វុធ តុលា រំពឹងឈ្នះស្បែកជើងមាស លីគទី២ មួយទៀតបន្ទាប់ពីពានសម្តេច ដើម្បីបង្កើនទំនុកចិត្តនៅលីគកំពូលរដូវកាលក្រោយ

មាស សុផាណារ៉ុង January 29, 2021


 

ព្រៃវែង៖ ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបបាល់ទាត់ព្រៃវែង កីឡាករ វុធ តុលា បានដាក់ក្ដីរំពឹងក្នុងការឈ្នះ ស្បែកជើងមាស ពានរង្វាន់លីគទី២ កម្ពុជា មួយទៀតបន្ទាប់ពីគេទើបតែធ្វើបានពីការឈ្នះស្បែកជើងមាស ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ ដើម្បីបង្កើនទំនុកចិត្តប្រជែងនៅលីគកំពូលកម្ពុជា រដូវកាលក្រោយ។

ការនិយាយបែបនេះ គឺបន្ទាប់កីឡាករវ័យ ១៩ឆ្នាំ ដែលជាសមាជិកក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ កំពុងរកបាន ១១គ្រាប់ ក្នុងលីគទី២ កម្ពុជា ហើយគូប្រជែងរបស់ដែលលេខរៀងទី២ របស់ក្រុមយុវជនអាយុក្រោម ១៩ឆ្នាំរបស់សមាគមកីឡាកងយោធពលខេមរភូមិន្ទ (U-21 Tiffy Army) រកបានត្រឹម ៧គ្រាប់ប៉ុណ្ណោះ ហើយការប្រកួតនៅសល់តែ ១ប្រកួតទៀត ដោយក្រុមទាំងពីរ ព្រៃវែង ជាមួយ U-21 ទ័ព ជួបគ្នាផ្ទាល់ក្នុងវគ្គផ្ដាច់ព្រ័ត្រ លីគទី២ ស្អែកនេះ។

ប្រវត្តិ វុធ តុលា ក្នុងអាជីពបាល់ទាត់៖ វុធ តុលា បង្ហើបថាធ្លាប់មានក្លិបនៅថៃទាក់ទងយកទៅរួមក្រុម ក្រោយចូលរួមជាមួយវិសាខា

ឆ្លើយឆ្លងជាមួយសារព័ត៌មាន CAMSPORTS.org កីឡាករដែលធ្លាប់មានប្រភពមកពីប្រទេសថៃរូបនេះ បានឲ្យដឹងថា៖ «ឥលូវនេះខ្ញុំរកបាន ១១គ្រាប់ ហើយអ្នកបន្ទាប់ខ្ញុំនឹងគេ ៧គ្រាប់ អ៊ីចឹងខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចឈ្នះស្បែកជើងមាស ព្រោះអ្នកបាន​ ៧គ្រាប់ហ្នឹងនៅទ័ព ហើយគេនៅប៉ះខ្ញុំទៀត​ ខ្ញុំគិតថាគេមិនអាចស៊ុតដល់ ៥គ្រាប់ទេ។»

«ខ្ញុំគិតថា បើខ្ញុំឈ្នះវាហ្នឹងជម្រុញទឹកចិត្តខ្ញុំបន្ថែមទៀត ដោយយើងឈ្នះស្បែកជើងមាស ទាំងពានសម្តេច ហ៊ុន សែន និងលីគទី២ អ៊ីចឹងខ្ញុំរំពឹងទុកថាពេលឡើងលីគកំពូល ខ្ញុំចង់ប្រជែងស្បែកជើងមាសនៅលីគកំពូល ប៉ុន្តែទាល់តែយើងប្រឹងប្រែងឲ្យខ្លាំងជាងនេះ។ លីគកំពូលយើងដឹងហើយថាយើងប៉ះជាមួយគូប្រកួតខ្លាំងៗ សង្ឃឹមថាខ្ញុំនឹងប្រឹងប្រែងកាន់តែខ្លាំង ព្រោះយើងត្រូវប៉ះខ្សែការពារដែលគេមានបទពិសោធ គេធ្លាប់ជាប់ជម្រើសជាតិ ជាដើម។» វុធ តុលា បានបន្ថែម។

គួររំឭកផងដែរថា ព្រៃវែង បានកៅអីឡើងមកលីគកំពូលកម្ពុជា ជាផ្លូវការហើយ បើទោះបីការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ជាមួយ U-21 ទ័ព ថ្ងៃទី៣០ ខែមករា ស្អែកនេះ រងបរាជ័យក៏ដោយ ព្រោះ U-21 ទ័ព គឺជាក្រុមក្រុមឧបសម្ព័ន្ធរបស់សមាគមកីឡាកងយោធពលខេមរភូមិន្ទ ដែលកំពុងលេងនៅលីគកំពូលស្រាប់។

វុធ តុលា ថ្មីៗនេះគេទើបតែបានឈ្នះជើងមាស ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ បន្ទាប់ពីរកបាន ៦គ្រាប់ ហើយអ្វីដែលពិសេស គឺបានធ្វើឲ្យគេក្លាយជាកីឡាករក្មេងជាងគេឈ្នះស្បែកជើងមាស ត្រឹមវ័យ ១៨ឆ្នាំ និង ៥ខែប៉ុណ្ណោះ ដែលនាំឲ្យរូបគេបំបែកកំណត់ត្រា ចាន់ វឌ្ឍនាកា កាលឆ្នាំ២០១៣ ដែលឈ្នះស្បែកជើងមាសនៅពានសម្ដេច ត្រឹមវ័យ ១៩ ឆ្នាំ និង២៤ថ្ងៃ៕

 

រូបភាព៖ Cambodian League 2 | Prey Veng Football Club

មតិយោបល់