាន់នេះផងដែរ មិនត្រឹមតែផ្ដល់ជូនដល់អ្នកគាំទ្រនូវភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែនឹងផ្ដល់ជូនពួកគេនូវភាពរំភើបដែលកើតមានពីការប្រកួតដ៏អស្ចារ្យរបស់ក្រុមចុលរួមទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ ថវិកាដែលដែលទទួលបានពីការលក់សំបុត្រក្នុងការព្រឹត្តិការណ៍នេះ នឹងត្រូវបរិច្ចាគដល់មន្ទីរពេទ្យក្នុងស្រុកដែលកំពុងខ្វះខាតផងដែរ។

កម្មវិធីប្រកួតមានដូចខាងក្រោម៖

  • ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១: បឹងកេត ប្រកួត នគរបាលជាតិ (ម៉ោង ៣:៣០នាទីរសៀល)
  • ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១: អាស៊ីអ៊ឺរ៉ុបយូណាយធីត ប្រកួត អគ្គិសនីកម្ពុជា (ម៉ោង ៣:៣០នាទីរសៀល)
  • ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១: នគរបាលជាតិ ប្រកួត អាស៊ីអ៊ឺរ៉ុបយូណាយធីត (ម៉ោង ៣:៣០នាទីរសៀល)
  • ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១: អគ្គិសនីកម្ពុជា ប្រកួត បឹងកេត (ម៉ោង ៣:៣០នាទីរសៀល)
  • ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១: នគរបាលជាតិ ប្រកួត អគ្គិសនីកម្ពុជា (ម៉ោង ៣:៣០នាទីរសៀល)
  • ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១: បឹងកេត ប្រកួត អាស៊ីអ៊ឺរ៉ុបយូណាយធីត (ម៉ោង ៣:០០នាទីរសៀល)

 

រូបភាព៖ Cambodia Airways Stadium

មតិយោបល់