សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ប្រកាសរំសាយយុវជន ១២រូបពីសាលាបាទី ជាផ្លូវការ

មាស សុផាណារ៉ុង January 15, 2021


 

ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានសន្និសីទសារព័ត៌មាន ស្តីពី ការរំសាយកីឡាករចំនួន ១២នាក់ នៃសាលាកីឡាបាល់ទាត់ជាតិបាទី ជាផ្លូវការ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សានៅសាលាកីឡាបាល់ទាត់ជាតិ ដែលមានមូលដ្ឋាននៅក្នុងខេត្តតាកែវ មួយនេះ។

យុវជនទាំង ១២រូបនោះរួមមាន រំសាយជា ២លើកផ្សេងគ្នា ដោយលើកទី១ មានយុវជន ៨នាក់ និងលើកទី២ មានយុវជន ៤នាក់ផ្សេងទៀត ដូចខាងក្រោម៖

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ដដែល អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជា បានបញ្ជាក់ថា ការឈានទៅរំសាយនេះ គឺដោយសារកីឡាករទាំង ១២នាក់បានបញ្ចប់ការសិក្សាថ្នាក់ទី១២​និងដល់កម្រិតអាយុដែលត្រូវចាកចេញ ខណៈក្នុងចំណោមកីឡាករទាំង ១២នាក់នេះ ៨នាក់ត្រូវបានបញ្ចប់ការផ្ទេរទៅកាន់ក្លិបនៅលីគកំពូលកម្ពុជា មួយចំនួនរួចរាល់ហើយ​ ដោយរង់ចាំតែការប្រកាសជាផ្លូវការពីក្លិបសាមីប៉ុណ្ណោះ ស្របពេលដែលកីឡាករ ៤នាក់ផ្សេងទៀតដែលទើបនឹងរំសាយកាលពីសប្ដាហ៍មុន ក៏មានក្លិបទាក់ទងផងដែរ និងកំពុងស្ថិតក្នុងដំណាក់កាលចចារ ជិតឈានទៅសម្រេច។

សូមរំឮកថា នេះជាការរំសាយយុវជនដែលដល់សុពលភាពនៃកិច្ចសន្យា ជាមួយ មជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទី ដែលជាសាលាបាល់ទាត់ស្ដង់ដារបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា លើកទី៣ ហើយបន្ទាប់ពី លើកទី១ កាលពីឆ្នាំ២០១៨ រំសាយយុវជន ១៦រូប និងនៅឆ្នាំ២០១៩ កន្លងទៅរំសាយយុវជន ៥រូប និងលើកទី៣​ ចំនួន ១២រូបនេះ ហើយភាគច្រើននៃពួកគេកំពុងប្រកបអាជីពនៅក្លិបមួយចំនួននៃលីគកំពូលកម្ពុជា ផងដែរ ដូចជា ក្លិបបឹងកេត, វិសាខា, អគ្គិសនីកម្ពុជា, ណាហ្គាវើលដ៍, ព្រះខ័នរាជស្វាយរៀង និងអង្គរថាយហ្គឺរ។

គួរដឹងដែរថា មជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិបាទី បានបើកឲ្យដំណើរការកាលពីឆ្នាំ២០១៣ ហើយបានប្រមូលកីឡាករ​យុវជន​ល្អៗជាច្រើន ដើម្បី​ធ្វើការ​បណ្ដុះបណ្ដាល​សមត្ថភាព​ផ្នែក​កីឡា​បាល់ទាត់ កម្រិតអាជីព ​ហើយ​ពួកគេ​នឹង​ទទួល​បានការ​សិក្សា​ទាំងភាសាខ្មែរ (ចំណេះដឹងទូទៅ) រួមជាមួយភាសាអង់គ្លេស ការស្នាក់នៅប្រកបដោយផាសុខភាព និង​ការ​បំប៉នអាហារ ថែរក្សា​សុខភាព​ គ្រប់​បែប​យ៉ាង​ទាំងអស់។

រចនាសម្ព័ន្ធ​សំណង់​នៃ​មជ្ឈមណ្ឌល ​និង​សាលា​បាល់ទាត់​ជាតិ​បាទី មាន​អាគារ​ចំនួន​១៣ ​ធ្វើ​ពី​បេតុង​ដែល​ក្នុង​នោះ​មាន​ អាគារ​ធំ​សម្រាប់​កីឡាករ​ជម្រើស​ជាតិ​ចំនួន​៣, ​អាគារ​អាហារដ្ឋាន​១, អាគារ​ផ្លាស់ប្តូរ​សម្លៀកបំពាក់​២, អគារ​ស្នាក់​នៅ​សម្រាប់​កីឡាករ​ថ្នាល​វ័យក្មេង​ ចំនួន​៦ ដែល​អាគារ​នីមួយ​ៗ​មាន​កម្ពស់ ​២​ជាន់ និង​ ៤​បន្ទប់​ ព្រម​ទាំង​មាន​អាគារ​រដ្ឋបាល​កម្ពស់ ​២​ជាន់​១​ខ្នង​ហើយ​ក្រៅ​ពី​នោះ មាន​ទីលាន​លេង​បាល់ទាត់​ធំ​ៗ​ចំនួន​៤ និង​អាង​ចម្រោះ​ទឹក​ស្អាត​១ ផងដែរ៕

 

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

មតិយោបល់