វុធ តុលា ពុំពេញចិត្តចំពោះការសម្រេចលុបចោលពាន AFC U-19 Championship 2020
មាស សុផាណារ៉ុង January 22, 2021
ភ្នំពេញ៖ ខ្សែប្រយុទ្ធដែលបានរួមចំណែកជួយឲ្យក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ កីឡាករ វុធ តុលា បានសម្ដែងការមិនពេញចិត្តចំពោះការសម្រេចលុបចោលពានរង្វាន់ជើងឯកយុវជនអាស៊ី អាយុក្រោម ១៩ឆ្នាំ ប្រចាំឆ្នាំ២០២០ (AFC U-19 Championship 2020) ដោយសារតែវិបត្តិកូវីដ-១៩។
ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំបានឱកាសឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រពានរង្វាន់ដែលធ្វើឡើងរៀងរាល់ ២ឆ្នាំម្ដងមួយនេះ ក្នុងរយៈពេល ៤៦ឆ្នាំចុងក្រោយ ក្រោយប្រឹងប្រែងយកឈ្នះវគ្គជម្រុះយ៉ាងតានតឹង ហើយចូលទៅពូល A ជាមួយម្ចាស់ផ្ទះអ៊ូបេគីស្ថាន, ឥណ្ឌូនេស៊ី និងអ៊ីរ់ង់ ប៉ុន្តែដោយសារវិបត្តិកូវីដ-១៩ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) សម្រេចលុបចោលកាលពីពេលថ្មីៗនេះ។
ការណ៍សម្រេចចិត្តបែបនេះបានធ្វើឲ្យ កីឡាករ វុធ តុលា បានសម្ដែងការមិនពេញចិត្ត និងសោកស្ដាយ ត្បិតខំប្រឹងប្រែងនៅវគ្គជម្រុះយ៉ាងស្វិតស្វាញ។ «បាទ ខ្ញុំមានអារម្មណ៍ថាសោកស្ដាយដែលយើងមិនបានលេង AFC ហើយមួយទៀត ប្រវត្តិសាស្ត្រដំបូងចឹងផង ទៅធ្វើឲ្យយើងមានអារម្មណ៍សោកស្ដាយ បើយើងបានទៅលេងទៅយើងអាចមានឱកាសបានបង្ហាញ គេចាប់អារម្មណ៍យើងអ៊ីចឹង ខ្ញុំសោកស្ដាយដែលយើងខំប្រឹងហាត់ ខំប្រឹងប្រកួតជាដើម។» សម្ដីរបស់ តុលា។
«និយាយទៅខ្ញុំអត់គាំទ្រទេ។ ខ្ញុំសោកស្ដាយណាស់ ដោយសារកូវីដ ធ្វើឲ្យអ្វីគ្រប់យ៉ាងប្រែប្រួល បើពានហ្នឹងគេអត់រំសាយកាន់តែល្អ អ៊ីចឹងខ្ញុំអត់គាំទ្រទេ ខ្ញុំចង់ឲ្យពានលេងចឹងយើងបានបង្ហាញសមត្ថភាព។» កីឡាកររបស់ក្លិបព្រៃវែងរូបនេះបានសង្កត់ធ្ងន់។
យ៉ាងណាមិញ ទោះបីជាមិនបានប្រកួតក្នុងពានរង្វាន់ដដែលនេះក៏ដោយ វុធ តុលា នៅតែដាក់គោលដៅប្រឹងប្រែងហ្វឹកហាត់ ដើម្បីមានឱកាសបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ឆ្នាំ នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម – SEA Games) ២០២៣ ដែលកម្ពុជា ត្រូវទទួលធ្វើជាម្ចាស់ផ្ទះផងដែរ។
គួរដឹងដែរថា ពានរង្វាន់ជើងឯកយុវជនអាស៊ី អាយុក្រោម ១៩ឆ្នាំ ប្រចាំឆ្នាំ២០២០ (AFC U-19 Championship 2020) បានបញ្ចប់វគ្គជម្រុះ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ដោយ U-19 កម្ពុជា បានឡើងទៅជុំផ្ដាច់ព្រ័តក្នុងនាមជាក្រុមលេខ២ ល្អ លេខរៀងទី៥ (ប្រៀបធៀបក្រុមលេខ២) ហើយចូលទៅពូល A ត្រៀមប្រកួតនៅខែតុលា ឆ្នាំ២០២០ ប៉ុន្តែដោយសារវិបត្តិកូវីដ-១៩ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) សម្រេចលើកទៅខែមីនា ឆ្នាំ២០២១ និងចុងក្រោយក៏សម្រេចលុបចោលតែម្ដង ដោយសារហេតុផលដូចគ្នា៕