លោក Conor៖ «កីឡាករចំណូលថ្មីលំដាប់អន្តរជាតិមកកាន់កម្ពុជា ដោយសារក្លិប និងលីគមានលក្ខណៈអាជីព»

មាស សុផាណារ៉ុង January 25, 2021


 

ភ្នំពេញ៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានធ្វើការនាំចូលកីឡាករថ្មី ទាំងខ្មែរ និងបរទេស ៦រូបហើយ ដើម្បីត្រៀមសម្រាប់រដូវកាលថ្មី ក្នុងនោះមានកីឡាករ ៣រូបជាកីឡាករខ្មែរ និង ៣រូបផ្សេងទៀតជាកីឡាករបរទេស ដែលនឹងត្រូវត្រៀមរួមចំណែកជួយក្លិបប្រកួតក្នុង ក្របខណ្ឌលីគកំពូលកម្ពុជា ក៏ដូចជាពានម្តេចតេជោ ហ៊ុន សែន រដូវកាល២០២១។

រឿងដ៏គួរឲ្យចាប់អារម្មណ៍នោះ គឺការនាំយកកីឡាករបរទេសដែលធ្លាប់ប្រកបអាជីពនៅលីគបាល់ទាត់មានកម្រិតខ្ពស់ជាងលីគកំពូលកម្ពុជា ទាំងព្រះខ័នរាជស្វាយរៀង ខ្លួនឯងផ្ទាល់ និងក្លិបមួយចំនួនទៀតដូចជា វិសាខា និង អង្គរថាយហ្គឺរ ជាដើម ដែលនាំឲ្យ​ លោក Conor Nestor គ្រូបង្វឹករបស់ព្រះខ័នរាជស្វាយរៀង យល់ឃើញថានេះគឺបណ្ដាលមកពីកត្តា លក្ខខណ្ឌក្លិបទាំងនោះមានភាពអាជីពពិតប្រាកដ បូករួមជាមួយលីគ ផងដែរ។

អានអត្ថបទ៖ កីឡាករចំណូលថ្មីលំដាប់អន្តរជាតិមកកាន់កម្ពុជា ធ្វើឲ្យទីផ្សារដោះដូរកីឡាករ MCL 2021 កាន់តែគួរឲ្យចាប់អារម្មណ៍

លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «ការបញ្ចុះបញ្ចូលកីឡាករដែលធ្លាប់ទទួលបានជោគជ័យក្នុងលីកអ៊ឺរ៉ុបមកប្រទេសកម្ពុជា គឺជាការងារដ៏លំបាក។ វាគឺដោយសារតែភាពរីកចម្រើននៃលក្ខខណ្ឌអាជីពពិតប្រាកដរបស់ក្លិបរបស់យើង និងលីគទាំងមូល ដែលកីឡាករដូចជា Mika ធ្វើការសម្រេចចិត្តមកទីនេះ។ យើងបានធ្វើការសម្រេចចិត្តធំៗ និងលំបាកមួយចំនួនលើការជ្រើសរើសកីឡាករនៅឆ្នាំនេះវាចាំបាច់ជានិច្ចក្នុងការវិវត្តរបស់ក្លិប។»

លោកបានបន្ថែមថា៖ «កីឡាករមកទីនេះពីព្រោះពួកគេមើលឃើញផ្លូវមួយដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរលីគកាន់តែធំនៅអាស៊ី។ ពួកគេមើលឃើញក្លិបរបស់យើងជាឱកាសដ៏ល្អសម្រាប់ពួកគេក្នុងការធ្វើឲ្យបានល្អនៅទីនេះ ហើយបន្ទាប់មកមើលថាវាមានអ្វីកើតឡើងទៀត។ នៅអឺរ៉ុប ជាពិសេស ពីលីគតូចទៅធំ គឺពិបាកណាស់ ដោយសារមានកីឡាករដ៏ទេពកោសល្យល្អបំផុតនៅលើពិភពលោកចង់ទៅលេងនៅទីនោះ។ ចំនុចល្អរបស់យើង គឺកំរិតនៅទីនេះល្អ ហើយយើងធ្វើអ្វីៗដោយអាជីពពិតប្រាកដ។ នេះអាចផ្តល់ឱ្យកីឡាករនូវកម្រិតមួយផ្សេងទៀត ដើម្បីការរីកចម្រើន និងទទួលបានអ្វីដែលល្អមុនពេលពួកគេបញ្ចប់អាជីព។»

ជុំវិញ ក្លិបដូចជា វិសាខា, អង្គរថាយហ្គឺរ និងព្រះខ័នរាជស្វាយរៀង ផ្ទាល់ជាដើមបាននាំកីឡាករដែលអាចនិយាយបានថាជាកីឡាករលំដាប់អន្តរជាតិ និងធ្វើឲ្យលីគកំពូលកម្ពុជា កាន់តែមានភាពរីកចម្រើន គ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះ បានឆ្លើយតបថា៖ «វាគឺជាការប្រកួតប្រជែងដ៏ធំមួយឥឡូវនេះ និងជារៀងរាល់ឆ្នាំដោយសារតែអ្នករាល់គ្នាកាន់តែប្រសើរឡើង។ គួរឱ្យរំភើបណាស់។ នៅទីបំផុតវាជាគុណភាពរបស់កីឡាករដែលនាំអ្នកគាំទ្រមកកីឡដ្ឋាន ហើយការប្រកួតគឺនិយាយអំពីអ្នកគាំទ្រ ដូច្នេះវាជាពេលវេលាវិជ្ជមានមួយដែលបានចូលរួមក្នុងវិស័យបាល់ទាត់កម្ពុជា។»

សូមបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង បានធ្វើការនាំចូលកីឡាករថ្មី ទាំងខ្មែរ និងបរទេស ៦រូបហើយ ដោយកីឡាករទាំង ៦រូបដែលត្រូវបានក្លិបនាំចូលរួមមាន អ្នកចាំទីខ្មែរបារាំង អេឡិច យូ, ខ្សែបម្រើកណ្ដាល ជូ ស៊ិនទី និងខ្សែការពារស្លាប រី លាភផេង ពីសាលាបាល់ទាត់ជាតិបាទី ខណៈកីឡាករបរទេសសញ្ជាតិប្រេស៊ីល Thiago De Jesus Dos Santos (ត្រលប់មករួមក្រុមសារជាថ្មី), ខ្សែការពារកណ្ដាលសញ្ជាតិអៀរឡង់ Paddy Barrett និងចុងក្រោយថ្មីៗនេះ ខ្សែប្រយុទ្ធអេស៉្បាញ Miguel Ángel Junco Martínez (ហៅ Mika) ដែលស្ថិតក្រោមការសង្គេត និងតាមដានយ៉ាងយកចិត្តទុកដាក់ពី លោក Conor Nestor ដែលជាគ្រូបង្វឹករបស់ក្លិបផ្ទាល់តែម្ដង៕

 

រូបភាព៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង – Preah Khan Reach Svay Rieng FC | SRU Stadium

មតិយោបល់