កាលវិភាគថ្មីនៃវគ្គជម្រុះបាល់ទាត់ពិភពលោក (ទ្វីបអាស៊ី) ចេញជាផ្លូវការ
មាស សុផាណារ៉ុង January 14, 2021
អាស៊ី៖ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) ថ្មីៗនេះ បានបង្ហាញពីកាលវិភាគថ្មី ដើម្បីបន្តការប្រកួតបាល់ទាត់វគ្គជម្រុះបាល់ទាត់ពិភពលោក ប្រចាំទ្វីបអាស៊ី (2022 FIFA World Cup qualification – AFC Second Round) ដែលបានលើកពេល ២ដងរួចមកហើយ។
យោងតាមកាលវិភាគថ្មីដែលរៀបចំដោយ AFC កម្មវិធីប្រកួតថ្មីដែលនៅសេសសល់ ៤ប្រកួតទៀត គ្រោងធ្វើដោយបែងចែកជា ២លើកផ្សេងពីគ្នា ពោលគឺនៅចន្លោះថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែមីនា បន្ទាប់មកមាននៅចន្លោះថ្ងៃទី០៧ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។
កាលបរិច្ឆេទថ្ងៃជាក់លាក់បានបង្ហាញយ៉ាងដូច្នេះ៖
- ប្រកួតទី៥ គឺគ្រោងនឹងធ្វើនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១
- ប្រកួតទី៦ គឺគ្រោងនឹងធ្វើនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១
- ប្រកួតទី៧ គឺគ្រោងនឹងធ្វើនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១
- ប្រកួតទី៨ គឺគ្រោងនឹងធ្វើនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១
ចំពោះការប្រកួតជុំទី២ វគ្គជម្រុះបាល់ទាត់ពិភពលោក (2022 FIFA World Cup qualification – AFC Second Round) ត្រូវបានពន្យាពេលដល់ទៅ ២លើក ដោយលើកដំបូងគឺនៅខែមីនា និងមិថុនា គម្រោងលើកទៅប្រកួតខែតុលា និងវិច្ឆិកា ឆ្នាំ២០២០ តែក្រោយមកទៀតក៏សម្រេចលើកក្នុងអំឡុងខែតុលា និងវិច្ឆិកា មកប្រកួតនៅក្នុងអំឡុងខែមីនា និងមិថុនា ឆ្នាំ២០២១ នេះសារជាថ្មីក្នុងស្ថានភាពដូចគ្នាដោយសារជំងឺកូវីដ-១៩ ខណៈក្រុមគោព្រៃកម្ពុជា នៅសល់ ៣ប្រកួតក្នុងដៃ ហើយកម្មវិធីផ្លាស់ប្ដូររួមមាន កម្ពុជា ត្រូវជួបក្រុមជម្រើសជាតិបារ៉ែន បន្ទាប់ត្រូវទទួលអ៊ីរ៉ង់ និងប្រកួតចុងក្រោយរបស់កម្ពុជា ត្រូវជួបអ៊ីរ៉ាក់ ដូចកម្មវិធីខាងក្រោម៖
- ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១: បារ៉ែន ប្រកួតជាមួយ កម្ពុជា
- ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១: កម្ពុជា ប្រកួតជាមួយ អ៊ីរ៉ង់
- ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១: អ៊ីរ៉ាក់ ប្រកួតជាមួយ កម្ពុជា
អ៊ីរ៉ាក់ គឺជាក្រុមនាំមុខគេក្នុងពូល ក្រោយប្រកួត ៥ដង មិន ១១ពិន្ទុ តាមពីក្រោយដោយក្រុមលេខ២ បារ៉ែន ចំនួន ២ពិន្ទុ (មាន ៩ពិន្ទុក្នុងដៃ) ខណៈអ៊ីរ៉ង់ ឈរនៅលេខ៣ មាន ៦ពិន្ទុ ប៉ុន្តែសល់ ១ប្រកួតក្នុងដៃ ខណៈ ហុងកុង (លេខ៤) កម្ពុជា (លេខ៥) ដែលអស់ឱកាសឡើងទៅជុំទី៣ នៃវគ្គជម្រុះបាល់ទាត់ពិភពលោក (World Cup) ទៅហើយនោះ នៅសល់ត្រឹមតែឱកាសប្រជែងធ្វើយ៉ាងណាឲ្យរួចផុតពីការប្រកួតជម្រុះពីវគ្គដំបូង (play-off round) ក្នុងពានជើងឯកអាស៊ី (AFC Asian Cup) ដើម្បីបានកៅអីមិនបាច់ជម្រុះ (បានចូលទៅវគ្គចែកពូល) តែប៉ុណ្ណោះ។
សូមបញ្ជាក់ថា ជំងឺកូវីដ-១៩ ដែលបានផ្ទុះឡើងកាលពីខែធ្នូ ឆ្នាំ២០១៩ បាននាំឲ្យការប្រកួតបាល់ទាត់ជុំវិញពិភពលោក ទាំងក្នុងស្រុក និងក្រៅស្រុកបានសម្រេចផ្អាក ក៏ដូចជាពន្យាពេលជាបន្តបន្ទាប់ ដើម្បីបង្ការការរីករាលដាលនៃវីរុសនេះ៕