កីឡាករចំណូលថ្មីលំដាប់អន្តរជាតិមកកាន់កម្ពុជា ធ្វើឲ្យទីផ្សារដោះដូរកីឡាករ MCL 2021 កាន់តែគួរឲ្យចាប់អារម្មណ៍
មាស សុផាណារ៉ុង January 21, 2021
ភ្នំពេញ៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង, វិសាខា និងអង្គរថាយហ្គឺរ ក្នុងសប្ដាហ៍កន្លងទៅថ្មីៗនេះ បានធ្វើឲ្យកក្រើកទីផ្សារដោះដូរកីឡាករនៃលីគកំពូលកម្ពុជា បន្ទាប់ពីមានការផ្លាស់ប្ដូរសមាសភាពកីឡាករជាបន្តបន្ទាប់ ជាពិសេសការនាំចូលកីឡាករដែលធ្លាប់លេងនៅលីគដែលមានកម្រិតខ្ពស់ៗ ក៏ដូចជាការលេចលឺពាក្យចចាមអារាម នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍នេះ។
យោងតាមប្រវត្តិលេងរបស់កីឡាករចំណូលថ្មីទាំងនេះ មុនមកកាន់កម្ពុជា គឺបានប្រកបអាជីពនៅលីគបាល់ទាត់ក្នុងប្រទេសដែលមានកម្រិតបាល់ទាត់ខ្ពស់ជាងកម្ពុជាឆ្ងាយ ទាំងប្រាក់បៀរវត្ស, ភាពប្រកួតប្រជែង និងភាពទាក់ទាញនៃលីគដែលពួកគេប្រកបអាជីពជាមួយ ដែលកត្តានេះនឹងធ្វើឲ្យទីផ្សារដោះដូរកីឡាករនៅលីគកំពូលកម្ពុជា កាន់តែគួរឲ្យចាប់អារម្មណ៍ ក្នុងរដូវកាល២០២១។
- ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង៖
ក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ បានប្រកាសនាំចូលកីឡាករ ថ្មីចំនួន ៤រូប ប៉ុន្តែក្នុងនោះ ២នាក់គឺជាការនាំចូលដ៏គួរឲ្យភ្ញាក់ផ្អើល នោះគឺកីឡាករបរទេស ខ្សែការពារសញ្ជាតិអៀរឡង់ Paddy Barrett និងខ្សែប្រយុទ្ធអេស៉្បាញ Miguel Junco Martinez (ហៅ Mika) ខណៈកីឡាករទាំង ២រូបនេះមុនផ្លាស់មកស្វាយរៀង គេធ្លាប់លេងនៅក្នុងលីគលំដាប់កំពូលទាំងនៅអ៊ឺរ៉ុប និងទ្វីបអាមេរិក។
ខ្សែការពារ Paddy Barrett (២៧ឆ្នាំ) គឺជាសមាជិកថ្មីមួយរូប ដែលធ្លាប់មានបទពិសោធជោគជាំនៅអឺរ៉ុប និងនៅលីគកំពូលអាមេរិក ជាមួយក្លិប FC Cincinnati កាលពីឆ្នាំ២០១៨ និងចុងក្រោយនៅលីគទី២ អាមេរិក Indy Eleven មុនមកស្វាយរៀង។ ខ្សែការពារកម្ពស់ ១,៨៣ ម៉ែត្រ ធ្លាប់លេងនៅលីគកំពូលធំៗមួយចំនួននៅអឺរ៉ុប ដូចជា Dundalk លីគកំពូលអៀរឡង់ និងធ្លាប់លេងឲ្យក្លិប Dundee United លីគក្នុងប្រទេសស្កុតឡែន។
ដោយឡែកខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំដូចគ្នា Miguel Junco Martinez វិញជាអតីតកីឡាករថ្នាលរបស់ក្លិប Huesca ហើយក៏ធ្លាប់លេងនៅលីគកំពូលអេស្ប៉ាញ កាលពីឆ្នាំ២០១៥-២០១៦ បង្ហាញខ្លួនបាន ១ប្រកួតផងដែរ។
មុនមកដល់លីគកំពូលកម្ពុជា កីឡាកររូបនេះ បានរកគ្រាប់បាល់ ១១គ្រាប់រដូវកាលមុនឲ្យក្លិប YKK ក្នុងចំណោមការបង្ហាញខ្លួន ១៦លើក នៃលីគទី២ ហ្វាំងឡង់ ថែមទាំងជួយឲ្យក្រុមបានឡើងមកលីគកំពូល ក្នុងនាមជាក្រុមលេខ២។
- ក្លិបបាល់ទាត់វិសាខា៖
ក្លិបបាល់ទាត់វិសាខា កាលពីដើមសប្ដាហ៍បានប្រកាសជាផ្លូវការក្នុងការនាំយកអតីតកីឡាករធ្លាប់ចូលរួម និងលេងនៅលីគកំពូលអឺរ៉ុប ដូចជាលីគកំពូលអង់គ្លេស ស្កុតឡែន និងកាណាដាជាដើម នោះគឺកីឡាករ Marcus Haber ជាខ្សែប្រយុទ្ធជម្រើសជាតិកាណាដា វ័យ ៣២ឆ្នាំ។
Marcus Haber ធ្លាប់លេងនៅក្លិបមួយចំនួននៅអឺរ៉ុប គឺក្លិប West Brom នាអំឡុងឆ្នាំ២០១០-២០១១ ប៉ុន្តែដែលបានបង្ហាញខ្លួនក្នុងប្រកួតផ្លូវការឡើយ ហើយក៏បត្រូវបានខ្ចីជើងទៅកាន់ក្លិបនៅលីគទី៣ Exeter City តែក៏បង្ហាញខ្លួនបានតិចតួចផងដែរ។ នៅអ៊ឺរ៉ុប ក្លិបដែលគេជោគជ័យជាមួយ គឺក្លិប Crewe Alexandra ដែលកាលនោះលេងនៅលីគទី៣ អង់គ្លេស បង្ហាញខ្លួនបាន ៨២ប្រកួត ទាត់បញ្ចូលទីបាន ១៨គ្រាប់។
នៅចន្លោះឆ្នាំ២០១៦ ដល់២០១៩ គេបានមកលេងនៅក្លិប Dundee នៃប្រទេសស្កុតឡែន បង្ហាញខ្លួនបាន ៣៨ ប្រកួត និងរកបាន ១១ គ្រាប់ និងបន្ទាប់មកផ្លាស់មកលេងនៅប្រទេសកំណើត ពីឆ្នាំ២០១៩ ដល់២០២០ ចូលរួមជាមួយក្លិប Cavalry FC ជួយឲ្យក្លិបជើងឯកលីគកំពូលកាណាដា ថែមទៀតផង មុនសម្រេចចិត្តមកចូលរួមជាមួយវិសាខា។
- អង្គរថាយហ្គឺរ៖
ដោយឡែក ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ក៏មិនធម្មតាដូចគ្នា បន្ទាប់ពីបានប្រកាសជាផ្លូវការពីការចុះកុងត្រាយកកីឡាករ Maksim Taleyko សញ្ជាតិបេឡារូស ដែលធ្លាប់ជាជម្រើសជាតិយុវជនអាយុក្រោម ១៧ឆ្នាំបេឡារូស។
កីឡាកររូបនេះធ្លាប់ជាអតីតយុវជនថ្នាលរបស់ ក្លិបល្បីនៅបេឡារូស BATE Borisov ពីឆ្នាំ២០០៨-២០០៩ ជាពិសេសបានលេងនៅក្លិបនៃលីគកំពូលបេឡារូស ចំនួន ៧ក្លិបផ្សេងគ្នា និងលីគទី២ បេឡារូស ៣ផ្សេងគ្នា ក្នុងនោះមានក្លិបមួយដែលគេបានបង្ហាញខ្លួនជាមួយច្រើន គឺក្លិប Krumkachy Minsk ពោលគឺរហូតដល់ ៥២ប្រកួត រកគ្រាប់បាល់បាន ២គ្រាប់ ក្នុងនាមជាខ្សែបម្រើ។
ក្លិបចុងក្រោយរបស់គេមុនមកកម្ពុជា គឺក្លិប Smorgon ដែលលេងនៅលីគលំដាប់ទី២ បេឡារូស៕