ទ័ព លើកពានវ័យចាស់ ៧មករា តេជោសន្ដិភាព ឆ្នាំ២០២១

មាស សុផាណារ៉ុង January 21, 2021


 

ភ្នំពេញ៖ បន្ទាប់ពីធ្វើការប្រកួតជម្រុះច្រើនសប្ដាហ៍រួចមក គណៈកម្មការរៀបចំការប្រកួត បានរកឃើញក្រុមវ័យចាស់កងយោធពលខេមរភូមិន្ទ (ទ័ព) ដែលជាអ្នកលើកពានបាល់ទាត់វ័យចាស់ពានរង្វាន់ ៧មករា តេជោសន្ដិភាព រដូវកាលទី៥ ឆ្នាំ២០២១ ហើយកាលពីល្ងាចថ្ងៃទី២០ ខែមករា ម្សិលមិញនេះ អមជាមួយទឹកប្រាក់ ៨លានរៀល បន្ទាប់ពីយកឈ្នះក្រុម Seven Clean ដោយលទ្ធផល ៣-២ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ នៅកីឡដ្ឋានស្ដាតចាស់។

គ្រូបង្វឹកក្រុមវ័យចាស់កងយោធពលខេមរភូមិន្ទ លោក អ៊ូ រតនា បានសម្ដែងនូវសេចក្ដីរីករាយ ចំពោះការចូលរួមប្រកួតពានរង្វាន់បង្កប់ដោយអត្ថន័យនេះ ដែលជាការប្រកួតរំឮកដល់គុណបុណ្យថ្ងៃជ័យជម្នះ ៧មករា ព្រមទាំងផ្ដល់ឱកាសដល់កីឡាករចាស់ៗ ទាំងអតីតកីឡាករជម្រើសជាតិ និងមន្ដ្រីរាជការជាដើម បានលេងកីឡាដើម្បីសុខភាពផង និងរឹតចំណងមិត្តភាពផង។

លើសពីនេះ លោកក៏បានចាត់ទុកការប្រកួតពានរង្វាន់មិនអាជីពនេះ គឺជាគំរូមួយ សម្រាប់ជំរុញប្រជាពលរដ្ឋ និងយុវជន ចូលរួមលេងកីឡាឲ្យគ្រប់គ្នា ស្របតាមយុទ្ធនាការឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ គឺ “ប្រជាជនម្នាក់ លេងកីឡាមួមុខ”។

បើតាមគណៈកម្មាធិការរៀបចំការប្រកួតបានឱ្យដឹងថា ពានរង្វាន់ ៧មករា តេជោសន្ដិភាពឆ្នាំនេះ គឺបែងចែកជា២ ក្នុងនោះការប្រកួតពានធំ ដែលប្រកួត ១១នាក់លើទីលានធម្មតា ជើងឯកបានទៅក្រុមវ័យចាស់ទ័ព ទទួលបានប្រាក់រង្វាន់ ៨លានរៀល, ជើងឯករងបានទៅក្រុម Seven Clean ទទួលបាន ៥លានរៀល និងលេខ៣ ក្រុមសម្ព័ន្ធយុវជនស្រលាញ់សន្ដិភាពរាជធានីភ្នំពេញ ទទួលបានប្រាក់រង្វាន់ ២លានរៀល។

ចំណែកពានមួយទៀត គឺការប្រកួតពានរង្វាន់ប៉េណាល់ទី ដោយចំណាត់ថ្នាក់លេខ១ បានទៅក្រុមសម្ព័ន្ធយុវជនស្រលាញ់សន្ដិភាពរាជធានីភ្នំពេញ ទទួលបានប្រាក់រង្វាន់ ៤លានរៀល, លេខ ២ បានទៅក្រុម 7NG ទទួលបាន ៣លានរៀល និងលេខ៣ បានទៅក្រុម Seven Clean ទទួលបាន ១លានរៀល។

គួបញ្ជាក់ផងដែរថា ពិធីបិទការប្រកួតនេះ បានធ្វើឡើងក្រោមវត្តមានលោក ជុំ កុសល ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន ហើយលោកបានវាយតម្លៃខ្ពស់ ចំពោះការប្រកួតឆ្នាំនេះ ដែលបញ្ចប់ដោយជោគជ័យ ពិសេសមានក្រុមវ័យចាស់ចិន កូរ៉េ និងក្រុមចម្រុះជាតិសាសន៍ ១ក្រុមចូលរួមទៀតផង៕

 

អត្ថបទ៖ រីយ៉ា

មតិយោបល់