ឆ្នាំ២០២១ កម្ពុជា មានអាជ្ញាកណ្ដាលកម្រិតពិភពលោក (FIFA) ៩នាក់ ដដែល
មាស សុផាណារ៉ុង January 19, 2021
ស្វីស៖ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក ហៅកាត់ថា (FIFA) កាលពីពេលថ្មីៗនេះ បានធ្វើការបង្ហាញជាផ្លូវការនូវបញ្ជីឈ្មោះមន្ត្រីអាជ្ញាកណ្ដាល និងមន្ត្រីជំនួយរបស់ប្រទេសជាសមាជិក ដែលទទួលស្គាល់ដោយ FIFA ក្នុងឆ្នាំ២០២១ ដើម្បីត្រៀមបំពេញភារកិច្ចក្នុងឆ្នាំនេះ ដោយក្នុងនោះកម្ពុជា មានសមាសភាពអាជ្ញាកណ្ដាល ៩រូបដដែល ដូចទៅនឹងឆ្នាំ២០២០។
យោងតាមការបញ្ជាក់នៅលើវិបសាយផ្លូវការរបស់ fifa.com មន្ត្រីអាជ្ញាកណ្ដាលទាំង ៩រូបនោះរួមមាន មន្ត្រីអាជ្ញាកណ្ដាលកាត់សេចក្តី (Referee) ៣រូប គឺលោក ជី សាមឌី, លោក ឃួន វីរៈ និងលោក លឹម ប៊ុនធឿន។
ដោយឡែកសម្រាប់មន្ត្រីជំនួយការអាជ្ញាកណ្តាល (Assistant Referee) មាន៥រូប រួមមាន លោក ចេង ច័ន្ទដារ៉ា, លោក គឹមស៊ី ពិសាល, លោក សៀន សុភ័ក្ត្រ, លោក សុន ច័ន្ទភារិទ្ធិ និងលោក ស៊ុន ដារ៉ាវុធ ខណៈលោក សន វីហ្ស៊ែល ជាមន្ត្រីអាជ្ញាកណ្ដាលបាល់ទាត់ក្នុងសាល (Futsal Referee)។
ដោយឡែកក្រុមមន្ត្រីអាជ្ញាកណ្ដាល ២ប្រភេទទៀត គឺអាជ្ញាកណ្ដាលក្នុងបន្ទប់វីដេអូ (Video Match Official) ពាក់ព័ន្ធនឹងប្រព័ន្ធ VAR និងអាជ្ញាកណ្ដាលលើឆ្នេរខ្សាច់ (Beach Soccer Referee) កម្ពុជា ពុំទាន់មានក្នុងកម្រិត FIFA នៅឡើយទេ។
បញ្ជាក់ថា ការទទួលស្គាល់ដោយ FIFA សម្រាប់មន្ត្រីអាជ្ញាកណ្ដាលខាងលើនេះ គឺមានន័យថា ពួកគេមានអាទិភាពក្នុងការជ្រើសរើសជាមន្ត្រីសម្រាប់បម្រើការដល់ការប្រកួតលក្ខណៈអន្តរជាតិដែលរៀបចំឡើងដោយ សហព័ន្ធបាល់ទាត់អាស៊ាន (AFF), អាស៊ី (AFC) ឬពិភពលោក (FIFA)៕