ត្បូងឃ្មុំ និងអាយអេសអាយ ដង្កោរសែនជ័យ ត្រូវការត្រឹមស្មើដើម្បីបានកោអី Top4 នៅលីគទី២ រសៀលនេះ

មាស សុផាណារ៉ុង January 19, 2021


 

ភ្នំពេញ៖ ការប្រកួតពានរង្វាន់ជម្រើសជើងឯកជាតិ លីគទី២ ‘លីគលំដាប់ទី២ កម្ពុជា’ (Cambodian Second League) រដូវកាល២០២០ នឹងបន្តការប្រកួតសប្ដាហ៍ចុងក្រោយ ដែលជាសប្ដាហ៍ទី៩ របស់ខ្លួន នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នេះ។

សប្ដាហ៍ចុងក្រោយនេះផងដែរ គេក៏នឹងអាចរកឃើញក្រុមប្រជែង Top 4 ២ក្រុមដទៃទៀតនៅរសៀលនេះ បន្ទាប់ពី ខេត្តព្រៃវែង ជាមួយក្រុមយុវជនសមាគមកីឡាកងយោធពលខេមរភូមិន្ទ (ទ័ព) អាយុក្រោម ២១ឆ្នាំ កំពុងអង្គុយរង់ចាំរួចជាស្រេច ខណៈ ត្បូងឃ្មុំ, អាយអេសអាយ ដង្កោរសែនជ័យ រួមទាំង ក្រុមយុវជនអាយុក្រោម ២១ឆ្នាំរបស់ក្លិបភ្នំពេញក្រោន នឹងត្រូវសម្រេចនៅប្រកួតចុងក្រោយនេះ ត្បិតកំពុងមានពិន្ទុប្រដេញគ្នានៅឡើយ។។

គូពិសេសថ្ងៃនេះ ក្រុមដែលនៅតំបន់កំពូលទាំង ៤ នឹងត្រូវប៉ះគ្នា ពោលគឺការប្រកួតរវាង U-21 ទ័ព នឹងតទល់ជាមួយ អាយអេសអាយ ដង្កោរសែនជ័យ ខណៈ ត្បូងឃ្មុំ ទទួល ព្រៃវែង ស្របពេលដែលទាំង ត្បូងឃ្មុំ, អាយអេសអាយ ដង្កោរសែនជ័យ ត្រូវការត្រឹមតែស្មើប៉ុណ្ណោះពីក្រុមមិនទាន់ស្គាល់ពាក្យថាចាញ់ទាំងពីរនេះ និងគូសំខាន់ៗជាច្រើនទៀតដូចខាងក្រោម៖

សូមបញ្ជាក់ថា ពានរង្វាន់ដែលរៀបចំដោយ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា មួយនេះគឺបានចាប់ផ្ដើមប្រកួតតាំងពីថ្ងៃទី០៣ ខែតុលា ប្រកួតតែមួយជើងប៉ុណ្ណោះ ដោយចំណាយពេលប្រកួត ៩សប្ដាហ៍ ស្មើនឹង ៤៥ប្រកួត មុននឹងបន្តទៅវគ្គប្រជែងជើងឯកសម្រាប់ក្រុមខ្លាំងទាំង៤ (Top 4) ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ។

ក្រុមតែមួយប៉ុណ្ណោះដែលឈ្នះជើងឯកក្នុងវគ្គប្រជែងជើងឯក នឹងទទួលបានកៅអីឡើងមកលីគកំពូលកម្ពុជា នារដូវកាល២០២១ ខណៈ ក្រុមយុវជនអាយុក្រោម ២១ឆ្នាំរបស់ក្លិបភ្នំពេញក្រោន និង ក្រុមយុវជនសមាគមកីឡាកងយោធពលខេមរភូមិន្ទ (ទ័ព) អាយុក្រោម ២១ឆ្នាំ មិនអាចឡើងមកលីគកំពូលបានឡើយ ទោះជាឈ្នះជើងឯក ឬបានលេខ២ ព្រោះពួកគេជាក្រុមឧបសម្ព័ន្ធរបស់ក្លិបភ្នំពេញក្រោន និង សមាគមកីឡាកងយោធពលខេមរភូមិន្ទ ដែលកំពុងលេងនៅលីគកំពូលស្រាប់៕

រំឭកតារាងចំណាត់ថ្នាក់៖

 

រូបភាព៖ Cambodian League 2

មតិយោបល់