ទ័ព បន្ថែមកីឡាករបរទេសថ្មី ៣រូប សុទ្ធតែជនជាតិជប៉ុន មានបទពិសោធច្រើននៅអាស៊ីអាគ្នេយ៍

មាស សុផាណារ៉ុង January 22, 2021


 

ភ្នំពេញ៖ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (ទ័ព) បាននាំចូលកីឡាករបរទេស ៣រូបបន្ថែម សម្រាប់ត្រៀមការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០២១ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នេះ។

ចំពោះសមាសភាពកីឡាករបរទេសទាំង ៣រូបដែលត្រូវបានដឹងថាក្លិបនឹងប្រើប្រាស់នៅរដូវកាលនេះ រួមមាន កីឡាករសញ្ជាតិជប៉ុនទាំង ៣រូប រួមមាន Yuta Kikuchi (២៦ឆ្នាំ), Rio Sakuma (២៣ឆ្នាំ), Takumu Nishihar (២៨ឆ្នាំ) ហើយកីឡាករទាំង ៣រូបនេះនឹងមានកិច្ចសន្យាជាមួយក្លិបដល់ចុងឆ្នាំ២០២១ នាំឲ្យក្លិបមានកីឡាករបរទេស ៤រូប​បន្ថែមលើកីឡាករ Romário ដែលបន្តរួមរស់ជាមួយក្លិបមួយរដូវកាលនេះ។

កីឡាករ Yuta Kikuchi (២៦ឆ្នាំ) លេងក្នងតួនាទីជាខ្សែបម្រើ គឺជាកីឡាករដែលផ្ទេរមកពីក្លិប Cobaltore Onagawa នៃលីគទី៤ ជប៉ុន ខណៈរូបគេក៏ធ្លាប់ជាអតីតកីឡាកររបស់ក្លិបសូលទីឡូអង្គរ កាលពីឆ្នាំ២០១៩ ផងដែរ។

ដោយឡែកកីឡាករ Rio Sakuma បច្ចុប្បន្នទើបតែមានវ័យ ២៣ឆ្នាំ លេងក្នងតួនាទីជាខ្សែការពារ ធ្លាប់លេងឲ្យក្លិប Ryutsu Keizai Dragons Ryugasaki នៃលីគទី៤ ជប៉ុន ចំនួន ២រដូវកាល ខណៈកាលពីរដូវកាលមុនលេងឲ្យក្លិប Albirex Niigata Singapore FC នៃលីគកំពូលសិង្ហបុរី ថែមទាំងបង្ហាញខ្លួនគ្រប់ការប្រកួត (១៤ប្រកួត) ជួយក្រុមឈ្នះជើងឯកលីគ។

ចំពោះកីឡាករចុងក្រោយ គឺលេងក្នុងតួនាទីជាខ្សែប្រយុទ្ធ ឈ្មោះ Takumu Nishihar មានវ័យ២៨ឆ្នាំ មានបទពិសោធច្រើននៅអាស៊ិអាគ្នេយ៍ ជាមួយក្លិបនៅលីគកំពូលមីយ៉ាន់ម៉ា​ ដូចជា (Ayeyawady United, Nay Pyi Taw) លីគកំពូលឡាវ (Lao Toyota, Young Elephants) និងលីគទី៣ ថៃ (Khon Kaen United)។

 

មតិយោបល់