បឹងកេត ស្ថិតនៅពូល G ខណៈវិសាខា អាចនឹងស្ថិតនៅពូល H នៃពាន AFC Cup 2021
មាស សុផាណារ៉ុង January 27, 2021
ម៉ាឡេស៊ី៖ ម្ចាស់ជើងឯកនៃលីគកំពូលកម្ពុជា ក្លិបបឹងកេត នឹងត្រូវស្ថិតនៅពូល G ជាមួយក្រុមខ្លាំងដល់ទៅ៣ពីតំបន់អាស៊ានដូចគ្នា ខណៈក្លិបវិសាខា នឹងត្រូវស្ថិតក្នុងពូល H (បើឆ្លងផុតវគ្គជម្រុះ) សម្រាប់ការប្រកួតក្នុងពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ី ឆ្នាំ២០២១ (AFC Cup 2021)។
ការចាប់ឆ្នោតដែលបានធ្វើនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី មុននេះបន្តិច បង្ហាញថា បឹងកេត ស្ថិតនៅពូល G ជាមួយក្រុម Hanoi (វៀតណាម) Bali (ឥណ្ឌូនេស៊ី) និង ក្រុមឈ្នះវគ្គជម្រុះរវាង ឡាវ (Lao Toyota) ឬព្រុយណេ (Kasuka) ឬ Hanthawady United របស់មីយ៉ាន់ម៉ា។
ដោយឡែកសម្រាប់ ក្លិបវិសាខា H ដែលត្រូវធ្វើការប្រកួតជម្រុះ ២វគ្គផ្សេងគ្នាជាមុនសិននោះ ប្រសិនបើគេឆ្លងផុត នោះនឹងត្រូវចូលទៅក្នុងពូល H ជាមួយក្រុម Kedah (ម៉ាឡេស៊ី) Lion City Sailor (សិង្ហបុរី) និង Saigon (វៀតណាម)។
ការប្រកួតវគ្គចែកពូល ដោយសារវិបត្តិកូវីដ-១៩ នឹងចាប់ផ្ដើមនាខែមិថុនា តាមរូបមន្តវិលជុំសន្សំពិន្ទុតែមួយជុំប៉ុណ្ណោះ ហើយធ្វើនៅទឹកដីកណ្ដាល សរុបស្មើ ៣ប្រកួត ពោលគឺនៅចន្លោះថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ដើម្បីយកតែមួយក្រុមឡើងទៅវគ្គបន្ត។
ដោយឡែក វិសាខា នឹងត្រូវឆ្លងកាត់ការប្រកួតក្នុងវគ្គជម្រុះចំនួន ២វគ្គ ដើម្បីអាចបានកៅអីឡើងទៅវគ្គចែកពូល ដោយដំបូងត្រូវជួបជាមួយក្រុមរបស់ ទីម័រខាងកើត គឺក្លិប Lalenok United ក្នុងវគ្គជម្រុះបឋម – ជុំទី២ (Preliminary stage – Round 2) នៅថ្ងៃទី២៨ ខែមេសា ហើយបើសិនជាឈ្នះទើបឡើងទៅជួបក្រុមរបស់ឥណ្ឌូនេស៊ី Persipura Jayapura ក្នុងវគ្គជម្រុះជុំចុងក្រោយ (Play-off stage) នៅថ្ងៃទី១៩ ខែឧសភា។
គួររំលឹកផងដែរថា ឆ្នាំ២០២០ នៃពានរង្វាន់ដដែលនេះ គឺពុំអាចរកឃឃើញក្រុមជើងឯកឡើយ ដ្បិតទើបដំនើរការប្រកួតបាន ៣ប្រកួត ហើយក៏មានការំខានដោយសារជំងឺកូវីដ-១៩ ទើបសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី សម្រេចលុបចោលតែម្ដង៕
រូបភាព៖ AFC Cup
អត្ថបទ៖ ណារ៉ុង