គ្រូ U-21 ទ័ព និង U-21 ភ្នំពេញក្រោន បកស្រាយពីការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ លីគទី២ ហេតុផលផ្សេងគ្នា

មាស សុផាណារ៉ុង January 27, 2021


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់ជម្រើសជើងឯកជាតិ លីគទី២ ‘លីគលំដាប់ទី២ កម្ពុជា’ (Cambodian Second League) រដូវកាល២០២០ កាន់តែកៀកទៅបញ្ចប់រដូវកាល២០២០ របស់ខ្លួនបន្ទាប់ពី កាលរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានបញ្ចប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោយ ក្រុមយុវជនសមាគមកីឡាកងយោធពលខេមរភូមិន្ទ (ទ័ព) អាយុក្រោម ២១ឆ្នាំ យកឈ្នះ ក្រុមយុវជនអាយុក្រោម ២១ឆ្នាំរបស់ក្លិបភ្នំពេញក្រោន ក្នុងលទ្ធផល ៣ទល់១។

ក្រោយចប់ការប្រកួតដ៏តាន់តឹង គ្រូបង្វឹកនៃក្រុមទាំងពីរ បានបកស្រាយជុំវិញការប្រកួតរៀងៗខ្លួន ដោយគ្រូ U-21 ភ្នំពេញក្រោន បង្ហាញហេតុផលដោយសារបញ្ហាកីឡាកររបួស និងសម្រាកមិនគ្រប់គ្រាន់ ខណៈគ្រូ U-21 ទ័ព ថាខ្លយនមានប្រៀបដោយសារកម្លាំង។

លោក ម៉ក់ ភារុណ បង្ហាញនូវចំណាប់អារម្មណ៍ក្រោយ U21 ភ្នំពេញក្រោន មិនអាចឈានទៅវគ្គបន្តដូច្នេះថា៖ «យើងប្រឹងអស់ហើយ យើងដឹងថាការសម្រាករបស់យើងរយៈពេលខ្លី បន្ទាប់មកយើងបាត់បង់កីឡាករមួយចំនួនធំ ចូល ៧ទៅ៨នាក់ ដែលជាកីឡាករលេងរាល់ការប្រកួត បន្ទាប់មកយើងបាត់បង់កីឡាករនោះ ធ្វើឲ្យយើងមានបញ្ហាលើការកែប្រែទម្រង់ កែប្រែការលេងក្នុងថ្ងៃនេះ។ យើងមិនរំពឹងទុក តែយើងព្យាយាមនៅពេលដែលកីឡាករយើងដែលពេញជើង ដែលភាគច្រើនធ្លាប់តែលេងជាមួយគ្នាប៉ុន្មានប្រកួតចុងក្រោយដែលល្អ តែចុងក្រោយគាត់មានបញ្ហារបួស វាធ្វើឲ្យយើងពិបាកក្នុងការប្រកួតទៅវគ្គបន្តទៀត។»

ដោយឡែក លោក ប៊ួយ ភារម្យ គ្រូ U-21 ទ័ព បានលើកដូច្នេះវិញថា៖ «ការប្រកួតថ្ងៃនេះ តាន់តឹងមែនទែន ព្រោះភ្នំពេញក្រោន នេះគាត់ជាក្រុមមួយដែលខ្លាំង គេមានការរៀបចំ មានរចនាសម្ព័ន្ធត្រឹមត្រូវ អ៊ីចឹងតាំងពីទម្រង់ការពារ និងទម្រង់ប្រយុទ្ធគឺគេធ្វើបានល្អច្រើន។ សម្រាប់សមាសភាពភ្នំពេញក្រោន ថ្ងៃនេះក៏គេខ្វះកីឡាករមួយចំនួនដែរ តែបកមក Tiffy Army U-21 ក៏មានកីឡាករមួយចំនួនរបួសដែរ ក៏ប៉ុន្តែអ្វីដែលយើងមានប្រៀបគឺការងាររៀបចំការសម្រាក មានន័យថា​ខាងភ្នំពេញក្រោន ពេលវេលាសម្រាកមានតិចជាង Tiffy Army ក៏ប៉ុន្តែអ្វីដែល Tiffy Army ឈ្នះ គឺពាក់ព័ន្ធជាមួយកម្លាំង តាំងពីជើងទី១ ក៏ពាក់ព័ន្ធជាមួយកម្លាំងដែរ អ៊ីចឹងមានន័យថា Tiffy Army ឈ្នះនៅចុងម៉ោង។»

សូមបញ្ជាក់ថា លទ្ធផលដែល ក្រុមយុវជនសមាគមកីឡាកងយោធពលខេមរភូមិន្ទ (ទ័ព) អាយុក្រោម ២១ឆ្នាំ បានយកឈ្នះលើ ក្រុមយុវជនអាយុក្រោម ២១ឆ្នាំរបស់ក្លិបភ្នំពេញក្រោន ៣ទល់១ នាំឲ្យ U-21 ទ័ព បានកៅអីឡើងវគ្គផ្ដាច់ព្រ័ត្រ ដែលត្រូវទៅជួប ក្លិបបាល់ទាត់ខេត្តព្រៃវែង ដែលរង់ចាំរួចជាស្រេចក្នុងនាមជាក្រុមលេខ១ ក្នុងវគ្គវិលជុំសន្សំពិន្ទុ ខណៈដែលការប្រកួតគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ នៅកីឡដ្ឋានខេត្តព្រៃវែង។

យ៉ាងណាមិញ​ ការប្រកួតនាថ្ងៃខាងមុខនោះ គឺគ្រាន់តែជាការប្រកួតដើម្បីរកក្រុមលើកពានតែប៉ុណ្ណោះ ពោលគឺបើទោះបីជា ព្រៃវែង ចាញ់ ក៏គេនៅតែអាចមានកៅអីឡើងមកលីគកំពូលកម្ពុជា រដូវកាល២០២១ ដដែល ដោយសារ ក្រុមយុវជនសមាគមកីឡាកងយោធពលខេមរភូមិន្ទ (ទ័ព) អាយុក្រោម ២១ឆ្នាំ គឺជាក្រុមក្រុមឧបសម្ព័ន្ធរបស់សមាគមកីឡាកងយោធពលខេមរភូមិន្ទ ដែលកំពុងលេងនៅលីគកំពូលស្រាប់៕

 

រូបភាព៖ Phnom Penh Crown Academy – TIFFY ARMY FC Academy

មតិយោបល់